អានតួអត្ថបទ

សមភាព​ស្ត្រី​និង​បុរស​ខាង​ប្រាក់​ខែ វិវត្តន៍​យឺត​ខ្លាំង​ក្នុង​ប្រទេស​ជា​សមាជិក​OCDE

ស្ត្រី​រក​ចំណូល​បាន​ទាប​ជាង​បុរស ជា​មធ្យម ១៥% នៅក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅ​កាត់​ថា OCDE។ គម្លាតដ៏​ពិបាក​​បង្រួម​​​នេះ ​ជា​ឧបសគ្គ​ដ៏​ចំបង​នៃ​កំណើន​សេដ្ឋកិច្ច។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ៤​ តុលា ២០១៧។ ប្រទេស​ដែល​មាន​គម្លាត​សមភាពខ្លាំង​ជាងគេ គឺ​ ឥណ្ឌា (៥៦%) អាហ្វ្រិក​ខាងត្បូង (៤១%) និង​កូរ៉េខាង​ជើង (៣៧%)។ កូស្តារីកា លុច​សំបួរ និង​ប៊ែលហ្សិក មាន​គម្លាត​តិច​ជាងគេ (៤%) ឯ​បារាំង ១០%។

បាតុកម្ម​នៅ​ក្រុង​ប៉ារីស ប្រឆាំង​នឹង​វិសមភាព​ប្រាក់​ខែ​រវាង​ស្ត្រី​និង​បុរស ថ្ងៃទី​៧ វិច្ឆិកា ២០១៦
បាតុកម្ម​នៅ​ក្រុង​ប៉ារីស ប្រឆាំង​នឹង​វិសមភាព​ប្រាក់​ខែ​រវាង​ស្ត្រី​និង​បុរស ថ្ងៃទី​៧ វិច្ឆិកា ២០១៦ RFI/Charlotte Herzog
ផ្សាយពាណិជ្ជកម្ម

សមភាពស្ត្រី​និង​បុរស​ជា​ការ​ប្រយុទ្ធ​ដ៏​លំបាក ! នេះ​ជា​ចំណង​ជើង​នៃ​របាយការណ៍​​របស់​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE ដែល​លម្អិត​ទៀត​ថា បើ​យោង​តាម​តួលេខ​ឆ្នាំ​២០១៥ បុគ្គលិក​ស្ត្រី​ធ្វើ​ការ​ពេញម៉ោង​ បាន​ទទួល​ប្រាក់​បៀរវត្សរ៍​តិច​ជាង​មិត្ត​រួមការងារ​បុរស ១៤,៣% ជាមធ្យម ! ​ពោល​គឺ​ស្ទើរ​តែ​​គ្មាន​ប្តូរ​ផ្លាស់​សោះ​ បើ​ប្រៀប​ទៅ​ឆ្នាំ​២០១០ ដែល​គម្លាត​មាន​កំរិតមធ្យម ១៤,៦%។

ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ វិសមភាព​រវាង​ស្ត្រី និង​បុរស​នៅ​ចាក់ឬសចាក់​គល់​ខ្លាំង ក្នុង​ស្ទើរ​គ្រប់​វិស័យ​ សង្គម សេដ្ឋកិច្ច និង​ក្នុង​គ្រប់​ប្រទេស​ទាំង​អស់ មិន​ថា​ជា​ប្រទេសអភិវឌ្ឍន៍​ឬ​កំពុង​អភិវឌ្ឍន៍ទេ ! ការ​រីក​ចម្រើន​​មាន​តិច​តួច​បំផុត ! នេះ​បើ​តាម​សិក្សា​របស់​​OCDE ដែល​បង្ហាញ​ជា​សាធារណៈ​នៅ​ក្នុង​វេទិកាស្ត្រី Women’s Forum​ នា​ទីក្រុង​ប៉ារីស។

​ស្ត្រី​​នៅ​ក្នុង​ក្រុម​ប្រទេស​OCDE ​ជា​ទូទៅ​បានចំណាយ​ពេល​​សិក្សា​យូរ​ជាង​បុរស ប៉ុន្តែក្នុង​មុខ​វិជ្ជា​មិន​សូវ​ទាក់ទាញ​ និង​សំខាន់​ ដូច​ជា​​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកកម្ម​ និង​គណិតវិទ្យា​ទេ។ ម្យ៉ាង​ទៀត ការ​ងារ​របស់​ស្ត្រី​ ច្រើន​តែ​ជា​តួនាទី​មិន​សូវ​មាន​គុណភាព មាន​ន័យ​មិន​សូវ​មាន​ការការពារ​ពី​សង្គម និង​ផុយស្រួយ។​ ស្ត្រី នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ក្នុង​តួនាទី​ជា​ប្រធាន​ដឹកនាំ មិន​ថា​នៅក្នុង​វិស័យ​រដ្ឋ​ ឬ​នយោបាយទេ។ ឧទាហរណ៍ មាន​ស្ត្រី​ប្រមាណ​តែ​១ភាគ​បី​ប៉ុណ្ណោះ​ជាអាសនៈ​នៅ​ក្នុង​សភា​ របស់​ប្រទេស​OCDE។

នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណា​មួយ​ មាន​សមភាព​ស្ត្រី​និង​បុរស​ទេ ! នៅ​ប្រទេស​ ​មាន​សមភាព​ខ្ពស់​ជាងគេ​បំផុត ក៏​កំពុង​បន្ត​មាន​គម្លាតរវាង​ស្ត្រី​និង​បុរស​ គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែរ។ គម្លាត​នេះ​មិន​មែន​ជា​បរាជ័យ​ក្នុង​ន័យ​សីលធម៌​ទេ តែ​ជា​ឧបសគ្គ​ដ៏​ចំបង​សម្រាប់កំណើន​សេដ្ឋកិច្ច។ នេះ​ជា​ការ​ព្រមាន​របស់​អង្គការ។ ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច ?! ស្រ្តី​មាន​បន្ទុក​ធ្ងន់​ក្នុង​ការងារ​ផ្ទះ​ និង​មើល​ថែកូន នៅ​កូរ៉េខាងត្បូង ជប៉ុន ម៉ិចស៊ិក ព័រទុយហ្កាល់​ តួកគី ឬអ៊ីតាលី​ ស្ត្រី​​មាន​ចំណែកការងារ​អត់​ប្រាក់​ខែ​ដល់​ទៅ​៧៥%។ ដូច្នេះ អ្នក​ជា​ឪពុក​ត្រូវ​ចូល​រួម​ចំណែក​មើល​កូន​ឱ្យ​​បាន​ច្រើន ទើប​ស្ត្រី​ជា​ម្តាយ​អាច​មាន​លទ្ធភាព​​បំពេញ​ការងារ​ ក្នុង​ទីផ្សារ​ ក្នុង​សង្គម និង​សេដ្ឋកិច្ច​ បាន​ពេញ​លេញ។ នេះ​ជា​អនុសាសន៍​របស់​អង្គការ​ ដោយបាន​​​លើកទឹក​​ចិត្ត​ប្រទេសជា​ស​​​មាជិក​ ចំនួន​ជាង​ពាក់​កណ្តាល ដែល​បាន​កំណត់​ការ​លំហែ​មាតុភាព​ដល់​ឪពុក​ ជា​ច្រើន​ថ្ងៃ​​។ ហើយ​មាន​ប្រទេស​កាន់​តែ​ច្រើនឡើងៗ បាន​រំលែក​សិទ្ធិ​​សម្រាកមើល​​ថែកូន​ឱ្យ​តែ​អ្នក​ជាឪពុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ