ចុះផ្សាយនៅថ្ងៃទី • កែប្រែនៅថ្ងៃទី
មនុស្សស្លាប់យ៉ាងតិចជាង ២00 នាក់នៅក្នុងការរញ្ជួយដីមួយនៅអ៊ីរ៉ង់និងអ៊ីរ៉ាក់
ការរំជួយដីដ៏សាហាវបំផុតមួយក្នុងកំរិត៧,៣អង្សា បានវាយប្រហារនៅភាគឥសាន្តប្រទេសអ៊ីរ៉ាក់និងនៅក្នុងតំបន់ព្រំដែនអ៊ីរ៉ង់ និង តួកគី។ យោងតាមតុល្យាការចុងក្រោយ ការរំជួយដីនេះ បានបណ្តាលអោយមនុស្សស្លាប់ជាង២០០នាក់និងរងរបួសជនជាង១៧០០នាក់ ខាងអ៊ីរ៉ង់។ ចំណែកខាងអ៊ីរ៉ាក់វិញ មនុស្សស្លាប់ មានចំនួន៦នាក់។
ប្រទេសអ៊ីរ៉ង់ ត្រូវទទួលរងមហន្តរាយនៅក្នុងការរំជួយដីមួយយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃអាទិត្យទី១២វិច្ឆិកាម្សិលមិញ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ តួលេខនៃចំនួនជនរងគ្រោះ បានឡើងដល់ជាង ២០០នាក់ហើយនិងអ្នករងរបួសវិញ មានរហូតដល់ជាង១៧០០នាក់ នៅខេត្តមួយក្នុងភាគខាងលិចអ៊ីរ៉ង់និងជាប់ព្រំដែនអ៊ីរ៉ាក់។
ចំណែកទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ Irma វិញ បានអះអាងប្រាប់ថា ក្រុមជំនួយសង្គ្រោះនិងឆ្មាំបដិវត្តន៍ ក៏ព្រមទាំងកងទ័ព អ៊ីរ៉ង់ បានកែណ្ឌប្រមូលគ្នា ដើម្បីចុះទៅជួយដល់ប្រជាជនរងគ្រោះនៅក្នុងភាគខាងលិចប្រទេស។ ក៏ប៉ុន្តែ ប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារតែ ផ្លូវខ្លះៗ ត្រូវកាត់ផ្តាច់អស់បន្ទាប់ពីមហន្តរាយរំជួយដីនេះរួច។
រីឯប្រព័ន្ធវិបសៃនៃវិទ្យុនិងទូទស្សន៍រដ្ឋអ៊ីរ៉ង់វិញ ក៏បានជូនដំណឹងប្រាប់អោយដឹងដែរថា” សាលារៀននានាត្រូវបិទទ្វារនៅថ្ងៃចន្ទនេះនៅខេត្ត Ilman ភាគនិរតីប្រទេសអ៊ីរ៉ង់និងនៅខេត្តKermanshah ដែលនៅជាប់ព្រំដែនអ៊ីរ៉ាក់។
ទន្ទឹមនេះដែរ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការអ៊ីរ៉ង់ ក៏បានអំពាវនាវដល់ប្រជាជនរបស់ខ្លួន ឲ្យរក្សានូវភាពស្ងប់ស្ងាត់ ដោយបានគូសបញ្ជាក់ប្រាប់ថា ក្នុងពេលនេះ អាជ្ញាធរ បានក្តោបក្តាប់បានហើយស្ថានការណ៍នៅក្នុងតំបន់រងអន្តរាយ។ ចំណែក ការកាន់មរណៈទុក្ខ ក៏ត្រូវបានអាជ្ញាធរ កំណត់ធ្វើឡើងចំនួន៣ថ្ងៃនៅខេត្ត Kermanshah។
គួររំលឹកថា កាលពីខែធ្នូឆ្នាំ ២០០៣ ទីក្រុងប្រវត្តិសាស្ត្រនៅ Bam ភាគខាងត្បូងអ៊ីរ៉ង់ ត្រូវទទួលរងមហន្តរាយទាំងស្រុងដោយគ្រោះរំជួយដីដ៏សាហាវបំផុតមួយដែលជំនាន់នោះបានសម្លាប់មនុស្សចំនួន ៣ ម៉ឺន១ ពាន់នាក់។ ហើយនៅ ក្នុងខែមិថុនាឆ្នាំ១៩៩០ គ្រោះមហន្តរាយរំជួយដីមួយទៀតក្នុងកំរិត៧,៤អស្សានៅជិតតំបន់សមុទ្រ Capienne បានសម្លាប់ជីវិតមនុស្សជាង៤ម៉ឺននាក់ អ្នករងរបួស មានចំនួនជាង៣០ម៉ឺននាក់និងអ្នកឥតទីលំនៅជ្រកជាង៥០ម៉ឺននាក់។
ចំណែក នៅអ៊ីរ៉ាក់វិញ អាជ្ញាធរនៅខេត្ត Souleimaniyeh ក្នុងតំបន់ Kurdistan Irak វិញបានជូនដំណឹងដែរថា ជនរងគ្រោះស្លាប់នៅក្នុងការរំជួយដីកាលពីថ្ងៃអាទិត្យម្សិលមិញមានចំនួន៦ នាក់៕