រដ្ឋាភិបាល ហ្វីលីពីន ប្រកាសបិទបញ្ចប់ប្រតិបត្តិការវាយកម្ចាត់ពួកជីហាតរដ្ឋអ៊ីស្លាមនៅម៉ារ៉ាវី
នៅហ្វីលីពីន ការវាយប្រយុទ្ធកម្ចាត់ពួកជីហាតរដ្ឋអ៊ីស្លាម ដែលចាប់ផ្តើមតាំងពី៥ខែកន្លងមកនៅម៉ារ៉ាវី បានចប់រួចរាល់ហើយ-នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីននៅថ្ងៃចន្ទទី២៣តុលានេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៤
លោក Lorenzana រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ទើបប្រកាសជូនដំណឹងនៅថ្ងៃចន្ទទី២៣តុលានេះថា”ប្រតិបត្តិការប្រយុទ្ធកម្ចាត់ពួកជីហាតរដ្ឋអ៊ីស្លាមនៅក្រុង Marawi បានបិទបញ្ចប់រួចរាល់ហើយ"។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានអះអាងទៀតថា “ពួកយុទ្ធជនអ៊ីស្លាមដែលជាសមាជិកក្រុម Maute ពុំមាននៅសេសសល់ម្នាក់ឡើយ បន្ទាប់ពីទ័ពហ្វីលីពីន បានបើកការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាលើកចុងក្រោយរួចមកនិងប្រមូលយកបានសាកសពចំនួន ៤២ នាក់ផង។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានគូសបញ្ជាក់ដែរថា" សាកសពទាំងនោះ គឺជាពួកយុទ្ធជន Mautes លើកចុងក្រោយដែលបានលាក់ខ្លួនពួនសម្ងំនៅក្នុងអគារមួយនិងបានធ្វើការបាញ់រះមកលើយោធាហ្វីលីពីន ហើយកម្លាំងហ្វីលីពីន បានបាញ់តដៃវិញ រហូតដល់បានទទួលជ័យជំនះនិងរំដោះបានថ្នូរទាំងអស់វិញ"។
គួររំលឹកថា ពួកយុទ្ធជនMautes ដែលស្មោះសរជាមួយពួកជីហាតរដ្ឋអ៊ីស្លាម ចំនួនរាប់រយនាក់ បានវាយដណ្តើមយកបានសង្កាត់ទាំងអស់នៅទីក្រុង Marawi កាលពីថ្ងៃទី ២៣ ឧសភាកន្លងទៅ និងបានយកប្រជាជនស៊ីវីលមកធ្វើជាខែលការពារពួកគេ។
ម្យ៉ាងទៀត ការជូនដំណឹងរបស់លោកប្រធានាធិបតីហ្វីលីពីន Duterte អំពីការវាយរំដោះទីក្រុង Marawi កាលពីថ្ងៃអង្គារមុន ត្រូវបានប្រព្រឹត្តទៅមួយថ្ងៃបន្ទាប់ពីការស្លាប់មេជីហាតរដ្ឋអ៊ីស្លាមនៅតំបន់អាស៊ីអាគ្នេយ៍ឈ្មោះ Isnilon Hapilon រួចមក។ ជននេះ ដែលមានឈ្មោះនៅក្នុងបញ្ជីរបស់អាមេរិក ស្ថិតនៅក្នុងចំណោមភេរវករដែលគេចង់ចាប់ខ្លួនយ៉ាងខ្លាំងបំផុតនិងត្រូវបានលោក Duterte ក៏ព្រមទាំងអ្នកវិភាគ ចាត់ទុកដូចថាជាស្តេចក្រាញ់របស់អង្គការរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ទៀតផង។
សូមបញ្ជាក់ថា ប្រជាជននៅ ក្រុង Marawi ចំនួន ៤សែននាក់ បាននាំគ្នារត់ភៀសខ្លួនពីការវាយប្រយុទ្ធគ្នា ដែលបានសម្លាប់ជីវិតប្រជាជនចំនួនជាង១ លាននាក់នៅក្នុងរយៈពេល៥ខែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ