អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក

ហ្វីលីពីន​ផ្តើម​នីតិវិធី​បត្យាប័ន​ជនជាតិ​ហ្វីលីពីន​ម្នាក់​ទៅ​ឲ្យ​អាមេរិក

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក Vitaliano Aguirre បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី៨ តុលា​នេះ​ថា ហ្វីលីពីន​នឹង​ផ្តើម​នីតិវិធី​បត្យាប័ន​ជនជាតិ​ហ្វលីពីន​ម្នាក់​ឈ្មោះ Russel Salic ទៅ​ឲ្យ​រដ្ឋអំណាច​អាមេរិក។ តាម​លោក Vitaliano ជនជាតិ​ហ្វីលីពីន​ Russel Salic បាន​ជាប់សង្ស័យ​ពីបទ​រៀបចំ​អំពើភេរវកម្ម​តាម​បញ្ជា​របស់​អង្គការ​រដ្ឋអ៊ីស្លាម​មិន​បាន​សម្រេច​ក្នុង​ទីក្រុង​ញូយ៉ក​ដោយ​យក​គំរូ​តាម​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស ឬ​មួយ​ទីក្រុង​ព្រុចសែល។

លោក Duterte ប្រធានាធិបតី​ហ្វីលីពីន
លោក Duterte ប្រធានាធិបតី​ហ្វីលីពីន REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៣៧ឆ្នាំ និង​ជា​គ្រូពេទ្យ​វះកាត់​ធ្មេញ ជន Russel Salic ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៧ និង​កំពុង​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​ស្នើ​ឲ្យ​ធ្វើ​បត្យាប័ន។ សំណើ​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហ្វីលីពីន Vitaliano Aguirre បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តើម​និតិវិធី​បត្យាប័ន​ជា​ផ្លូវការ តែ​មិន​បាន​លំអិត​ពី​ពេល​វេលា​ដែល​ត្រូវ​បញ្ជូន និង​បន្ថែម​ថា ហ្វីលីពីន​ក៏​ធ្លាប់​បាន​ធ្វើ​និតិវិធី​របៀប​នេះ​ជា​ច្រើន​ដែរ​នៅ​ក្នុង​អតីតកាល។ តាម​លោក Vitaliano ដដែល ជន Russel Salic ក៏​ធ្លាប់​ជាប់​ការ​អង្កេត​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ដែរ តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។

គួរ​បញ្ជាក់​ជូន​ថា រដ្ឋអាជ្ញា​ក្រុង​ញូយ៉ក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នា​ថ្ងៃ​សុក្រ ទី៦ តុលា​ដោយ​បញ្ជាក់​ថា ជន Russel Salic បាន​ជាប់​សង្ស័យ​ពី​បទ​បាន​បញ្ជូន​លុយ​ចំនួន ៤២៦ដុល្លារ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៦ ទៅ​ឲ្យ​មនុស្ស​សង្ស័យ​ពីរ​នាក់​ទៀត​ដើម្បី​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ញូយ៉ក។ មនុស្ស​សង្ស័យ​ទំាង​ពីរ​នាក់​នោះ​មាន​ម្នាក់​ជា​ជនជាតិ​កាណាដា​អាយុ ១៩ឆ្នាំ និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាមេរិកាំង​រស់នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ នៅ​ក្នុង​ផែនការ​រៀបចំ​ភេរវកម្ម ជនសង្ស័យ​មាន​គម្រោង​យក​គំរូ​តាម​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ព្រុចសែល។

ផ្ទាំងស៊ីប​របស់​ជនសង្ស័យ គឺ​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​ញូយ៉ក Times Square ឬ​មួយ​ក៏​សាលប្រគុំតន្រ្តី​ជា​ដើម។ តាម​រដ្ឋអំណាច​អាមេរិកាំង ជន ជន Russel Salic បាន​ដើរ​តួនាទី​រៀបចំ​គម្រោង​ភេរវកម្ម​ពី​មន្ទីរពេទ្យ​មួយ​ស្ថិត​ប៉ែក​ខាង​ត្បូង​ហ្វីលីពីន​ដែល​ជា​ជង្រុក​របស់​ក្រុម​ឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​និយម​អ្នក​កាន់សាសនា​អ៊ីស្លាម។ ដោយឡែក មេបញ្ជាការ​កងទ័ព​ហ្វីលីពីន​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជន Russel Salic ថែម​ទាំង​បាន​បញ្ជូន​លុយ​ទៅ​ឲ្យ​បណ្តាញ​ភេរវនិយម​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដូច​យ៉ាង​ម៉ាឡេស៊ី ឬ​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា។

រូប​មេបញ្ជាការ​កងទ័ព​ហ្វីលីពីន​ដដែល​បាន​បន្ថែម​ថា ជន Russel Salic បាន​បញ្ចេញ​សកម្មភាព​យ៉ាង​សកម្ម​នៅ​លើ​បណ្តាញ​សង្គម និង​ថា រដ្ឋអំណាច​ហ្វីលីពីន​បាន​តាម​ដាន ឃ្លាំមើល​លើ​សកម្មភាព​របស់​ជន Russel Salic តាំង​ពី​ឆ្នាំ ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ