អានតួអត្ថបទ

រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​ទៅឥណ្ឌា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បារាំង លោកស្រី ផ្លរ៉ង់ ប៉ារលី Florance Parly កំពុងបំពេញ​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តាំង​ពី​ថ្ងៃព្រហស្បតិ៍​មក។ កម្មវត្ថុ គឺ​ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប៉ារីស និង​ញូវដាលី ជំរុញ​ការ​ចរចាលក់​​យន្តហោះចម្បាំង​រ៉ាហ្វាល់​ថ្មី​បន្ថែម​ទៀត​ផង និង​ដើម្បី​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុងផង។

យន្តហោះ​ប្រដេញ​រ៉ាហ្វាល់​បារាំង
យន្តហោះ​ប្រដេញ​រ៉ាហ្វាល់​បារាំង REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​ជា​ដៃ​គូ​ចាំ​បាច់​របស់​អាមេរិក ឥណ្ឌា​មាន​ចំណង​អតីត​កាល​ជាមួយ​រុស្ស៊ី តែ​ឥណ្ឌា​ក៏​ត្រូវ​ការ​មាន​ជម្រើស​ដៃគូ​សហប្រតិបត្តិការ​ទ្វេ​ភាគី​ច្រើន​ផ្សេង​ទៀត ហើយ​​បារាំងជា​បេក្ខជន​ដ៏​សក្តិសម​ ! ដែល​ឥណ្ឌា ក៏​មិន​ចង់​មើល​រំលង​ដែរ ព្រោះ​បារាំង​ជាប្រទេស​ដៃគូ​​ឱ្យ​ទុក​ចិត្ត និង​មាន​បច្ចេកវិទ្យាខ្ពស់​ គួរ​ជាទីពេញចិត្ត។ កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​បារាំង-ឥណ្ឌា ​មាន​ដំណើរការ​ល្អ​ណាស់ ទាំង​ខាង​វិស័យ​សន្តិសុខ​ សព្វាវុធ​ និង​ ស៊ីវិល។ នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​លោកស្រី​រដ្ឋមន្ត្រី។

បន្ទាប់​ពី​​ជំនួប​ជាមួយ​​​​សមភាគី​ឥណ្ឌានៅ​ថ្ងៃ​សុក្រ​​នេះ លោកស្រីត្រូវ​ចូល​​ជួប​ លោកនាយក​រដ្ឋមន្ត្រី ម៉ូឌី និង​ទីប្រឹក្សា​សន្តិសុខ​ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ក្នុង​តំបន់​ ដូច​ជា​បញ្ហា​ចិន កូរ៉េខាង​ជើង អាហ្វហ្កានិស្ថាន ប៉ាគីស្ថាន ...

នា​ឱកាស​នេះ លោកស្រី​រដ្ឋមន្ត្រី ក៏​ត្រូវ​ធ្វើ​ជា​អធិបតី​បើក​សម្ពោធ​សំណង់​រោង​ចក្រ​ផលិត​យន្តហោះរបស់​សហក្រុមហ៊ុន​បារាំង​​ Dassault Aviation និង​ឥណ្ឌា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​បារាំង​-ឥណ្ឌា ចែករំលែក​បច្ចេកវិទ្យានិង​វិនិយោគ​ កាលពី​ឆ្នាំ​២០១៦ ដែល​បាន​ឈាន​ដល់​ការ​ទិញ​លក់​យន្តហោះ​រាហ្វាល់​៣៦​គ្រឿង​។ យន្តហោះ​ចម្បាំង​នេះ​៣៦​នេះ​ នឹង​ត្រូវ​ប្រគល់​ឱ្យ​ឥណ្ឌា​នៅ​រវាង​ចុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២២។

ក្រៅ​អំពី​ការលក់​យន្តហោះ​ចម្បាំង ប្រតិភូ​អម​ដំណើរ​លោកស្រី​រដ្ឋមន្ត្រី កំពុង​សំលឹង​ឃើញ​ទីផ្សារ​ថ្មី​មួយ​ទៀត។ ​ឥណ្ឌា​ អតិថិជន​ដ៏​មាន​សក្តានុពល​ផ្នែក​ឧស្សាហកម្ម​សព្វាវុធ កំពុង​ត្រូវការ​ខ្លាំងដែរ គឺ​ការធ្វើ​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក ដូច​ជា​ការ​​បំពាក់​នាវា​ផ្ទុក​យន្តហោះ ឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុន​ផលិត​នាវា​ចម្បាំង​បារាំង ដែលធ្លាប់​​បាន​លក់​នាវា​មុជទឹកឱ្យឥណ្ឌា​​កាលពី​ឆ្នាំ​២០០៥ សម័យ​ឥណ្ឌា​មិន​ទាន់​ប្រកាន់​យក​នយោបាយ​ Made In India ក៏​កំពុង​ចរចា​ធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​ផលិត​នាវា​ចម្បាំង​៦​គ្រឿង​បន្ថែម​ទៀត។

បន្ទាប់​ពី​ប្រទេស​ឥណ្ឌា លោកស្រី​រដ្ឋមន្ត្រី​នឹង​បន្ត​ដំណើរ​ទៅ​អេមីរ៉ាត់អារ៉ាបរួម​ ប្រទេស​ដែល​បារាំង​បញ្ចុះ​បញ្ចូល ​លក់​យន្តហោះ​ចម្បាំង ៦០​គ្រឿង ​​​មិន​ទាន់​បានស​ម្រេចសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ