អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទអាកាសធាតុ​COP២៣ បើកទ្វារ​ក្នុង​អារម្មណ៍​ចាញ់​មុន​ប្រយុទ្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទអង្គការ​សហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ លើក​ទី​២៣ ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី ៦​វិច្ឆិកា​ នៅ​ក្រុង​ ប៊ន​ប្រទេស​អាល្លឺម៉ង់។ នេះ​ជា​សន្និសីទអន្តរជាតិ​​លើក​ទី​មួយ​ដែល​​ដឹកនាំ​ដោយ​​ប្រទេស​ជា​រដ្ឋកូន​កោះ​តូច​មួយ​ Fidji និង​ក៏ជាការ​ចូល​រួម​​ជា​លើក​ទីមួយ​ដែរ​សម្រាប់​សហរដ្ឋ​អាមេរិក្រោម​អាណត្តិ​​របស់​លោក​ដូណាល់​ត្រាំ។ កម្មវត្ថុ​នៃ​សន្និសីទ​គឺ​ពន្លឿន​ការ​គោរព​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ ដើម្បី​កាត់​បន្ថយ​ការ​ឡើង​សីតុណ្ហភាពត្រឹម​២អង្សារ​នៅ​ឆ្នាំ​២០៣០ ​​​ប៉ុន្តែ​មហិច្ឆតា​នេះ​កំពុង​រង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង ! ភាព​​បន្ទាន់​មាន​កាន់​តែ​ខ្លាំង តែ​ការ​បញ្ចេញ​សកម្មភាព​នៅ​តែ​ស្ពឹក​ស្រពន់។ អ្នក​ឯកទេស​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​ទាញ​សញ្ញា​អាសន្ន​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ឡើង​កម្តៅ​ផែនដី !

សន្និសីទ​អង្កការ​សហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ​លើក​ទី​២៣ នៅ​ក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់
សន្និសីទ​អង្កការ​សហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ​លើក​ទី​២៣ នៅ​ក្រុង​ប៊ន ប្រទេស​អាល្លឺម៉ង់ ®REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​ស្តី​អំពី​អាកាសធាតុ​​លើក​ទី​២៣​ឬ​ COP23 នេះ ដែល​បាន​​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី ៦-១៧​វិច្ឆិកា​ នៅ​ក្រុង​ ប៊ន​ប្រទេស​អាល្លឺម៉ង់ មា​នការ​ចូល​រួម​ពី​សំណាក់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ ប្រមាណ​ជិត​២០​០​ប្រទេស រាប់​ទាំង​សហរដ្ឋអាមេរិក​មួយ​ផង។ ឆ្នាំ​នេះ ប្រទេសជា​​កូន​កោះ​ដ៏​តូច​ Fidji មាន​​កិត្តិយស​​ធ្វើ​អធិបតី​ដឹកនាំ​សន្និសីទ​នេះ​។​ ក្នុង​រយៈ​ពេល​១២​ខែ​ខាង​មុខ ហ្វ៊ីជី នឹង​អ្វើ​ជា​ប្រធាន​​ដឹកនាំ​ការ​ចរចា​ផ្សេងៗ​ ដើម្បី​អាកាសធាតុ និង​ជាពិសេស​ត្រូវ​ប្រឈម​នឹង​មហាយក្ស​អាមេរិក​ ដែល​​កាល​ពី​ខែ​មិថុនា​កន្លង​ទៅបាន​ប្រកាស​ដក​ខ្លួន​ចេញ​ពីកិច្ចព្រម​ព្រៀង​អាកាសធាតុ​ ក្រុង​ប៉ារីស។

ប៉ុន្តែ​ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​២០២០ អាមេរិក​ត្រូវ​មាន​វត្តមាន​ជានិច្ច ក្នុង​រាល់​គ្រប់​ជំនួប គ្រប់​កិច្ចពិភាក្សា​​ ឬ​សន្និសីទ​ផ្សេងៗ​។ អាមេរិក​របស់​លោក​ត្រាំ បាន​បញ្ជាក់​ជា​ថ្មី​ថា​នឹង​មក​ចូល​រួមក្នុង​សន្និសីទ​នេះ​ហើយ និង​ចូល​រួម​ធ្វើ​ការ​តស៊ូ​មតិ​ជាមួយ​គេ​ឯង​ទៀត ដើម្បី​ ក្នុង​ន័យ​ថា “ការពារ​ប្រយោជន៍​អាមេរិក” !

គ្រាន់​តែ​ថា​ ពេល​នេះ​អាមេរិក​កំពុង​ធ្វើ​​ខ្លួន​ឱ្យ​ឯកា ! ប្រទេសហត្ថលេខី​​ផ្សេង​ៗ​ទៀត ជាពិសេស​តំណាង​ក្រុម​ប្រទេស​កូន​កោះ មិន​ចង់​ឱ្យ​អាមេរិក​មក​ចូល​លូក​លាន់​ទេ ព្រោះ​បើ​គង់​តែ​នឹង​ដើរ​ចេញ​ហើយ រឿង​អី​មក​តាម​ចរចា​ទាម​យក​ប្រយោជន៍​ឱ្យ​ប្រទេស​ ដែល​តាមការពិត​ទៅ​នោះ​គឺអាមេរិក​នេះ​ឯង​ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​លំដាប់​ទីពីរ​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ចិន។

​​គ្រោះ​ថ្នាក់នៃ​ការ​ឡើង​កម្តៅ​ផែនដី ជា​ភាព​បន្ទាន់​ជាក់ស្តែង

ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិយាកាស ការ​ឡើង​កម្តៅសីតុណ្ហភាព ការ​រលាយ​ភ្នំទឹកកក​នៅ​តំបន់​ប៉ូល និយាយ​ជា​រួម ការ​ប្រែប្រួល​អាកាសធាតុ មិន​មែន​ជា​ការ​គំរាម​កំហែង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​​ទេ តែ​​គឺ​ជា​តថភាព ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​តែម្តង។

សន្និសីទ​ឆ្នាំ​នេះ មាន​កម្មវត្ថុ​ពន្លឿន​ការ​ដាក់​ឱ្យ​ដំណើរការ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​ចុះ​ហត្ថលេខា​​នៅ​ឆ្នាំ​២០១៥ នៅ​ក្នុង​សន្និសីទ​COP ២១ ដែលកំណត់​ឱ្យ​ក្រុម​ប្រទេស​ហត្ថលេខី​ទាំង​អស់​បញ្ចេញ​សកម្មភាព​ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បំពុល​បរិស្ថាន ដើម្បី​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី ត្រឹម​ពីរអង្សារ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០​។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​បើក​​សន្និសីទ​លើក​ទី​២៣​ កម្មវត្ថុ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ខ្លាំង​ណាស់។

ម្យ៉ាង​វិញ​ទៀត បើត្រឹម​តែ​​គោរព​បាន​តាម​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ក៏​សឹង​ថា​លែង​គ្រប់គ្រាន់​ សម្រាប់​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ដែរ។ ​ដើម្បី​រក្សា​កំរិត​សីតុណ្ហភាព​ភព​ផែន​ដី​ឱ្យ​ឡើង​ទាប​ជាង​ពីរ​អង្សារ គេ​ត្រូវចាប់​បញ្ចុះ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ ឧស្ម័ន​ផ្ទះ​កញ្ចក់​ យ៉ាង​ហូរ​បំផុត​នៅ​ឆ្នាំ​២០២០ ពោល​គឺ​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ តែ​សម្រាប់​ពេល​នេះ​ សូម​កុំ​និយាយ​ពី​ការ​បញ្ចុះ សូម្បី​តែ​រក្សា​កំរិត​បញ្ចេញ​ឧស្ម័ន​ពុល​ឱ្យ​នៅ​ថេរ​កុំ​ឡើង គេ​​ធ្វើ​មិន​បាន​ផង។ តាំង​ពី​ឆ្នាំ​១៩៨០​មក​ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ កើន​ឡើង​ជា​លំដាប់ និង​ដល់​កំរិត​កំពូលតែ​ម្តងនៅ​ឆ្នាំ​២០១៦​។

បើ​តាម​​របាយការណ៍អន្តរជាតិ​ និង​អង្គការ​សហប្រជាជាតិ​​ជាច្រើនទៀត ​ចេញ​ផ្សាយ​ជាប​ន្ត​បន្ទាប់ ​នារ​យៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក៏​បង្ហាញ​អំពីភាព​បន្ទាន់​នៃ ​គ្រោះ​ថ្នាក់​ បង្ក​ឡើង​ដោយ​​ការ​ឡើង​កម្តៅ​នៃភពផែនដី ៖ ការប្រែប្រួល​អាកាសធាតុ បាន​និង​កំពុង​ជះ​ឥទ្ធិពលអាក្រក់​លើ​ជីវិត​មនុស្ស​ សត្វ​ រុក្ខជាតិ​ រួច​ទៅ​ហើយ តាម​រយៈ​គ្រោះ​ធម្មជាតិ ការ​រីករាលដាល​នៃ​មេរោគ និង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ផ្សេងៗ​ទៀត​ជា​ច្រើន។

របាយការណ៍របស់​អ្នក​វិទ្យាសាស្ត្រ​អាមេរិក អនុម័ត​ដោយ​សេតវិមាន​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ពិភពលោករង​អាកាសធាតុ​ក្តៅខ្លាំង​មិន​ធ្លាប់​​មាន​ទេ​ និង​កាន់​រង​គ្រោះ​ខ្លាំង ប្រសិន​បើ​គ្មាន​ការ​បញ្ចុះ​ខ្លាំងកំរិត​ឧស្ម័នផ្ទះ​កញ្ចក់​​ទេ។

ហ្វ៊ីជី​តូច​ តែ​អាច​មាន​សម្ពាធ​ខ្លាំង?

​ភាព​បន្ទាន់​កំពុង​កា្លយ​ជា​​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​លើ​​សន្និសីទ​ស្តីអំពីអាកាសធាតុ​ឆ្នាំ​នេះ។ លោក នាយក​រដ្ឋមន្ត្រី​ហ្វ៊ីជី ដែល​ប្រទេស​រងគ្រោះ​បំផុត​មួយ​ពីការ​ប្រែប្រួល​អាកាសធាតុ និង​ដែល​ជា​ប្រធាន​សន្និសីទ​ បានថ្លែង​សុន្ទរកថា​បើក​ ស្រែក​អំពាវនាវ ស្នើ​សុំ​ជា​សមូហភាព ​ឱ្យនាំ​គ្នា​គោរព​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ បញ្ចេញ​សកម្មភាព​រួម​ដើម្បីស្រោច​ស្រង់​​​ភពផែនដី​តែ​មួយ​ របស់​យើង​គ្រប់គ្នា។​ សង្ឃឹម​ថា​សម្ពាធ​របស់​ប្រទេសដ៏​តូច​ តែ​មាន​ឥទ្ធិពល​ខ្លាំងអង្រួញ​ចិត្ត​ក្រុម​ប្រទេស​​មេ​បញ្ចេញ​ផ្សែង​ពុល​បាន​ទៅ​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ