ប្រជាជនជប៉ុនត្រៀមខ្លួនទៅបោះឆ្នោតសភា ដែលរៀបចំមុនកាលកំណត់
យុទ្ធនាការឃោសនារបស់បក្សនយោបាយ សម្រាប់ការបោះឆ្នោតសភាជប៉ុន បានបិទបញ្ចប់នៅថ្ងៃសៅរ៍ទី២១តុលា។ នៅមួយថ្ងៃមុនការបោះឆ្នោតជាតិ ដែលរៀបចំឡើង មុនកាលកំណត់ នៅថ្ងៃអាទិត្យទី ២២តុលា នាយករដ្ឋមន្រ្តីជប៉ុន លោកស្ហ៊ីនហ្សូ អាបេ មកពីគណបក្សកាន់អំណាច សេរីប្រជាធិបតេយ្យ បានសន្យាការពារជីវិត និងប្រយោជន៍របស់ប្រជាជនជប៉ុន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានលោកនាយករដ្ឋមន្រ្តីជាតិនិយមជប៉ុន ស្ហ៊ីនហ្សូ អាបេលើកទៅនិយាយច្រើន នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតសភា។ នៅចំពោះមុខក្រុមអ្នកគាំទ្រ របស់លោក នៅទីក្រុងតូក្យូ នៅថ្ងៃសៅរ៍ លោកស្ហ៊ីនហ្សូ អាបេបានឃោសនាថា មានតែរដ្ឋាភិបាលចម្រុះរបស់លោក ដែលអាចមានសមត្ថភាពការពារជីវិត និងធានាធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនជប៉ុនបានប្រសើរឡើង។
នាយករដ្ឋមន្រ្តីជប៉ុន លោកស្ហ៊ីនហ្សូ អាបេ ដែលបានប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់ ត្រូវបានគេមើលឃើញថា ជាអ្នកឈ្នះនាំមុខគេ នៅថ្ងៃឆ្នោត សភា នៅថ្ងៃអាទិត្យស្អែក។ ការស្ទង់មតិរបស់កាសែត សេដ្ឋកិច្ចជប៉ុន Nkikei បានបង្ហាញថា គណបក្សសេរីប្រជាធិបតេយ្យរបស់លោកស្ហ៊ីនហ្សូ ទំនងជានឹងអាចទទួលបានអាសនៈពី៣០០ទៅ ៤៦៥ ពីរភាគបីនៃរដ្ឋសភា គឺនាំមុខដាច់គណបក្សគូប្រជែងពីរទៀត ដូចជាគណបក្សប្រជាធិបតេយ្យ និងគណបក្សនៃក្តីសង្ឃឹមរបស់លោកស្រីចៅហ្វាយក្រុងតូក្យូ។
គេវាយតម្លៃថា ដោយសារតែព្យុះភ្លៀងខ្លាំង នៅថ្ងៃស្អែក ចំនួនចូលរួមរបស់ប្រជាជននៅថ្ងៃបោះឆ្នោត នឹងអាចថយចុះ ប៉ុន្តែ លើកលែងតែអ្នកគាំទ្រលោកនាយករដ្ឋមន្រ្តីអាបេ ដែលប្តេជ្ញាចិត្តខ្ពស់ ដើម្បីទៅបោះឆ្នោតឲ្យលោកអាបេ។
ជ័យជំនះរបស់គណបក្សសេរីប្រជាធិបតេយ្យនឹងអាចបើកផ្លូវឲ្យលោកស៊្ហីនហ្សូ អាបេ នៅបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ ២០២១ បើសិនគណបក្សបោះឆ្នោតជ្រើសរើសលោកឲ្យបន្តធ្វើជាប្រធានបក្ស នៅពាក់កណ្តាលឆ្នាំក្រោយ។ បើសិនដូច្នេះ មែន លោកស៊្ហីនហ្សូ អាបេនឹងក្លាយ ជានាយករដ្ឋមន្រ្តីលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្តជប៉ុន ដែលអាចកាន់តំណែងនេះ បានយូរជាងគេដល់ទៅ ៨ឆ្នាំ។
កាន់តំណែងជានាយករដ្ឋមន្រ្តី លោកអាបេសង្ឃឹមថា នឹងអាចកែប្រែរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដើម្បីបើកផ្លូវឲ្យកែប្រែតួនាទីរបស់កងទ័ពជាតិជប៉ុន ដែលរហូតមកដល់ពេលនេះ មាននាទីត្រឹមស្វ័យការពារ តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ