អានតួអត្ថបទ

ភូមា-បង់ក្លាដែស ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​នៅតែ​បន្ត​រត់​ចូល​បង់ក្លាដែស​

បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​ខ្លី ចរន្ត​រត់​ភៀស​ខ្លួន​បាន​ចាប់​កំរើក​ជា​ថ្មី​នៅ​ភូមា ! ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ទាំង​ហ្វូងៗ​បាននាំ​គ្នា​​រត់​ទៅ​ដល់​បង់ក្លាដែស​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ពុធ​នេះ​។ បើ​តាម​សំដី​សាក្សី​ជា​ច្រើន រលក​ភៀសខ្លួន​លើក​នេះ គឺ​​ជា​ការ​រត់​គេច​ពី​ប្រតិបត្តិការ​ថ្មី មួយ​ទៀត​​របស់​យោធា​ភូមា។

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ទើប​រត់​មក​ដល់​បង់ក្លាដែស
ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ទើប​រត់​មក​ដល់​បង់ក្លាដែស REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

​ភាព​​ស្ងប់​ស្ងាត់​ពិត​ជា​មាន​មែន​ នៅ​ចុងខែ​កញ្ញា ក្នុង​ខណៈ​ដែល​ពិភពលោក​ផ្តើម​ចាប់​អារម្មណ៍​ខ្លាំង​នឹង​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃផង សកម្មភាព​រត់​ភៀស​ខ្លួន​បាន​កំរើកខ្លាំង​ឡើង​វិញ ដោយ​រាប់​ឃើញ​មាន​ជនភៀសខ្លួន​ប្រមាណ​ពី ៤​ទៅ​៥ពាន់​នាក់ នាំ​គ្នា​ឆ្លង​ព្រំដែន​ជា​ថ្មី​ទៀត​ចូល​បង់ក្លាដែស ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើ​តាម​ប្រភព​អាជ្ញាធរ​មូលដ្ឋាន។

ជនភៀស​ខ្លួន​ថ្មី បាន​រៀប​រាប់​ថា​ថ្វី​បើ​អាជ្ញាធរ​ភូមិ​ស្រុក បាន​ធានាអះអាង​អំពី​សុវត្ថិភាព​ និងសន្តិសុខ​មែន ប៉ុន្តែ​ចាប់​ពី​នៅ​ចុង​សប្តាហ៍​នេះមក ​ពួកយោធា​ភូមា​បាន​បើក​ប្រតិបត្តិការបណ្តេញ​ជនជាតិ​រ៉ូហ៊ីងយ៉ាចេញ​ពី​​ផ្ទះ​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះមួយ ​! យោធា​មិនធ្វើ​បាប​លើ​រាងកាយ​មែន តែ​បាន​ច្រាន​ចេញ​ពីផ្ទះ​ ហើយ​ដុត​បំផ្លាញ​ផ្ទះ​សម្បែងនោះ​ចោល ទើប​ពួក​គេ​ចាប់​ផ្តើម​រត់​ចោល​ភូមិ​ យ៉ាង​ដូច្នេះ។

​ទី​ប្រឹក្សា​មូលដ្ឋាន​ភាគ​ខាង​ត្បូង​បង់ក្លាដែស ក៏​យល់​ថា​រលក​លំហូរ​ជនភៀសខ្លួន​ថ្មី​នេះ​បណ្តាល​មក​តែ​ពី​មាន​ការ​គំរាម​កំហែង​ពី​ពួក​យោធាភូមាដែរ។ ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​​ហុយ​ទ្រលោម​ នៅ​ភូមា​ ដែល​ត្រូវ​បាន​មើល​ឃើញ​តាំង​ពី​បង់ក្លាដែស គឺ​ទំនង​ជាការ​អនុវត្ត​​នយោបាយ​ដុតយក​​ដី ​ ​បំផ្លាញ​ភូមិរបស់​រ៉ូហ៊ីយ៉ា របស់​ពួក​យោធា​ភូមា។ នេះ​បើ​តាម​ពាក្យ​ចោទ​ប្រកាន់​របស់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​Amnesty International។

ប៉ុន្តែ​បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ផ្លូវការ​ភូមា ជនជាតិ​​​រ៉ូហ៊ីងយ៉ាបាន​សម្រេច​ចិត្ត​​រត់​ភៀសខ្លួន​ដោយ​ចិត្ត​ឯង​ទេ បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ប្រកាស​ធានាសន្តិសុខ​លើ​ពួកគេ​យ៉ាង​ណា​ក៏​ដោយ។

សូម​បញ្ជាក់​ថា​ក្រោយ​ពី​កងទ័ព​ភូមា​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ថ្ងៃទី​២៥​សីហាមក មាន​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជាងកន្លះ​លាន​នាក់​បាន​រត់ភៀសខ្លួន​ទៅ​ដល់​បង់ក្លាដែស​ជិត​ខាង ដែល​មាន​ជនភៀសខ្លួន​រ៉ូហ៊ីយ៉ាង​ស្រាប់​ប្រមាណ​ជាង​បីសែន​នាក់រស់​នៅ​ក្នុង​ជំរំ​ដ៏​យ៉ាប់យឺន។ លំហូរជនភៀស​ខ្លួន​នេះ បាន​ក្លាយ​ជា​វិបត្តិមនុស្ស​ធម៌​ដ៏​ធំ​មិន​ធ្លាប់​មាន​។ ហើយ​ប្រសិន​បើ​យោធា​ភូមា​ពិត​ជា​បើក​ប្រតិបត្តិការ​ថ្មី​បណ្តេញ​ជនជាតិភាគតិច​នេះ​មែន នោះ​ផែនការ​មាតុភូមិ​និវត្តន៍​រ៉ូហ៊ីងយ៉ា​មក​ភូមាវិញ ​ដែលណៃពិដោ​និង​ដាកា​កំពុង​ពិភាក្សា​គ្នា​ នឹង​មិន​អាច​​សម្រេច​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ