អានតួអត្ថបទ
បង់ក្លាដែស-ឥណ្ឌា-រ៉ូហ៊ីងយ៉ា

ប្រទេស​បង់ក្លាដែស​ព្រួយបារម្ភ​ពី​លំហូរ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ពី​ប្រទេស​ឥណ្ឌា

នៅ​ថ្ងៃ​អាទិត្យ ទី១៥ តុលា ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​មួយ​នៃ​ប្រទេស​បង់ក្លាដែស​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ពង្រឹង​សន្តិសុខ​នៅ​តាម​បណ្តោយព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា​នៅ​ប៉ែក​ខាង​លិច។ គោលដៅ គឺ​ដើម្បី​ទប់​ស្កាត់​លំហូរ​ជា​យថាហេតុ​នៃ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ពី​ប្រទេស​ឥណ្ឌា។ ឥណ្ឌា​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​នា​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ​ថា ខ្លួន​ត្រៀម​ខ្លួន​នឹង​បញ្ជូន​ពួក​រ៉ូហ៊ីងយ៉ា​ទាំង​អស់​ទៅ​កាន់​ប្រទេស​បង់ក្លាដែស បូក​ទាំង​ពួក​រ៉ូហ៊ីងយ៉ា​ដែល​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ទើប​បាន​ចុះ​ឈ្មោះ​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ផង។

ជនជាតិភាគតិច​​រ៉ូហ៊ីងយ៉ា​ស្ថិត​ក្នុង​ជំរំ​នៅ​ប្រទេស​បង់ក្លាដែស
ជនជាតិភាគតិច​​រ៉ូហ៊ីងយ៉ា​ស្ថិត​ក្នុង​ជំរំ​នៅ​ប្រទេស​បង់ក្លាដែស REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

ការ​ដើរ​ល្បាត និង​វិធានការ​រឹតបន្តឹង​សន្តិសុខ​របស់​រដ្ឋអំណាច​បង់ក្លាដែស​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្តាយ​ព្រំដែន​ជាមួយ​រដ្ឋ​ឥណ្ឌា​ស្ថិត​ភាគឦសាន ហើយ​ឆ្មាំ​ព្រំដែន​បាន​ទទួល​បញ្ជា​ឲ្យ​ចាប់​បញ្ជូន​ពួក​រ៉ូហ៊ីងយ៉ា​ចូល​ក្នុង​ទឹកដី​ឥណ្ឌា​វិញ បើ​ពួក​នេះ​ហ៊ាន​ឆ្លង​កាត់​ខ្សែ​ព្រំដែន។ វរសេនីយ៍ឯក​ហាគីម មេបញ្ជាការ​ឆ្មាំព្រំដែន​បង់ក្លាដែស​ប្រចាំ​តំបន់​មួយ​បាន​បញ្ជាក់​ប្រាប់ AFP ថា មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​នាក់​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​ដែល​ខ័ណ្ឌចែក​ប្រទេស​ឥណ្ឌា និង​បង់ក្លាដែស និង​ថា ពួក​គេ​តែង​ព្យាយាម​ឆ្លង​ដែន​ទៅ​ជួបជុំ​ក្រុមគ្រួសារ​របស់​គេ​នៅ​បង់ក្លាដែស។

តាម​តួលេខ​ផ្លូវការ មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ចំនួន ១៦ ០០០នាក់​កំពុង​រស់នៅ​លើ​ទឹកដី​ឥណ្ឌា តែ​តួលេខ​ក្រៅ​ផ្លូវការ​ឲ្យ​ដឹង​ថា មាន​រហូត​ដល់​ទៅ ៤០ ០០០នាក់។ នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋអំណាច​ឥណ្ឌា​ដែល​លើក​ហេតុផល​សន្តិសុខ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​ត្រៀម​ចាប់​បញ្ជូន​ពួក​រ៉ូហ៊ីងយ៉ា​ទាំង​អស់​ដែល​កំពុង​មាន​វត្តមាន​លើ​ទឹកដី​ឥណ្ឌា​ទៅ​កាន់​បង់ក្លាដែស រាប់​ទាំង​ពួក​រ៉ូហ៊ីងយ៉ា​ដែល​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ចុះ​ឈ្មោះ​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ផង។

ទង្វើ​របស់​ក្រុង​ញូដែលី​កាល​ណោះ​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស។ នៅ​ខាង​ឥណ្ឌា ឆ្មាំព្រំដែន​ម្នាក់​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់ AFP ថា ពួក​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស​ក៏​បាន​ព្យាយាម​ឆ្លង​ដែន​ទៅ​ឥណ្ឌា និង​ដែល​ក្រុម​អ្នកល្បាត​តាម​ព្រំដែន​ចាប់​​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ត្រូវ​ចាប់​បញ្ជូន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​បង់ក្លាដែស​វិញ។ នៅ​ខាង​បង់ក្លាដែស អ្នក​ទទួល​ខុសត្រូវ​ឆ្មាំព្រំដែន​ម្នាក់​បាន​អះអាង​ថា អ្នកស្រុក អ្នកភូមិ​បាន​ចូលរួម​សហការណ៍​ជាមួយ​កងល្បាត និង​ឆ្មាំព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​រត់​ឆ្លងដែន​របស់​ពួក​រ៉ូហ៊ីងយ៉ា​ពី​ប្រទេស​ឥណ្ឌា។

សូម​ជម្រាប​ជូន​ថា​សព្វថ្ងៃ មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រត់​ពី​ភូមា​ជាង​កន្លះ​លាននាក់​កំពុង​ជ្រកកោណ​លើ​ទឹកដី​បង់ក្លាដែស។ តែ​រដ្ឋាភិបាល​ទីក្រុង​ដាកា​មាន​ការ​ស្ទាក់ស្ទើរ​ទទួល​បន្ថែម​ទៀត​ដោយសារ​តែ​ប្រឈម​នឹង​បញ្ហា​មនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ