rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាកាសធាតុ ប្រែប្រួល​អាកាសធាតុ បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

COP២៣ រងសម្ពាធ ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ឡើង​ខ្លាំង​ដល់​កំពូល​នៅ​ឆ្នាំ​២០១៧

media
ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​​បាន​កើន​ឡើង​ជា​ថ្មី​នៅ​ឆ្នាំ​២០១៧ REUTERS

ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​បំពុល​បរិស្ថាន បាន​ស្ទុះ​ឡើង​ជា​ថ្មី និង​ឡើង​​​ខ្ពស់​ដល់​កំរិត​កំពូល​មិន​ធ្លាប់មាន។ នេះ​ជា​ដំណឹង​ដ៏​អាក្រក់​សម្រាប់​ភពផែនដី និង​សម្រាប់ស​ហគមន៍​អន្តរជាតិ ដែលកំពុងជួបជុំ ចរចា​គ្នា​ នៅ​ក្នុង​អង្គ​សន្និសីទ​អន្តរជាតិ​នាទី​ក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់ ​ ​អាកាសធាតុ​ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​។


បន្ទាប់​ពី​មាន​​កំរិត​ថេរ​អស់​រយៈ​ពេល​បី​ឆ្នាំជាប់​គ្នា​ ពេល​នេះ បរិមាណ​ឧស្ម័ន​កាបូនិក​បំពុល​បរិស្ថាន​ ​បញ្ចេញ​ដោយ​រោងចក្រ​​ឧស្សាហកម្ម​និងចំហេះ​ថាមពល​ធ្យូងថ្ម​ បាន​ស្ទុះឡើង​ជា​​ថ្មី ក្នុង​កំរិត​ប្រមាណ​ជា​២% បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៦។ មាន​ន័យ​ថា នៅ​ឆ្នាំ​២០១៧នេះ​កំរិត​ឧស្ម័ន​កាបូនិក ក្នុង​បរិយាកាស​ បាន​កើន​ឡើង​ដល់​កំពូល​មិន​ធ្លាប់​មាន​ទេ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ក្រុម​អ្នក​ស្រាវជ្រាវ​៨០​រូប​នៃ​អង្គការ​Global Carbon Project។

ការ​បញ្ចេញ​ឧស្ម័ន​ពុល​កើន​ឡើង មិនមែន​បណ្តាល​មក​ពី​ប្រទេស​ចិនតែ​ម្នាក់​ដែល​​​មានសន្ទុះ​​កំណើន​ផលិតកម្ម​ឧស្សាហកម្មឡើង​វិញ​ទេ។ ប្រឈម​មុខ​នឹង​ការ​ឡើង​ថ្លៃ​នៃ​ឧស្ម័ន​ចំហេះ ឧស្សាហកម្មថាមពលធ្យូង​ថ្ម​អាមេរិក​បាន​កើន​ឡើង​ជា​លើក​ទី​មួយ​ នៅ​ឆ្នាំនេះ។ ចំណែក​សហភាព​អឺរ៉ុប​វិញ ក៏​មាន​សកម្មភាពមិន​សូវ​ល្អ​ដូច​ឆ្នាំ​មុនៗ ក្នុង​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​។

ជា​សរុប​ និង​ជា​ថ្មី​ម្តង​ទៀត មនុស្ស​ជាតិ​កំពុង​ដើរ​ថយក្រោយ ! របាយការណ៍​នៃ​ការ​សិក្សា​នេះ​ ជា​អំណះអំណាង​​បញ្ជាក់​កាន់​តែ​ច្បាស់ អំពី​សេចក្តី​សន្និដ្ឋានចុងក្រោយ​​របស់​ភ្នាក់ងារ​បរិស្ថាន​អង្គការ​សហប្រជាជាតិ ដែល​ថា ពិភពលោក​មិន​បាន​ប្រឹង​ប្រែង​គ្រប់គ្រាន់​​សម្រាប់​សម្រេច​កម្មវត្ថុ​​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីសទេ។ នៅ​​ក្នុង​សន្និសីទ​អន្តរជាតិ​​ឆ្នាំ​ ២០១៥ ក្រុម​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់ បាន​ចុះ​​កិច្ចព្រមព្រៀង​ ​កំរិត​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី ឱ្យ​ឡើង​ក្រោម​២អង្សា ឬ​ត្រឹម​១អង្សា​កន្លះ។

ដើម្បី​សម្រេ​ចកម្មវត្ថុ​នេះ​បាន លុះ​ណា​តែ​គេ​អាច​បញ្ឈប់​កុំ​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​កើន​ឡើង​យ៉ាង​យូរ​នៅ​ឆ្នាំ​២០២០ ហើយ​ចាប់​នាំ​គ្នា​បញ្ចុះ​កំរិត​ឧស្ម័ន​ពុល​នេះ​ឱ្យ​បាន​លឿន​បំផុត​​ទើប​បាន​។ នេះ​បើ​តាម​របាយការណ៍​ ​Global Carbon Project ដដែល។

ដំណឹង​អាក្រក់​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​សន្និសីទ​អន្តរជាតិ​​ស្តី​អំពី​អាកាសធាតុ​COP ២៣ កំពុង​ជជែក​អំពី​វិធាន​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ អំពី​តម្លាភាព​​នៃ​សកម្មភាព​​ជាតិដើម្បី​បរិស្ថាន ដែល​នឹង​ត្រូវ​សម្រេច​បង្ហើយ​នៅ​ចុង​ឆ្នាំ​២០១៨ នៅក្នុង​សន្និសីទ​លើក​ទី​២៤។ ការ​ចរចា​មាន​ភាព​ជឿនលឿន​ ប៉ុន្តែ​ពេល​វេលា​កាន់​តែ​ខោច​ហើយ។ តុល្យការ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ឆ្នាំ​២០១៧ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សន្យា​គោរព​កិច្ចព្រម​ព្រៀង​ប៉ារីស​មិន​គ្រប់គ្រាន់​ទេ ត្រូវ​ធ្វើ​ផង ហើយ​ត្រូវ​ចាប់​ធ្វើ​ឱ្យ​បាន​លឿន៕