អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​សន្យា​ដាក់​គំនាប​ខ្លាំង​លើ​កូរ៉េខាងជើង

នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​បាន​សន្យា​នា​ថ្ងៃ​អាទិត្យ ទី៨ តុលា​ថា នឹង​ដាក់​គំនាប​លើ​កូរ៉េខាងជើង​ឲ្យ​ខ្លាំង​ដែល​អាច​ធ្វើ​បាន និង​ការពារ​រក្សា​សន្តិសុខជាតិ។ លោក​អាបេ​បាន​និយាយ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​តស៊ូមតិ​តាម​ទូរទស្សន៍​រវាង​លោក​អាបេ និង​ចៅក្រុង​តូក្យូ​សម្រាប់​ការ​បោះឆ្នោត​សភា​មុន​កាល​កំណត់​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២២ តុលា​ខាង​មុខ។

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​​ស្ហ៊ីនហ្សូ អាបេ និងលោកស្រីចៅក្រុងតូក្យូយូរីកូ
លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​​ស្ហ៊ីនហ្សូ អាបេ និងលោកស្រីចៅក្រុងតូក្យូយូរីកូ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

« ការ​ដាក់​គំនាប​ខ្លាំង​លើ​កូរ៉េខាងជើង​នឹង​អាច​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​មួយ​ដែល​បង្ខំ​របប​ក្រុង​ព្យុងយ៉ាង​ឲ្យ​ចូល​តុចរចា​ក៏​ដូច​ជា​ការ​ផ្លាស់ប្តូរ​នយោបាយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​នៅ​ក្នុង​កម្មវិធី​តស៊ូមតិ​តាម​ទូរទស្សន៍​ជាមួយ​លោក​យូរីកូ ចៅហ្វាយក្រុង​តូក្យូ និង​ជា​ប្រធាន​គណបក្ស​នយោបាយ​ទើប​បង្កើត​​ថ្មី​ឈ្មោះ​គណបក្ស​នៃ​ក្តីសង្ឃឹម។ កម្មវិធី​តស៊ូ​មតិ​រវាង​លោក​អាបេ និង​លោកស្រី​យូរីកូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​មុន​កាល​កំណត់​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី២២ តុលា​ខាង​មុខ។

គួរ​រម្លឹក​ជូន​ថា លោក​នាយករដ្ឋមន្រ្តី​អាបេ​ខ្លួន​ឯង​បាន​ប្រកាស​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​ពី​ការ​រៀប​ចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​ដោយ​សង្ឃឹម​ថា នឹង​អាច​បន្ត​អាណត្តិ​របស់​លោក​ក្នុង​ពេល​ដែល​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​កំពុង​ឡើង​ខ្លាំង បន្ទាប់​ពី​របប​ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​ចំនួន​ពីរ​គ្រាប់​ហោះ​ឆ្លង​កាត់​ទឹកដី​ជប៉ុន។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខាង​មុខ គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក​អាបេ​ដែល​ធ្លាប់​បាន​កាន់​អំណាច​ច្រើន​ដង​ក្នុង​សម័យ​ក្រោយ​សង្រ្គាម​បាន​នាំ​មុខ​គេ តែ​មិន​អាច​ធានា​ថា​នឹង​ទទួល​បាន​អសនៈ ២ភាគ៣ នៃ ៤៦៥អសនៈ​នៅ​ក្នុង​សភា​ទេ។

អ្វី​ដែល​លោក​អាបេ​សង្ឃឹម គឺ​ទទួល​បាន​អសនៈ ២ភាគ៣ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាពនិយម​របស់​ជប៉ុន​សព្វថ្ងៃ។ មាន​គណបក្ស​ធំៗ​ចំនួន ៣ ដែល​កំពុង​ប្រជែង​គ្នា​ខ្លាំង​នា​ការ​បោះឆ្នោត​សភា​ខាង​មុខ គឺ​គណបក្ស​សេរីប្រជាធិបតេយ្យ​របស់​លោក​អាបេ គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​នៃ​ក្តីសង្ឃឹម​ដែល​ទើប​បង្កើត​ថ្មី​របស់​លោក​ចៅក្រុង​តូក្យូ​យូរីកូ។ លោក​យូរីកូ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​បាន​បញ្ជាក់​ថា លោក​នឹង​បិទបញ្ចប់​ទំព័រសករាជ​នៃ​នយោបាយ​ចាស់គំរិល​របស់​គណបក្ស​សេរីប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ