អានតួអត្ថបទ

ហ្វីលីពីន​កប់គម្រោង​សំណង់​នៅសមុទ្ទ​ចិន​ខាងត្បូង ក្រោយ​ការតវ៉ា​របស់​ប៉េកាំង

ប្រធានាធិបតី​ហ្វីលីពីន​ លោក ឌុយទែរតេ បាន​ប្រែ​ចិត្ត​បោះបង់​ចោល​គម្រោង​សាងសង់​ជម្រក​អ្នក​នេសាទ​នៅ​លើកោះ​​ខ្សាច់​ នៃតំបន់​​​ប្រជុំ​កោះជាប់​ជម្លោះ​​ស្ព្រាតលី ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ សេចក្តីសម្រេចចិត្តដក​ថយ​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉េកាំង​បាន​សម្តែង​កំហឹង​​​ និង​ធ្វើ​ការ​តវ៉ា​ប្រឆាំង។

កោះ​Thitu នៃ​តំបន់​ប្រជុំ​កោះ​Spratleys
កោះ​Thitu នៃ​តំបន់​ប្រជុំ​កោះ​Spratleys AFP PHOTO / POOL
ផ្សាយពាណិជ្ជកម្ម

យោធា​ហ្វីលីពីន​បាន​ដឹក​ជញ្ជូន​បំពង់​ឬស្សី​និង​សម្ភារៈ​សំណង់​ផ្សេងៗ​ទៅ​ដល់​ទី​ទួលដី​ដុះ​​ខ្សាច់​ ជិត​តំបន់​ប្រជុំ​កោះជាប់​ជម្លោះ​​​ស្ព្រាតលី​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូងហើយ ដើម្បី​សាង​សង់​ផែ​ជា​ជម្រកសម្រាប់​អ្នក​នេសាទ។ កោះ​ខ្សាច់​​ដុះ​ថ្មី​នេះ​​​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៤៦០០​ម​ពី​កោះ​ Thitu កោះ​ដ៏​ធំ​ជាង​គេ​បំផុត​នៃ​ប្រជុំ​កោះ​ស្ព្រាតលី​ ដែល​ហ្វីលីពីន​មាន​កង​ទ័ព​មួយ​ក្រុម​តូច ​នៅ​ប្រចាំ​ការ។

ប៉ុន្តែ​ការដ្ឋាន​សំណង់​មិន​ទាន់​ចាប់​ផ្តើម​​​ផង ភាគី​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង ប្រធានាធិបតី​ ឌុយទែរតេ ក៏​បាន​ចេញ​បញ្ជា​ឱ្យ​ទាហាន​ហ្វីលីពីន​ ដក​ថយ ប្រមូល​សម្ភារៈ​ត្រលប់​ក្រោយ​​វិញ​ភ្លាម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ហ្វីលីពីន​នៅ​ក្នុង​វេទិកា​សន្តិសុខ​តំបន់។ លោក​រដ្ឋមន្ត្រី​បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​បារាំង​ថា លោកប្រធានាធិបតី​​ ឌុយទែរតេ សម្រេច​ចិត្ត​បែបនេះ​ក្រោយ​ពី​ដឹង​ថា​​ហ្វីលីពីន​និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​មិន​សាងសង់​អ្វី​ទាំង​អស់​លើ​កោះ​ដុះ​ថ្មី​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។

ចិន​តែង​ចាត់​ទុក​សមុទ្ទចិន​ខាង​ត្បូង​ជា​ដែន​ដី​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​យក​ផែនទី​ចិន​គូស​ឆ្នាំ​១៩៤០​ មាន​គំនូស​ដាច់ៗ​៩​ចំណុច​ជា​សំអាង។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉េកាំង​បាន​​​ដឹកនាំ​នយោបាយ​ឈ្លានពានធ្វើ​អាណានិគម​កិច្ច​លើ​តំបន់​កូន​កោះតូចៗ​ តាមរយៈ​ការ​សាងសង់​សំណង់​ធំៗ​ជា​កំពង់ផែ ជា​កន្លែង​ចុះ​ថត​យន្តហោះ និង​ក្នុង​បំណង​សន្តិនិយម។

ប៉ុន្តែ​សម្រាប់​ វៀតណាម ព្រុយណេ តៃវ៉ាន់ ម៉ាឡេស៊ី​ និង​ហ្វីលី​ពីន ដែល​ជាប់​ជម្លោះ​ជាមួយ​ចិន​ ​យល់​ថា​សេរីភាព​នៃ​ចរាចរណ៍​ផ្លូវ​សមុទ្ទ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ជា​តំបន់​យុទ្ធសាស្ត្រ​ កំពុង​រង​ការ​គំរាម​កំហែង។ ហ្វីពីលីន​ធ្លាប់​ដើរ​តួ​ប្រឆាំង​នឹង​នយោបាយ​វាត​ទី​របស់​ចិន​ខ្លាំង​​ជាង ក្នុង​សម័យ​ប្រធានាធិបតី​មុន ដោយ​បាន​​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​រហូត​បាន​ឈ្នះ កាលពី​ឆ្នាំ​២០១៦។ តែ​​​លោក ឌុយទែរតេ​ ជ្រើសរើស​ការ​ស្រុះស្រួល​ជាមួយ​ចិន ជា​ថ្នូរ​នឹង​ជំនួយវិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ជាជាង​អនុវត្ត​សាលក្រម​ដែល​ធ្វើ​ឱ្យ​ប៉េកាំង​មិន​សប្បាយ​ចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ