អានតួអត្ថបទ
ឥណ្ឌា

ទីក្រុង​​ញូដែលី​​ដ៏​ធំ​​របស់​​ឥណ្ឌា​​​​ប្រឈមមុខ​​នឹង​​ផ្សែង​អ័ព្ទ​ពុល​​​ដ៏​ខ្លាំង​​​​​ក្លា​

ទីក្រុង​ញូដែលី​ ដ៏​ធំ​ របស់​​ប្រទេស​ឥណ្ឌា ​កំពុង​​ប្រឈម​មុខនឹង​ការ​បំពុល​បរិយាកាស​យ៉ាង​ខ្លាំងក្លា ​តាំងតែពីម្សិលមិញ​​រហូតមកថ្ងៃពុធនេះទៀត ​ ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្នុងទីក្រុង​ សម្រេច​ចិត្ត​ ​​បិទ​ទ្វារ​​សាលា​បឋម​សិក្សា​​​។

រថយន្ត​​បើកបរ​​ឆ្លង​កាត់​​ផ្សែង​អ័ព្ទ​ពុល​​​ដ៏​ខ្លាំងក្លា​​​នៅ​ក្នុង​​​រដ្ឋធានី​​ដេលី​​ប្រទេស​​ឥណ្ឌា​​ថ្ងៃ​​ទី​​ ៨​ ​ខែ​​វិច្ឆិកា​​ឆ្នាំ​ ​២០១៧​​
រថយន្ត​​បើកបរ​​ឆ្លង​កាត់​​ផ្សែង​អ័ព្ទ​ពុល​​​ដ៏​ខ្លាំងក្លា​​​នៅ​ក្នុង​​​រដ្ឋធានី​​ដេលី​​ប្រទេស​​ឥណ្ឌា​​ថ្ងៃ​​ទី​​ ៨​ ​ខែ​​វិច្ឆិកា​​ឆ្នាំ​ ​២០១៧​​ REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ញូដែលី​​​​ដែល​មាន​ប្រជាជន​រស់​នៅ​​​ជាង ២០​លាន​នាក់ កំពុង​ប្រឈម​មុខ​នឹង​​​ការ​បំពុល​​បរិយាកាស​យ៉ាង​ខ្លាំងក្លា​​​​នា​រយៈពេល​​២​​​ថ្ងៃ​​ជាប់ៗ​​គ្នា​​ ដោយសារ​តែ​ទីក្រុង​ ត្រូវ​គ្រប​ដណ្តប់​​ទៅ​ដោយ​ស្រទាប់​ឧស្ម័ន​ពុលព័ណ៌​ប្រផេះ​។​

នៅ​​​ក្នុង​ដង​ផ្លូវ​​​​រដ្ឋធានី​ឥណ្ឌានេះ ប្រជាជន​​​​​អ្នក​ថ្មើរ​ជើង បានខិតខំ​​​​​យក​ក្រណាត់​មក​រុំ​មុខ​មាត់​​របស់​ពួក​គេ ដើម្បី​​ការពារ​សុខភាព​ ​ប្រឈម​មុខ​នឹង​អាកាសធាតុ​​ពុល​​​នេះ។ អាកាសធាតុ​ពុល​នេះ បាន​វាយលុក​​រហូត​ទៅ​​ដល់​​​​​រន្ធ​​មេត្រូ​រថភ្លើង​ក្រោម​ដី​ដ៏​ទំនើប​របស់​ឥណ្ឌាទៀតផង។​​

អ្នក​លក់​ទឹក​តែ​ឥណ្ឌា​មួយ​រូប បាន​អះអាង​ប្រាប់​ដល់​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ថា” កាល​ពី​ឆ្នាំ ១៩៨៤ នៅ​ពេល​ដែល​គាត់​ធ្វើដំណើរ​មក​ដល់​ទីក្រុង Delhi ​ទីក្រុង​នេះ មាន​ខ្យល់​អាកាស​​​​​បរិសុទ្ធ តែ​ឥឡូវ​នេះ ចាប់​តាំង​ពី​ម៉ោង​៤​ភ្លឺ​ទៅ គាត់​លែង​មើល​​ឃើញ​​អ្វី​ទាំង​អស់​។ ​ភាព​ងងឺត​សូន្យសុង​​នេះ យោងតាម​សាក្ស៊ី​ដដែល គឺ​​​​ពុំមែន​បណ្តាលមក​ពី​​​អ័ព្ទ​នោះ​ទេ តែ​ ​គឺ​​​ជា​​​ផ្សែង​ពុល​​ដែល​ នឹងធ្វើ​ឲ្យ​ប្រជាជននៅញូដែលី ​​កើត​​ជម្ងឺ​អ្វីមួយ​​​ជា​មិន​ខាន។​

ទន្ទឹមនេះ ​អាជ្ញាធរ​ក្រុង បានចេញ​បទ​បញ្ជា ​​អោយ​បិទ​ទ្វារ​សាលា​បឋម​សិក្សា​នៅ​ថ្ងៃ​ពុធ​នេះ​ ​ជម្រុញ​អោយ​កុមារ ​ញូដែលី​​ជាង​​២​​លាន​​នាក់​ ត្រូវ​​ខកខានទៅសាលារៀន​​និង​ស្ថិត ​នៅ​​ក្នុង​ផ្ទះ​​របស់​ពួកគេ។

ដោយសារ​ការបំពុលបរិយាកាសខ្លាំងនៅ​​រដូវ​ស្លឺកឈើ​ជ្រុះ​និង​នៅ​រដូវ​រងារ ​នៅ​​​ទីក្រុង​ញូដែលី​នេះហើ​យ​ ទើប​​​​អង្គការ OMS ឬ​អង្គការ​សុខភាព​ពិភពលោក ​បាន​ដាក់​ចំណាត់​ថ្នាក់​​ទីក្រុង​ញូដែលី​នៅ​ក្នុង​ឆ្នាំ ២០១៤ ថា​ជា​ទីក្រុងមួយ​ដែល​​បំពុលបរិយាកាស​ដ៏​​ខ្លាំងក្លា​​ជាង​​គេ​​បំផុត​នៅ​លើ​លោក។

មួយវិញទៀត ​អាកាសធាតុ​ត្រជាក់​ខ្លាំង​និង​​ ​អវត្តមាន ​ខ្យល់​អាកាសល្អ បាន​បង្កអោយ​ឧស្ម័ន​ពុល​​ដែល​សាយភាយ​​ចេញ​ពី​រថយន្ត ឬ​ រោងចក្រ​និង ​រោងចក្រ​អគ្គីសនី ​ ​ស្រោប​ជាប់​​នៅ​​​លើ​​ដី​ មិនងាយរលាយរលត់បាត់ឡើយ​​​ ហើយ​សាធាតុ​ពុល​នេះ ក៏​ជាកត្តាមួយ​​​​អាច​បង្កឡើង​​​ជាជម្ងឺ​ ដូចយ៉ាង​​ជម្ងឺ ​បេះដូង និង​ជម្ងឺ​មហារីក​សួតជាដើម​។

មួយវិញទៀត ការ​បំពុល​បរិយាកាសនេះ​ ក៏​​​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចំបងមួយ​​​សម្រាប់ ឥណ្ឌា ដែល​ជាប្រទេសមួយមាន​​ប្រជាជន​រហូតទៅដល់​ជាង ១ ពាន់លាន៕​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ