អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមាជលើកទី ១៩ ៖លោកស៊ីជិនពីង បង្ហាញ​ឆន្ទៈ​បើក​ចំហ​ចិន​ទៅ​រក​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ស្នូរ​ទះ​ដៃ​ដ៏​យូរ លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​​បើក​សមាជ​បក្ស លើក​ទី ១៩ នៅថ្ងៃ​ពុធ​ទី ១៨ តុលា​នេះ​។ ប្រមុខ​ដឹកនាំ​របប​ក្រុង​ប៉េកាំង ដែល​នឹង​ត្រូវ​សមាជ​ជ្រើសរើស​​ឱ្យ​បន្ត​តំណែង​​​ នៅ​អាណត្តិ​ទី​ពីរ តាម​ច្បាប់​​ទម្លាប់ប្រទេស បាន​ថ្លែង​សុន្ទរកថា​ ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​ការ​បើក​ចំហ​សេដ្ឋកិច្ច​ចិន​ទៅ​រក​ពិភពលោក។ តែ​សុន្ទរកថា​លោក​ ក៏​មាន​បង្កប់​ខ្លឹមសារ​ ជាតិ​និយម ខ្លាំង​ណាស់​ដែរ ដោយ​ប្តេជ្ញា​អភិវឌ្ឍន៍ចិន​​ឱ្យក្លាយ​ជា​ប្រទេស​សង្គមនិយមថ្មី​ទំនើប។

សមាជបក្ស​កុម្មុុយនិស្ត​ចិន ចាប់​បើក​នៅ​ថ្ងៃ​ពុធ​ទី ១៨​ តុលា ២០១៧
សមាជបក្ស​កុម្មុុយនិស្ត​ចិន ចាប់​បើក​នៅ​ថ្ងៃ​ពុធ​ទី ១៨​ តុលា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​សឹង​ត្រូវ​ផ្អាក​ទាំង​អស់​នៅ​ចិន សហគ្រាស​ក្រុមហ៊ុន​ឯកជនត្រូវ​បាន​សម្រាក ការ​ប្រកួត​កីឡា​ត្រូវ​ហាមឃាត់ ក្លឹប​កំសាន្ត​រាត្រីត្រូវ​បិទ​ទ្វារ​សិន​នៅ​ថ្ងៃ​នេះ មាន​តែ​ប៉ូលិស​ទេ​ដែល​បង្ហាញ​វត្តមាន​ស្ទើរ​គ្រប់​ទិសទី ... ទាំង​នេះ​គឺ ដើម្បី​ភាព​រលូន​នៃ​សមាជបក្ស​កុម្មុយនិស្ត​​ចិន ដែល​តែងតែ​​ណាត់​ជួប​គ្នា​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង។

អម​ដោយ​វត្តមាន​អតីត​ប្រធានាធិបតី​ចិនពីរ​រូប លោក ស៊ីជីនពីង បាន​ដើរ​ចូល​ក្នុង​សាល​សមាជ​ ក្នុង​ទឹក​មុខ​ញញឹម​ពព្រាយ និង​ក្រោម​​ស្នូរ​ដៃ​ទះ​ស្ទើរ​កក្រើក​សាល។ លោក បានផ្តើម​បើក​កម្មវិធី​ ជា​មួយ​នឹង​សុន្ទរកថា​ដ៏​​វែង​អន្លាយ ប្រកប​ដោយ​អត្ថន័យ​ជាតិ​និយម និង​ជួន​បែប​សំឡុត​គំរាម​ផង។

សូម​អាន ៖ សមាជបក្ស​កុម្មុយនិស្តចិន ឱកាសពង្រឹង​អំណាច​របស់​លោកស៊ីជីនពីង

បើក​ចំហរក​ពិភពលោក

នៅ​ចំពោះ​មុខ​ប្រតិភូ ​ចំនួន​២២៨០​នាក់ ក្នុង​រយៈ​ពេល​បី​ម៉ោង​កន្លះ បុរស​ខ្លាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​​បង្ហាញ​តុល្យការ​​ដឹកនាំ​ប្រទេស​រយៈ​ពេល​៥​ឆ្នាំ​ ​​របស់​លោក ! ៥​ឆ្នាំ​ប្រកប​ដោយ​ភាព​ជឿន​លឿន​ដែល​កំពុង​នាំ​ចិន​ឱ្យ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន គឺ​ចិន​​ជា​ជាតិដ៏​ធំ​។ សុបិនរបស់​លោក ស៊ីជីនពីង​ដែល​ចង់ឃើញ​​ចិន​​ជា​មហាអំណាច​ និង​កំពុង​ប្រយុទ្ធ​តស៊ូ​ ដណ្តើម​យក​ឈ្មោះ​ជា​មហាអំណាច​លំដាប់​លេខ​មួយ​លើ​ពិភពលោក។ ដើម្បី​សម្រេច​គោល​ដៅនេះ លោក ស៊ី​ ជីនពីង​បាន​តាំង​ខ្លួន​ជា​អ្នក​ការ​ពារ​សេដ្ឋកិច្ច​​ពិភពលោក​បែប​បើក​ចំហ ! ដោយ​អំពាវនាវ​ឱ្យ​ចិន​បើក​ចំហ​សេដ្ឋកិច្ច​ សម្រួល​ការ​វិនិយោគ​បរទេស ដោយ​ទីផ្សារ​ជា​អ្នក​ដើរ​តួ​សម្រេច​ក្នុង​សេដ្ឋកិច្ច ហើយ​ការ​អភិវឌ្ឍ​របស់​ចិន​មិនមែន​ជា​ការ​គំរាម​កំហែង​នរណាម្នាក់​ឡើយ។ លោក​ស៊ីជីនពីង បាន​សន្យា​ថា​ ចិន​នឹង​រក្សា​ការ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​របស់​ខ្លួន កាត់​បន្ថយ​ការ​សមត្ថភាព​ខ្លាំង​ជ្រុល​ផ្នែក​ផលិតផល​ជ្រុ និង​បន្តប្រឹង​ប្រែង​ដោះ​បំណុល​។

ជា​សរុប​ទៅ​ លោក​ស៊ីជីនពីងចង់​ធានារ៉ាប់​រងប្រាប់​ពិភពលោក​ថាចិន​នឹង​កាន់​តែ​បើក​ចំហ ហើយ​សន្យា​ផ្តល់សមភាព​ដល់​ក្រុមហ៊ុន​បរទេស​ ! បន្ត​ធ្វើ​ទំនើបកម្ម​យោធា​ ដើម្បី​ឱ្យ​កងទ័ព​ចិន​ក្លាយ​ជា​កម្លាំង​ធំជាងគេ​នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០៥០។ ប្រធានាធិបតី​ចិន ការពារ​យ៉ាង​មុះមុត​ នយោបាយ​ការពារបូរណភាព​ដែន​ដី និង​គោលការណ៍​ចិន​តែ​មួយ ដោយ​បាន​ទប់​ស្កាត់​តៃវ៉ាន់​ មិន​ឱ្យ​ទាមទារ​ឯករាជ្យ​បាន​ទេ​ នា​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ។

លោក ស៊ីជីនពីង ស្វាគមន៍​អង្ក​សមាជ
លោក ស៊ីជីនពីង ស្វាគមន៍​អង្ក​សមាជ REUTERS/Jason Lee

ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​

បើ​តាម​ប្រសាសន៍​របស់​លោកស៊ីជីនពីង ​អំពើ​ពុក​រលួយ​ជា​តំណាង​នៃ​ការ​គំរាម​កំហែង​ខ្លាំង​សម្រាប់​បក្ស​ លំដាប់​លេខ​មួយ។ ​ លោក​ប្រធានាធិបតីមាន​មោទនភាព​​ណាស់ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​នេះ ព្រោះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ​ មាន​ជនកុម្មុនិស​ជាង​១​លាន​៤​សែន​នាក់​បាន​ជាប់​សំណាញ់​​ច្បាប់។ លោក​បាន​ព្រមាន​ថា ​សំណាញ់​បង់​ចាប់​ជនពុក​រលួយ​នឹង​កាន់​តែ​ល្អិត​ ប្រតិបត្តិការ​នេះ​គ្មាន​ថ្ងៃ​បិទ​បញ្ចប់​ទេ ហើយ​កំពុង​បន្ត​សកម្មភាព​អត់​ដាច់។

នៅ​ក្នុង​សុន្ទរកថាដែល​ក៏​ជា​ឱកាស​បង្ហាញ​ទស្សនៈ​វិស័យ​ដឹកនាំចិន រហូត​ដល់​ឆ្នាំ​២០៥០ ប្រធានាធិបតី​ចិន បាន​សន្យា​បើក​សករាជ​ថ្មី​ឱ្យ​របប​សង្គមនិយម​ចិន ! ថ្វី​បើ​លោក​មាន​រស​និយម​ផ្នែក​បើក​ចំហ​សេដ្ឋកិច្ច​មែន ប៉ុន្តែ​ខាង​ផ្នែក​នយោបាយ​ លោក​បាន​ចាក់សោរ​ការពារ​ មិន​ឱ្យ​មាន​ការ​ប៉ុនប៉ង​​ បើក​ចំហ​របប​កុម្មុយនិស្ត​ឡើយ។ ប្រព័ន្ធ​នយោបាយ​​ចិន ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ជារបស់​ចិន គ្មាន​ការ​ចម្លង​ពី​ប្រទេស​ណាទេ។

លោក​បាន​អំពាវនាវ​ឱ្យ​សមាជិក​ទាំង​អស់​ការ​ពារ​​អំណាច​របស់​បក្ស និង​ប្រព័ន្ធ​សង្គមនិយម​របស់​ចិន​ ហើយ​ត្រូវ​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់​ពាក្យ គ្រប់​សកម្មភាព​ដែល​នាំ​ឱ្យ​មានការ​ប៉ះពាល់​ តែ​ត្រូវ​ហ៊ាន​ចេះ​សំឡឹង​ឆ្ងាយ បើក​ចិត្ត​ទទួល​ការ​ធ្វើ​កំណែទម្រង់ និង​ទំនើបកម្ម។ ភាព​សុខដុម ស្ថិរភាព និង​ពិសេស​ ស្មោះត្រង់​នឹង​​លទ្ធិ​សង្គមនិយម គឺ​ពាក្យ​គន្លឹះ របស់​សុន្ទរកថា។

ត្រៀម​ជើង​ព្រួល​អំណាច ?

សមាជ​នេះ​ជា​ឱកា​ស​បក្ស​កុម្មុយនិស្ត​ចិន ត្រូវធ្វើ​ការ​ជ្រើសរើសសមាជិក​​ស្ថាប័ន​ដឹក​នាំ​របស់​ខ្លួន។ មាន​កៅអី​ទំនេរ​ក្នុង​ស្ថាប័ន​កំពូល​ៗ​របស់​​ជា​ច្រើន នៅ​ទំនេរ ត្រូវ​រក​ឥស្សរជន​ថ្មី​មក​ជំនួស។ ព្រោះ​ថ្នាក់​ដឹកនាំ​ចាស់​ខ្លះ​ ត្រូវ​ចូល​និវត្តន៍ ខ្លះ​ត្រូវ​ផ្តួលកម្ចាត់​ចេញ ៖ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​៥​រូប​ក្នុង​ចំណោម​៧​រូប សមាជិក​ការិយាល័​នយោបាយ​១២​ក្នុង​ចំណោម​២៥ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​យោធា​៥​ក្នុង​ចំណោម​១១​រូប ត្រូវ​ប្តូរ។ សមាជ​​ក៏​នឹងត្រូវ​ជើស​តាំង​គណៈកម្មការ​វិន័យ​មជ្ឈិមបក្ស​ ដែល​លោក​ស៊ីជីនពីង​ផ្តល់​តម្លៃ​ឱ្យ​ខ្លាំងណាស់។

ប៉ុន្តែ​ ​តាម​ការ​ពិត​ទៅ កម្មវត្ថុ​គោលចុង​ក្រោយ​​នៃ​សមាជ​នេះ គឺ​ការ​រៀប​ជើង​ព្រួល “ស្ថិរភាព​នៃ​អន្តរកាល​នយោបាយ” ! សមាជ​ត្រូវ​រៀប​ចំ​ឡើង​ ទៅ​តាម​ក្បួន​ច្បាប់ តែ​ជា​​ផ្លូវការ​ ឬ​មិន​ផ្លូវការ​ ដើម្បី​បញ្ចៀស​​កុំ​ឱ្យ​មាន​ហេតុការណ៍​អ្វី​មួយ​​កើត​ឡើង​បាន​ដោយ​ឥត​គ្រោង​ទុក ដោយ​តក់​ក្រហល់ ឬ​ដោយ​ផែនការសម្ងាត់ ព្រោះ​វា​ជិត​ដល់​ពេល​ ដែល​ចិនត្រូវ​គិត​គូរ​ស្វែង​រក​អ្នក​បន្ត​តំណែង​​ថ្មី​ហើយ។ ម្យ៉ាង​វិញ​ទៀត​ នា​ឱកាស​សមាជ​នេះ បក្ស​គ្រោង​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ស្តី​អំពី​ការ​បញ្ចូល​គោល​គំនិត​នយោបាយ​បែប​ស៊ីជីនពីង ពោល​គឺ​ការ​លើក​កិត្តិយស​ឱ្យ​លោក​ស៊ីជីនពីង ឱ្យ​ស្មើ​នឹង​ប្រមុខ​មៅសេទុង និង​តេង ស៊ាវពីង ដែល​ពុំ​ធ្លាប់​ផ្តល់​ឱ្យ​​ប្រធានាធិបតី​ចិន​ផ្សេង​ណា​ទៀត​ឡើយ។ ​

ឯ​ការ​កំរិត​អាយុ​ឥស្សរជនអាច​ចូល​ក្នុង​គណៈកម្មការ​នយោបាយ​​ត្រឹម​៦៨​ឆ្នាំ ទំនង​ជា​ត្រូវ​រលុប​បាត់​ផង ក្រោយ​ការ​បិទ​បញ្ចប់​សមាជ​លើក​ទី​១៩​នេះ​ផង។ នេះ​តាម​ការ​កាត់​យល់​អំពី​បំណង​របស់​​លោក​ស៊ីជីនពីង​ ព្រោះ នៅ​ឆ្នាំ​២០២២ លោក​នឹង​មាន​អាយុ​៦៩​ឆ្នាំ ដូច្នេះ​លោក​មិន​អាច​ក្លាយ​ជា​សមាជិក​គណៈកម្មការ​​ការិយាល័យ​នយោបាយ​ទេ។ អញ្ចឹង​គឺ​មាន​តែ​ដើរ​តាម​ក្បួន​លោក​ពូទីន អស់​តំណែង​ប្រធានាធិបតីមែន តែ​ត្រូវ​រិះរក​វិធី​​ចូល​ក្នុង​ស្ថាប័នបក្ស​​ដែល​មាន​អំណាច​ពិត​​ខាង​នាំ​ប្រទេស ទើប​រក្សា​អំណាច​បាន​យូរ​អង្វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ