អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​មាន​មនុស្ស​ស្លាប់​ជាង ១ ០០០នាក់​នៅ​ក្នុង​​ប្រតិបត្តិសឹក​នៅ​ម៉ារ៉ាវី

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន កងទ័ព​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៥ តុលា​នេះ​ថា ប្រតិបត្តិការសឹក​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី២៣ ឧសភា​ដើម្បី​រំដោះ​ក្រុង​ម៉ារ៉ាវី​ពី​កណ្តាប់​ពួក​ជីហាត​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ០០០នាក់។ ជា​ថ្មី​ម្តង​ទៀត សេចក្តីប្រកាស​របស់​កងទ័ព​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី១៥ តុលា​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​គាស់រំលើង​ពួក​ជីហាត​ទាំង​អស់​ចេញ​ពី​ម៉ារ៉ាវី​ដែល​ជា​ក្រុង​ប្រជុំ​ជនទី៤ របស់​ហ្វីលីពីន​ស្ថិត​ប៉ែក​ខាង​ត្បូង។

កងទ័ព​ហ្វីលីពីន​កំពុង​ឈរ​ជើង​ក្នុង​ក្រុង​ម៉ារ៉ាវី
កងទ័ព​ហ្វីលីពីន​កំពុង​ឈរ​ជើង​ក្នុង​ក្រុង​ម៉ារ៉ាវី REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​កងទ័ព​ហ្វីលីពីន​បាន​ផ្តើម​យុទ្ធនាការ​សឹក​ដើម្បី​រំដោះ​ក្រុង​ម៉ារ៉ាវី​ចេញ​ពី​កណ្តាប់ដៃ​ពួកជីហាត​ក្នុង​ថ្ងៃទី២៣ ឧសភា​មក នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​កងទ័ព​ហ្វីលីពីន​បាន​បង្ខំចិត្ត​កំណត់​យក​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ​ដើម្បី​បិទបញ្ចប់​យុទ្ធនាការ​របស់​ខ្លួន។ តែ​ទីបំផុត ការ​កំណត់​នោះ​តែងតែ​បាន​ពន្យា​ពេល​ម្តង​ជា​ពីរ​ដង​ដោយសារ​តែ​ពិបាក​ទប់ទល់​នឹង​ការ​ប្តេជ្ញាចិត្ត និង​ការ​តស៊ូយ៉ាង​ស្វិតស្វាញ​មិន​រាថយ​របស់​ពួក​ជីហាត។ ទោះ​បី​ជា​ប្រជាជន​ភាគច្រើន​បាន​ចាកចេញ​ពី​ក្រុង​ម៉ារ៉ាវី​ក៏​ដោយ ក៏​កងទ័ព​នៅ​មិន​ទាន់​អាច​ចូល​ទៅ​បោះទីតាំង​កាន់កាប់​ទាំង​ស្រុង​បាន​ដែរ។

នៅ​ថ្ងៃ​អាទិត្យ ទី១៥ តុលា​នេះ ទ័ពអាកាស និង​ទ័ព​ថ្មើរជើង​បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ដោយ​សង្ឃឹម​ថា ជា​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​រំដោះ​ក្រុង​ម៉ារ៉ាវី​ទាំង​ស្រុង​ពី​កណ្តាប់ដៃ​ពួកជីហាត។ លោក​ឧត្តមសេនីយ Romeo Brawner បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ប្រតិបត្តិការ​សឹក​តាំង​ពី​ថ្ងៃទី២៣ ឧសភា​មក​ដល់​ពេល​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ពួកជីហាត ៨២២នាក់ ទាហាន និង​ប៉ូលិស​ចំនួន ១៦២នាក់ និង​ជនស៊ីវិល​ចំនួន ៤៧នាក់។ លោក Romeo បាន​បន្ថែម​ថា ប្រតិបត្តិការ​សឹក​នា​ថ្ងៃ​សៅរ៍ ទី១៤ តុលា​បាន​បណ្តាល​ឲ្យ​របួស​ទាហាន ២០នាក់។

តាម​ឧត្តមសេនីយ Romeo ដដែល មាន​សកម្មជន​ចំនួន ៤០នាក់​កំពុង​បន្ត​លាក់ខ្លួន និង​មាន​ជនស៊ីវិល​ប្រមាណ​ជា ១០០នាក់​កំពុង​ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួកជីហាត​ដែល​ក្នុង​នោះ ក៏​មាន​ចំណាប់ខ្មាំង រួម​ទាំង​ក្រុមគ្រួសារ​របស់​ពួកជីហាត​ផង​ដែរ។ នៅ​សប្តាហ៍​កន្លង​ទៅ មេបញ្ជាការ​កងទ័ព​ហ្វីលីពីន​បាន​អះអាង​ថា យុទ្ធនាការ​គាស់រំលើង​ពួកជីហាត​ទាំង​ស្រុង​ចេញ​ពី​ក្រុង​ម៉ារ៉ាវី​ត្រូវ​ចប់​ក្នុង​ថ្ងៃទី១៥ តុលា​នេះ។ ចំណែក​លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​បញ្ជាក់​នា​ថ្ងៃ​សុក្រ ទី១៣ តុលា​ថា យុទ្ធនាការ​នៅ​ម៉ារ៉ាវី​ជិត​ឈាន​ដល់​ទីបញ្ចប់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ