អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក-អូតង់

រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​​អាមេរិក​​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អូតង់​​​នៅ​​​​ព្រុចសែល​​​​

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក James Mattis ដែលកំពុង​​ស្ថិត​នៅ​ទីក្រុង​ព្រុចសែល​​​​ប្រទេស​​បែលហ្សិក​​តាំង​​ពី​​ថ្ងៃ​ពុធ​ម្សិលមិញ​​រហូត​​ដល់​​ថ្ងៃ​ព្រហស្បតិ៍​នេះ  បាន​ជួប​ពិភាក្សា​​គ្នា​ជាមួយ​នឹង​សម្ព័ន្ធមិត្រ​អូតង់​ ​​​នៅ​លើ​សំណុំរឿង​ដ៏​ក្តៅ​គគុក ដូច​ជា​បញ្ហា​អាហ្វហ្កានីស្ថាន កូរ៉េ​ខាង​ជើង រុស្ស៊ី​ ​ស៊ីរី ​និង​​ការប្រយុទ្ធប្រឆាំងទល់នឹង​អង្គការរដ្ឋអ៊ីស្លាម​។​

រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​​អាមេរិក​​លោក James Mattis​ ចូលរួម​​ក្នុង​​សន្និសីួទ​​​សាព័ត៌មាន​​មួយ​​​​នៅ​​​ ​Helsinki​ ប្រទេស​ Finland ថ្ងៃទី​៧វិច្ឆិការ​​២០១៧​
រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​​អាមេរិក​​លោក James Mattis​ ចូលរួម​​ក្នុង​​សន្និសីួទ​​​សាព័ត៌មាន​​មួយ​​​​នៅ​​​ ​Helsinki​ ប្រទេស​ Finland ថ្ងៃទី​៧វិច្ឆិការ​​២០១៧​ Reuters
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​នៅ​ទីក្រុង​ព្រុចសែល​ប្រទេស​បែលហ្សិក​​​​តាំង​ពី​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​​នៅ​ខណៈ​ពេល​​ដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កំពុង​បំពេញ​ទស្សនកិច្ច​​យ៉ាង​យូរ​ថ្ងៃ​នៅ​ក្នុង​តំបន់​អាស៊ី​ ​ក្នុង​បរិបថ​នៃ​​ភាព​តានតឹង​យ៉ាង​ខ្លាំងក្លា​មួយ ​ជាមួយ​នឹង​​កូរ៉េ​ខាង​ជើង​​ចាប់​តាំង​ពី​រដូវក្តៅ​នេះ បន្ទាប់ពី ព្យុងយ៉ាង បាន​ធ្វើការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ថ្មីៗ​​និង​​​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មក។

នៅ​រាត្រី​​ម្សិលមិញ​​នា​ឱកាស​ទទួលទាន​អាហារ​​យប់​​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក James Mattis ​​ ​នៅ​​ចំពោះ​មុខ​សមភាគី​ទាំង​២៨​ប្រទេស​នៃ​អង្គការ​​អូតង់​ បានថ្លែង​​លើក​បញ្ជាក់​​អំពី​ការ​គំរាម​កំហែង​​ពិភពលោក​​ដែល​​​បង្ក​​ឡើង​ដោយ​​របប​​លោក​ Kim Jong-Un ។​​

លោក Jens Stoltenberg ដែល​ជា​អគ្គ​លេខាធិការ​អង្គការ​អូតង់វិញ​​ ​កាលពី​យប់​ម្សិល​មិញ​​ ក៏​បាន​អំពាវនាវដែរ សុំ​​អោយ​​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អូតង់​ដែល​​មក​ជួប​ជុំ​គ្នា​នា​​ពេល​​នេះ រួបរួម​កម្លាំង​គ្នាជាធ្លុងមួយ​ ដើម្បី​​បង្កើន​​ការ​​ដាក់​​សម្ពាធ​​អោយ​​កាន់តែ​​ធ្ងន់ធ្ងរ​ទៀត​​​​​​ទៅ​លើ​កូរ៉េ​ខាង​ជើង ​នៅ​ចំពោះ​មុខ​​ឥរិយាបទ​ខ្វះ​​ការ​​ប្រុងប្រយ័ត្ន​​របស់​ខ្លួន។

​លើសពីនេះ បញ្ហា​​រុស្ស៊ី​ដែល​​ពាក់ព័ន្ធ​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន​និង​អធិករណ៍​នៅ​ស៊ីរី រួម​ទាំង​ការ​ជ្រៀតជ្រែក​នៅ​នា​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាមេរិក​ដើម្បី​ជួយ​អោយ​លោក Donald Trump បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នោះ ក៏ត្រូវ​​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​​នៃ​​កិច្ច​​ពិភាក្សាគ្នា​​នា​​ពេល​​នេះ​។

គួរបញ្ជាក់ដែរថា ​​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោកស្រី​ Federica Mogherini ​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​មក​ចូល​រួម​នៅ​ក្នុង​ការ​ទទួលទាន​អាហារ​នាពេល​យប់​នោះ​ដែរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់ ត្រូវ​ជូន​ដំណឹង​អំពី​​​ការ​ពង្រឹង​​លើ​​បេសកកម្ម​​របស់​​ខ្លួន​​នៅ​​ក្នុង​​ប្រទេស​​អាហ្វហ្កានីស្ថាន ដើម្បី​​ជា​​សញ្ញា​​គាំទ្រ​សម្រាប់​​យុទ្ធសាស្រ្ត​​ថ្មី​​នៅ​​ក្នុង​​ប្រទេស​​នេះ​។​ គួរំលឹក​ថា យុទ្ធសាស្ត្រ​​ថ្មី​សម្រាប់​ប្រទេស​អាហ្វហ្កានីស្ថាន​​​នេះ​ ​ធ្លាប់​ត្រូវ​​បាន​លោក​ប្រធានាធិបតី Donald Trump​ ជូនដំណឹង​កាល​ពី​​រដូវ​​ក្តៅ​​ឆ្នាំ​​មុនដែរ។

សូម​បញ្ជាក់​ថា ការ​​រួម​ប្រជុំ​គ្នា​មួយ​ទៀត​របស់​សម្ព័ន្ធមិត្ត​​អូតង់ ​​គឺផ្តោតទៅលើ​​​ការ​​ប្រយុទ្ធ​ប្រឆាំង​​ទល់​​​នឹង​​អង្គការ​​រដ្ឋ​​អ៊ីស្លាម​​ជីហាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ