អានតួអត្ថបទ
អាមេរិក-អាស៊ី​

លោក​​ ​Donald Trump ​​ផ្តើម​​​​ដំណើរ​​​ទស្សនកិច្ច​​​​​លើក​​​​ទីមួយ​​​​​នៅ​​​​​តំបន់​​​អាស៊ី​​​​

ប្រធានាធិបតី​​អាមេរិក​លោក​Donald Trump ចាប់​ផ្តើម​ដំណើរ​ទស្សនិច្ច​ជាលើកទី១​ ​នៅ​តំបន់​​អាស៊ី​ចាប់ពីថ្ងៃសុក្រម្សិលមិញទៅ​រហូតដល់​ថ្ងៃទី​១៤វិច្ឆិកា​ខាងមុខ​។ជា​ដំណើរ​ទស្សនកិច្ច​មួយដែលត្រូវ​បានប្រព្រឹត្តទៅ​នៅ​​​​​ខណៈពេល​​​ដែល​សភា​អាមេរិក កំពុង​ធ្វើការ​ពិភាក្សា​គ្នា​​ពី​​គម្រោង​ធ្វើ​កំណែ​ទម្រង់​ផ្នែក​សារពើពន្ធ​របស់​លោក។ ​

ប្រធានាធិបតីអាមេរិក​លោក  Donald Trump ​
ប្រធានាធិបតីអាមេរិក​លោក Donald Trump ​ ©REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោក Donald Trump ​ប្រធានាធិបតី​អាមេរិក ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​របស់​លោក​ជា​លើក​ទី​មួយ​នៅ​តំបន់​អាស៊ី​ចាប់ពី​ថ្ងៃ​សុក្រ​ទី​៣​វិច្ឆកា ដោយ​ចាប់​ផ្តើម​មុន​គេ​នៅ​​ជប៉ុន​​ កូរ៉េ​ខាង​ត្បូង​ចិន-​វៀតណាម​-និង​ហ្វីលីពីន។ ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​តំបន់​អាស៊ី​នា​ពេល​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​ដែល​សភា​អាមេរិក កំពុង​ធ្វើការ​ពិភាក្សាគ្នា​ពី​គម្រោង​ធ្វើ​កំណែ​ទម្រង់​ផ្នែក​សារពើពន្ធ​របស់​លោក និង​នៅពេល​ដែល​​អ្នក​ជំនិត​ម្នាក់​របស់​លោក​ គឺ​លោក Paul Manfort ​កំពុង​តែ​ត្រូវ​ជាប់​ចោទ​ពី​បទ​ឃុបឃិត​ជាមួយ​នឹង​បរទេស​​ប្រឆាំង​សហរដ្ឋ​អាមេរិក។ លើសពីនេះ ​ ទីក្រុង​New York ក៏ត្រូវ​​​រង​អំពើ​ភេរវកម្ម​មួយ​កាលពី​ថ្ងៃ​អង្គារទី​៣១​តុលា​មុន​​​​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៨​នាក់​។​

មួយវិញទៀត ដំណើរ​ទស្សនកិច្ច​លើក​ទី ១​របស់​ប្រធានាធិបតី​អាមេរិក​នៅ​តំបន់​អាស៊ី​នា​ពេល​នេះ ក៏​ពុំមែន​ជា​ការ​ងាយស្រួលទេ ​ចំពោះ​លោក Donald Trump​ ពីព្រោះ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​លោក​នៅ​តំបន់​អាស៊ី​ ក៏​​កំពុង​ទន្ទឹង​រង់ចាំ​​យ៉ាង​អន្ទះសារ​ដែរ​ដើម្បី​ចង់​ដឹង​ថា​តើ​សហរដ្ឋ​អាមេរិក នឹង​មាន​ជំហរ​ចង់​ជួយ​តំបន់​អាស៊ី​ជា​និរន្តភាពដែរ​ឬ​ទេ​​។​​

សូមបញ្ជាក់ថា លោក​ Donald Trump ​ត្រូវ​​ចាប់​ផ្តើម​ទស្សនកិច្ច​មុន​គេ​នៅ​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី​៥ ​រហូត​ទៅ​ដល់​​ថ្ងៃ​ទី​៧​វិច្ឆិកា ​ហើយ​​ក្នុង​ថ្ងៃ​​​នោះដែរ ប្រធានាធិបតី​អាមេរិក នឹងត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាង​ត្បូង ដើម្បី​​បង្កើត​​ ​​រណៈសិរ្ស​រួបរួម​គ្នា​មួយ សម្រាប់​​​​ប្រឆាំង​នឹង​​​ព្យុង​យ៉ាង- មុន​នឹងលោក​​បន្ត​ដំណើរ​​ទៅកាន់​​ប្រទេស​ចិន​​នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា​រហូត​ដល់​ថ្ងៃទី​១០​វិច្ឆិកា ។ នៅ​ទីនោះ​ លោក ត្រំ ក៏មាន​បំណង​​​ចង់​ធ្វើការ​បញ្ចុះបញ្ចូលផងដែរ​លោក ប្រធានាធិបតី​ចិន​លោក Xi jinping ដើម្បី​​​​ឲ្យ​លោក​ប្រកាន់​បន្ទាត់​នយោបាយ​ដ៏​តឹងរ៉ឹង​បំផុតមួយ​​​​នៅ​ចំពោះ​មុខ​កូរ៉េ​ខាង​ជើង​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ចិន​។​

នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា​នោះ​ដែរ​ លោក​ Donald Trump នឹង​ត្រូវ​ចូល​រួម​នៅ​ក្នុង​ជំនួប​កំពូល​​ (Apec) នៅ​ទីក្រុង Danang ​ប្រទេស​វៀតណាម​​។ នៅទីនោះ ប្រធានាធិបតី​អាមេរិក អាច​នឹង​មាន​ឱកាស​ជួប​ប្រាស្រ័យ​ជាមួយ​សម​ភាគី រុស្ស៊ី លោក​Vladimir Poutine​​។​

នៅទីបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី លោក​ប្រធានាធិបតី​អាមេរិក​នឹង​ត្រូវ​អញ្ជើញ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១៣​និង​ទី​១៤​វិច្ឆិកា​ខាង​មុខ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ