អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិរ៉ូហ៊ីងយ៉ា៖ ​អគ្គលេខាធិការ​អ.ស.ប​ទទូច​ឲ្យ​ភូមា​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​រដ្ឋរ៉ាឃីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អគ្គលេខាធិការ​អ.ស.ប​ អាន់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) បាន​ទាមទារ​ដោយ​ទទូច សុំ​ឲ្យ​រដ្ឋាភិបាល​ភូមា​​បញ្ឈប់​ប្រតិបត្តិការ​យោធា នៅ​រដ្ឋ​រ៉ាឃីន ដែល​កំពុង​ផ្ទុះវិបត្តិ​រ៉ូហ៊ីងយ៉ា ហើយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​នោះ។ លោក​ហ្គូទែរស៍​បាន​ធ្វើការ​ទាមទារ​បែបនេះ នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក​អាន់តូនីញ៉ូ ហ្គូទែរស៍ ( Antonio Guterres) អគ្គលេខាធិការ​អ.ស.ប នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ ស្តីពី​វិបត្តិ​រ៉ូហ៊ីងយ៉ា ក្រុងញូវយ៉ក ថ្ងៃ​ទី២៨ តុលា ២០១៧
លោក​អាន់តូនីញ៉ូ ហ្គូទែរស៍ ( Antonio Guterres) អគ្គលេខាធិការ​អ.ស.ប នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ ស្តីពី​វិបត្តិ​រ៉ូហ៊ីងយ៉ា ក្រុងញូវយ៉ក ថ្ងៃ​ទី២៨ តុលា ២០១៧ TIMOTHY A. CLARY / AFP
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ ដែល​វិបត្តិ​រ៉ូហ៊ីងយ៉ា​​នៅ​ភូមា​បាន​ក្លាយ​ជា​ប្រធាន​រឿង​ដ៏​ក្តៅគគុក​មួយ នៅ​លើ​ឆាក​អន្តរជាតិ។ អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ាឃីន​បាន​ធ្វើ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា​កន្លះលាន​នាក់ ត្រូវ​​បង្ខំចិត្ត​រត់ភៀសខ្លួន​​ទៅ​ក្រៅប្រទេស ហើយ​អាជ្ញាធរ​ភូមា​ត្រូវ​ទទួល​រង​នូវការ​បរិហារ​រិះគន់​​ស្ទើរ​​ជុំទិស ដោយ​រង​ការ​ចោទប្រកាន់​ពី « ការបោសសម្អាត​ជាតិសាសន៍” ឬ​ “ប្រល័យពូជសាសន៍”។

ក៏ប៉ុន្តែ នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​​អ.ស.ប. វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ​មិន​ត្រូវ​បាន​គេ​លើក​យក​មក​ជជែក​គ្នា​ជា​ផ្លូវការ​និង​ដោយ​ចំហ​​នោះទេ ដោយ​មាន​ត្រឹមតែ​កិច្ចប្រជុំ​ដោយ​បិទទ្វារ​តែប៉ុណ្ណោះ។ ទើប​តែ​នៅថ្ងៃ​ព្រហស្បតិ៍​ ២៨តុលា​នេះ ដែល​ក្រុមប្រឹក្សា​សន្តិសុខ សម្រេច​លើក​ ​បញ្ហា​រ៉ូហ៊ីងយ៉ា​​មក​ជជែកគ្នា នៅ​ក្នុង​កិច្ចប្រជុំ​ជា​សាធារណៈ។

នៅ​ចំពោះ​មុខ​តំណាង​ប្រទេស​ទាំង ១៥ ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ លោក​អគ្គលេខាធិការ​អ.ស.ប អាន់តូនីញ៉ូ ​ហ្គូទែរស៍​ បាន​ធ្វើការ​គូសបញ្ជាក់ថា អ្វី​ដែលកំពុង​កើតឡើង​ចំពោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​វិបត្តិ​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ ដែល​គេ​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់។

លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​ដាក់​សំណើ​ ៣ ចំណុច​សំខាន់ៗ ទៅកាន់​រដ្ឋាភិបាល​ភូមា។ ទីមួយ សុំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការយោធា​នៅ​​តំបន់​កំពុង​មាន​វិបត្តិ​រ៉ូហ៊ីងយ៉ា។ ទីពីរ បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​​ដោយ​គ្មាន​ការ​រឹតត្បឹត ទៅកាន់​តំបន់​មាន​វិបត្តិ។ ទីបី ធានា​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អាច​វិលត្រឡប់​ទៅកាន់​ភូមិកំណើត​របស់​ពួកគេ​វិញ ដោយ​សុវត្ថិភាព និង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តា​ប្រទេស​ជាច្រើន​បាន​ធ្វើកា​ររិះគន់​រដ្ឋាភិបាល​ភូមា​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​​អ្នក​ដែល​បាន​ធ្វើការ​បរិហារ​រិះគន់​រដ្ឋាភិបាល​ភូមា​ខ្លាំងៗ​ជាងគេ គឺ​​សហរដ្ឋ​អាមេរិក។

លោកស្រី Nikki Haley​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប​ បាន​ចោទ​អាជ្ញាធរ​ភូមា​ថា បាន​បើក​ធ្វើ​យុទ្ធនាការ ក្នុងគោលដៅ​បំបាត់​ជនជាតិ​ភាគតិច​ពី​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​ថា អ្វី​ដែល​កំពុង​កើតឡើង​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅពេលនេះ គួរតែ​ជា​ក្តីអាម៉ាស់​មួយ សម្រាប់​ប្រមុខដឹកនាំ​ភូមា ដែល​បាន​ធ្វើការ​​លះបង់​ជាច្រើន ដើម្បី​​នាំ​ប្រទេស​ភូមា​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ទំនង​ជា​ចង់​សំដៅ​ទៅលើ​លោកស្រី​អ៊ុងសានស៊ូជី។ លោកស្រី Nikki Haley ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​ចាត់វិធានការ​ប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់អាវុធ​ភូមា ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ក៏ប៉ុន្តែ ចិន និង​រុស្ស៊ី​វិញ បាន​នាំគ្នា​ចេញមុខ​ការពារ​រដ្ឋាភិបាល​ភូមា ដោយ​ចិន​បាន​លើកឡើង​ថា សហគមន៍​អន្តរជាតិ​គួរតែ​មាន​ការ​យោគយល់​ចំពោះ​បញ្ហា​ស្មុគស្មាញ ដែល​រដ្ឋាភិបាល​ភូមា​កំពុង​ជួប​ប្រទះ ហើយ​គួរតែ​មាន​ភាព​អត់ធ្មត់ និង​ជួយ​ជ្រោមជ្រែង។ ចំណែក​ឯ​តំណាង​រដ្ឋាភិបាល​រុស្ស៊ីវិញ​បាន​លើកឡើង​ថា គេ​មិន​គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង​ នៅ​ក្នុងការ​ចោទប្រកាន់​​អ្នកណាម្នាក់​ពី​បទ “បោសសម្អាតជាតិសាសន៍” ឬ “ប្រល័យ​ពូជសាសន៍”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ