អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

APEC៖ ប្រធានាធិបតី​ចិន និង​អាមេរិក មាន​ជំហរ​ផ្ទុយគ្នា​ក្នុង​រឿង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល របស់​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក APEC​បាន​បើកធ្វើ នៅថ្ងៃ​សុក្រ នេះ នៅទីក្រុង​ដាណាង​របស់​ប្រទេស​វៀតណាម ជាមួយ​នឹង​សុន្ទករថា​សំខាន់​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច អាមេរិក និង​ចិន។ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ឡើង​ការពារ​ជា​ថ្មី ពី​នយោបាយ អាមេរិក​ដំបូង​គេ។ ចំណែកប្រធានាធិបតី​ចិន លោកស៊ី ជីនពីង បាន​លើកឡើង​ពី​សារៈសំខាន់ នៃ​សកលភាវូបនីយកម្ម និង​ការដោះដូរ​ពាណិជ្ជកម្ម​សេរី នៅក្នុង​ពិភពលោក។

កិច្ចប្រជុំ​របស់​ប្រទេស​សមាជិក​អង្គការ​APEC ដែល​មាន​២១​ប្រទេស បើកធ្វើ​ពីថ្ងៃទី ១០ ដល់​ថ្ងៃទី១២​វិច្ឆិកា​នៅ​ទីក្រុង​ដាណាង​របស់​ប្រទេស​វៀតណាម
កិច្ចប្រជុំ​របស់​ប្រទេស​សមាជិក​អង្គការ​APEC ដែល​មាន​២១​ប្រទេស បើកធ្វើ​ពីថ្ងៃទី ១០ ដល់​ថ្ងៃទី១២​វិច្ឆិកា​នៅ​ទីក្រុង​ដាណាង​របស់​ប្រទេស​វៀតណាម © Anthony WALLACE / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម នៅថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ឡើង​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​ក្រុមហ៊ុន (CEO)និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិការ សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក ហៅកាត់​ថា APEC។ ប្រទេស​សមាជិក​របស់​APEC ទន្ទឹង​ចង់​បាន​ការបញ្ជាក់​ជំហរ​របស់​អាមេរិក នៅក្នុង​ការដោះដូរ​ពាណិជ្ជកម្ម​ពិភពលោក។

ដូច​នៅក្នុង​វេទិកា​អង្គការ​សហប្រជាជាតិ លោកដូណាល់ ត្រាំ និយាយ​ការពារ​នយោបាយ​អាមេរិកដំបូងគេ និង​និយាយ​បរិហារ​ពី​នយោបាយ​យកប្រៀប​របស់​ប្រទេស​ដទៃ ទៅលើ​សេដ្ឋកិច្ច​អាមេរិក កន្លងមក។ សម្រាប់​លោកដូណាល់ ត្រាំ អាមេរិក នៅក្រោម​ការដឹកនាំ​របស់​លោក​នឹង​លែង យោគយល់ អធ្យាស្រ័យ ដល់​ការរំលោភ យកប្រៀប លើ​អាមេរិក នៅក្នុង​ការដោះដូរ​ពាណិជ្ជកម្ម ដូចមុន​ទៀត​ហើយ។ អាមេរិក​នឹង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយប្រទេស​ណា​ដែល​គោរព និង​ធ្វើ​ពាណិជ្ជកម្ម​ស្មើភាពគ្នា​ជាមួយអាមេរិក​តែប៉ុណ្ណោះ។

សុន្ទរកថា ថ្លែង​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ អាច​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ចូលរួម ក្នុង​កិច្ចប្រជុំ​APEC នៅថ្ងៃ​សុក្រនេះ ខកចិត្ត ត្បិតថា លោកដូណាល់ ត្រាំ ក្នុង​នាម​ជាប្រធានាធិបតី ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ១ លើលោក គ្មាន​ទស្សនៈវិស័យ​វែងឆ្ងាយ គ្មាន​សំណើ ឬ​ការផ្តួចផ្តើម​ថ្មី សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម នោះទេ។

នៅកិច្ចប្រជុំ​កំពូល​APEC លោកដូណាល់ ត្រាំ បានបញ្ជាក់​សាជាថ្មី ម្តងទៀត ពី​ជំហរ​របស់លោក នៅក្នុង​រឿង ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម សេរី។ លោក​ដូណាល់ ត្រាំ​ទំនង​ចង់​សំដៅ ដល់​កិច្ចព្រមព្រៀង នៃ​ការដោះដូរ​សេរី អាស៊ី ប៉ាស៊ីហ្វិក​TPP ដែល​លោក​បាន​សម្រេច​ហែកចោល នៅ​តែ​បីថ្ងៃ​ក្រោយ លោក​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅ​ខែ​មករា​ដើម​ឆ្នាំនេះ។ សម្រាប់​លោកដូណាល់ ត្រាំ អាមេរិក​នឹង​លែង​ចុះ​កិច្ចព្រមព្រៀង ណា​ដែល​នឹង​ចងដៃ ចាប់បង្ខំ​អាមេរិក ឲ្យ​បោះបង់​ចោល អធិបតេយ្យភាព​របស់​ខ្លួន​​ទៀតនោះទេ។

ជប៉ុន និង​ប្រទេស​១០ផ្សេងទៀត នឹង​ប្រឹង​ឲ្យ​ចេញ​កិច្ចព្រមព្រៀង​TPP មួយ ដែល​គ្មានអាមេរិក

ការបញ្ជាក់ ពី​ផលប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក​មុនគេ របស់​លោកដូណាល់ ត្រាំ នៅថ្ងៃ​នេះ នឹង​ធ្វើ​ឲ្យ​គេ​បាន​ស្តាប់​យល់ច្បាស់ និង​ជឿជាក់ថា អាមេរិក​នឹង​លែង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ដែល​គេ​អាច​សង្ឃឹម ដោះដូរ​ពាណិជ្ជកម្ម ជាអាទិភាព​ទៀត​ហើយ។ លោកដូណាល់ ត្រាំ បាន​សម្រេច​ហែក​ចោល​កិច្ចព្រមព្រៀង ដែល​លោក​រិះគន់​ថា ជាអ្នកធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខាតបង់។ នៅពេល អាមេរិក​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង ប្រទេស​ជប៉ុន ជាដើម ដែលជាមហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​៣ និង​ជា​គូប្រជែង​របស់​ចិន នៅក្នុង​តំបន់ មិន​ចង់ ឲ្យ​កិច្ចព្រមព្រៀង​TPP នេះ​ដួលរំលំ ដែល​នឹង​ហុច​​ប្រយោជន៍​ទៅ​ឲ្យ​ចិន​នោះទេ។

ជាមួយ​នឹង​វៀតណាម និង​ប្រទេស​ចំនួន ១០​ផ្សេងទៀត ដែលបាន​ចុះកិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម សេរី អន្តរប៉ាស៊ីហ្វិក TPP ប្រទេស​ជប៉ុន កំពុង​សម្រុក​ការចរចា ដើម្បី​ធ្វើយ៉ាងណា សម្រេច​បង្កើត​ឲ្យ​បាន កិច្ចព្រមព្រៀង មួយ គ្មាន​អាមេរិក។

រឿងនេះ​អាច​ទៅរួច បើ​គេ​មើល​ពី​ការរីកដុះដាល និង​កំណើន​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី។ ប្រទេសជាច្រើន ​នៅ​អាស៊ី នាំមុខ​ដោយ​ចិន បាន​បង្វែរ ងាកទិស វិនិយោគ​របស់ខ្លួន ទៅ​នៅ​អាស៊ី និង​លែង​ចាត់ទុក​អាមេរិក​ជាទិសដៅ អាទិភាព​ដូចមុន។ តាម​អ្នកជំនាញ​មួយចំនួន អាមេរិក​ត្រូវគេ​ចាត់ទុក​ថា ជាសម្ព័ន្ធមិត្ត​ដែល​មិន​នឹងន។ ដូច្នេះ បើទោះបី​ជា​គេ​មិន​សូវ​ចូលចិត្ត យល់ស្រប​នឹង​គំរូ ដោះដូរ​ពាណិជ្ជកម្ម​របស់​ចិន ក្តី ប៉ុន្តែ ដើម្បី​រស់ គេ​ត្រូវ​ចាប់ដៃ ទទួល​យក​ចិន ដែល​កំពុង​តែ​មាន​សេដ្ឋកិច្ច​រីកសាយភាយ នៅ​គ្រប់​ច្រកល្ហក គ្រប់ទ្វីប លើ​ផែនដី។

ចិន​ទទួល​ផលចំណេញ​ច្រើនណាស់ នៅពេល​ដែល​អាមេរិក​របស់លោកដូណាល់ ត្រាំ ធ្វើ​នយោបាយ​សេដ្ឋកិច្ច រមូខ្លួន ការពារ​ផលប្រយោជន៍​ជាតិ​តែម្នាក់ឯង។ អាមេរិក​នឹង​ខាត​ប្រយោជន៍​ច្រើន​ណាស់ ព្រោះថា នៅ​មុន​ការដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង TPP គេ​វាយតម្លៃថា សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​សងខាង​ប៉ាស៊ីហ្វិក មាន​ទំហំ​ទឹកប្រាក់ តំណាង​ឲ្យ​៦០% នៃ​សេដ្ឋកិច្ច​សកល។ រដ្ឋបាល​លោកអូបាម៉ា​បាន​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះឡើង ដើម្បី​ធ្វើ​ជា​គោល បង្អែក សម្រាប់ទប់ទល់ នឹង​ការពង្រីក​វត្តមាន​របស់​ចិន នៅក្នុង​តំបន់។

ការចំអក​នៃ​ព្រហ្មលិខិត

ប្រធានាធិបតី​ចិន និង​អាមេរិក មាន​ទស្សនៈ មិន​ដូចគ្នា​ពីរឿង​ពាណិជ្ជកម្ម​សេរី។ នៅពេល​បាន​ស្តាប់​សុន្ទរកថា របស់​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន នៅ​ថ្ងៃនេះ គេ​អាច​ស្រឡាំងកាំង​ក៏​ថាបាន។ អាមេរិក ដែល​ជាប្រទេស​សេរី និង​ធ្លាប់​តែ​ការពារ​សកលភាវូបនីយកម្ម ផ្តល់​សារៈសំខាន់​ទៅលើ​ការដោះដូរ ពាណិជ្ជកម្ម​សេរី នៅពេលនេះ ស្រាប់តែ បែរ មក​បន្ទោស ទម្លាក់កំហុស​ថា អាមេរិក​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច ដោយសារ​តែ​សកលភាវូបនីយកម្ម និង​ថា ប្រទេស​ជាច្រើន​ មិន​គោរព​តាម​ច្បាប់ និង​ដើរខ្សែលើ កេងចំណេញ​ពី​សេដ្ឋកិច្ច​បើកចំហរ​របស់​អាមេរិក​កន្លងមក។

អាមេរិក នៅក្នុង​អាណត្តិ​របស់លោកដូណាល់ ត្រាំ លែង​ផ្តល់​រូបភាព​អាមេរិក សេរី ប៉ុន្តែ ជា​អាមេរិក​ដែល​ឯកោ អាមេរិក​ដែល​បិទទ្វារ ខ្ទប់​នៅ​តែម្នាក់ឯង។ នៅក្នុង​សម័យ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម នយោបាយ​បិទទ្វារ គិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​លែង​មាន​ប្រសិទ្ធិភាព​តទៅ​ទៀត​ហើយ។ ការ​ដោះដូរ និង​ចរាចរណ៍​ទំនិញ​ទូទាំង​ពិភពលោក បាន​ជួយ​ជម្រុញ​ឲ្យ​មាន​ការចែករំលែក ​ភាព​មានបាន ​ ការជឿនលឿន​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត។ អាមេរិក​ខ្លួនឯង​ក៏បាន​ទទួល​ផល​ចំណេញ​ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី​នេះ​ដែរ។

នៅ​APEC លោកដូណាល់ ត្រាំ​បាំង​ជិត​ដោយ​ទេពកោសល្យ និង​សិល្បៈ​នៃ​ការដឹកនាំ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។ គឺ ប្រមុខ​ដឹកនាំ​ចិន មកពី​ប្រទេស​កុម្មុយនិស្ត ដែល​និយាយ​ការពារ លើកឡើង ពី​សារៈសំខាន់​នៃ​ការដោះដូរ​សេរី។ សម្រាប់លោកស៊ី ជីនពីង សកលភាវូបនីយកម្ម ជានិន្នាការ​ដែល​បោះជំហាន​ទៅមុខ ដែល​គេ​មិនអាច​ត្រលប់​ថយក្រោយ​បាន។ សម្រាប់​ប្រធានាធិបតី​ចិន សកលភាវូបនីយកម្ម​បាន​ជួយ​អូសទាញ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ។ ផ្ទុយ​ពី​ប្រធានាធិបតី​អាមេរិក ដែល​រមូខ្លួន លោកស៊ី ជីនពីង​ឯណោះវិញ បាន​បញ្ជាក់​ពី​នយោបាយ​បើកដៃ ទទួល​ស្វាគម បរទេស​ទៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ចិន។ ជាក់ស្តែង នៅ​ថ្ងៃ​សុក្រ​នេះ ចិន​ទើប​បាន​ប្រកាស​បើកចំហរ​ឲ្យ​ក្រុមហ៊ុន​បរទេស​អាច​ចូលទៅ​ដាក់ទុន​វិនិយោគ​បាន​ច្រើន​ជាងមុន នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ចិន ជាពិសេស​ធនាគារ ដែល​រហូតមកដល់​ពេលនេះ កាន់កាប់ ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ