អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បាន​ជាប់​ចោទ​ពី​បទ​ប្រើ​យន្តការណ៍​អង្គការ​អាំងទែប៉ូល​ដើម្បី​ប្រយោជន៍​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២៦ កញ្ញា​នេះ អង្គការ​អាំងទែប៉ូល (Interpol) បាន​ផ្តើម​កិច្ចប្រជុំ​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ គឺ​ជា​កិច្ចប្រជុំ​បិទទ្វារ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ប៉ូលិស និង​ថ្នាក់ដឹក​នយោបាយ​ក្នុង​លោក​សរុប​ប្រមាណ​ជា ១ ០០០នាក់។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​និយាយ​ពី​ភេរវនិយម​អន្តរជាតិ ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​មុន ឬ​មួយ​ក៏​ការ​វាយប្រហារ​តាម​អ៊ីនធឺណែត​ជា​ដើម។ អ្វី​ជា​ការ​កត់សម្គាល់ ចិន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អង្គការ​អាំងទែប៉ូល​បាន​ជាប់ចោទ​ពី​បទ​ប្រើ​យន្តការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​ដើម្បី​ប្រយោជន៍​នយោបាយ។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​អង្គការ​អាំងទែប៉ូល​ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី២៦ កញ្ញា ២០១៧
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​អង្គការ​អាំងទែប៉ូល​ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី២៦ កញ្ញា ២០១៧ REUTERS/Lintao Zhang/Pool
ផ្សាយពាណិជ្ជកម្ម

អាំងទែប៉ូល ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា អង្គការ​ប៉ូលិស​ព្រហ្មទ័ណ្ឌ​អន្តរជាតិ គឺ​ជា​អង្គការ​អន្តរជាតិ​មួយ​ដែល​បាន​ចាប់​កំណើត​​ឡើង​ក្នុង​ថ្ងៃទី៧ កញ្ញា ឆ្នាំ ១៩២៣ និង​មាន​គោលដៅ​ដោះដូរ​ព័ត៌មាន និង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​កម្លាំង​ប៉ូលិស​នៅ​ក្នុង​ប្រទេស​សមាជិក​ទាំង ១៩០ប្រទេស​ក្នុង​លោក។ បច្ចុប្បន្ន អង្គការ​អន្តរជាតិ​មួយ​នេះ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ខេត្ត​លីយ៉ុង (Lyon) ប្រទេស​បារាំង។ តួនាទី​របស់​កម្លាំង​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល គឺ​តាម​ស្វែង​រក និង​ចាប់ខ្លួន​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទ័ណ្ឌ​នៅ​ក្នុង​ប្រទេស​សមាជិក​ណា​មួយ និង​ដែល​ប្រទេស​នោះ​បាន​ចេញ​ដីការ​អន្តរជាតិ​ស្វែង​រក​ចាប់​ខ្លួន។

ជា​ទូទៅ ព័ត៌មាន​ទាក់ទង​នឹង​ឧក្រិដ្ឋជន​តាម​ចាប់ខ្លួន​ផ្តល់​ដោយ​ប្រទេស​សមាជិក​ណា​មួយ​មាន​ភ្ជាប់​ដោយ​ប្រវត្តិ និង​អត្តសញ្ញាណ​របស់​រូប​ឧក្រិដ្ឋជន ហើយ​ដែល​ព័ត៌មាន​ទាំង​អស់​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​សមាជិក​ទាំង ១៩០ប្រទេស។ តែ​នៅ​ពេល​ដែល​ឧក្រិដ្ឋជន​តាម​ចាប់ខ្លួន​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​កម្លាំង​ប៉ូលិស​នៅ​ក្នុង​ប្រទេស​ណា​មួយ ប្រទេស​នោះ​ត្រូវ​បញ្ជូន ឬ​មិន​បញ្ជូន​រូប​ឧក្រិដ្ឋជន​ទៅ​ឲ្យ​ប្រទេស​ដែល​សុំ​អន្តរាគមន៍​ពី​អាំងទែប៉ូល គឺ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ពោល​ថា​តើ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​ព្រមព្រៀង​បត្យាប័ន​រវាង​គ្នា ឬ​អត់?។

មាន​ជនជាតិ​យ៉ាង​តិច ២ ៥០០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋអំណាច​ចិន

សម្រាប់​ប្រទេស​ចិន និង​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កំពុង​បន្ត​យុទ្ធនាការ​កំចាត់​ជនពុករលួយ​គ្រប់ជាន់ថ្នាក់​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ អង្គការ​អាំងទែប៉ូល​ជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​តាម​ប្រម៉ាញ់​ឧក្រិដ្ឋជន​ចិន​ដែល​កំពុង​ភៀសខ្លួន​ពួន​សំងំ​នៅ​ឯ​បរទេស។

តួលេខ​ផ្តល់​ដោយ​រដ្ឋអំណាច​ចិន​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ចិន​រស់នៅ​បរទេស​មិន​តិច​ជាង ២ ៥០០នាក់​ទេ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ចិន​វិញ​ក្នុង​បទ​ជាប់​សង្ស័យ​នឹង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​បាន​ប្រើ​យន្តការណ៍​អាំងទែប៉ូល​ដើម្បី​តាម​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ចិន​នៅ​បរទេស​ដែល​បាន​ចាប់​ជំរិត​ជនជាតិ​ចិន​គ្នា​ឯង​នៅ​បរទេស​ដើម្បី​បង្ខំ​ឲ្យ​ក្រុមគ្រួសារ​ក្នុង​ស្រុក​បង់លុយ។

វា​ពិត​ជា​រឿង​ល្អ​ដែល​ចិន​បាន​ប្រើ​យន្តការណ៍​អាំងទែប៉ូល​ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន​នៅ​បរទេស ឬ​មួយ​ដោយ​ជនជាតិ​ចិន​ក្នុង​ស្រុក រួច​គេច​ខ្លួន​ទៅ​ពួនសំងំ​នៅ​បរទេស។ ម្យ៉ាងទៀត ទង្វើ​របស់​ចិន​របៀប​នេះ​ក៏​មាន​គោលដៅ​ការពារ​ជនជាតិ​ខ្លួន​ដែល​បាន និង​កំពុង​បោះទុន​រកស៊ី​នៅ​បរទេស​កាន់​តែ​ច្រើន​ឡើងៗ។ តែ​អ្វី​ដែល​ជា​ក្តីបារម្ភ​របស់​បស្ចិមលោក​ក៏​ដូច​ជា​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស គឺ​ការ​ដែល​ចិន​បាន​ប្រើ​យន្តការណ៍​អន្តរជាតិ​មួយ​នេះ​ដើម្បី​ជំរះបញ្ជី​ជាមួយ​ក្រុមប្រឆាំង​ខ្លួន​ដែល​កំពុង​ភៀសខ្លួន​ជ្រកកោន​នៅ​បរទេស។

លោក Wei JingCheng សកម្មជន​ប្រឆាំង​រដ្ឋអំណាច​ចិន​ដែល​បាន​ភៀសខ្លួន​ទៅ​អាមេរិក​តាំង​ពី​ឆ្នាំ ១៩៩៧ បាន​ថ្លែង​ថា លោក​បារម្ភ​ខ្លាច​រដ្ឋាភិបាល​ចិន​ប្រើ​យន្តការណ៍​អាំងទែប៉ូល​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​សកម្មជនប្រឆាំង​ចិន​ទាំង​អស់​ទៅ​ឲ្យ​រដ្ឋអំណាច​ចិន។ ក្តីបារម្ភ​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋអំណាច​ចិន​បាន​ចេញ​ដីការ​អន្តរជាតិ​ចាប់​ខ្លួន​មហាសេដ្ឋី​ចិន​ម្នាក់​ឈ្មោះ Guo Wengui តាំង​ពី​ខែ​មេសា។ លោក Guo ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​អំពើ​ពុករលួយ​របស់​ថ្នាក់ដឹកនាំកំពូល​របស់​ចិន។ តែ​អាមេរិក​កំពុង​ពិចារណា​ពី​ការ​បញ្ជូន ឬ​មិន​បញ្ជូន​លោក Guo ទៅ​ឲ្យ​ចិន​វិញ។

ចិន​បាន​ច្រានចោល​ការ​ចោទប្រកាន់​លើ​ខ្លួន

ក្រសួង​ការបរទេស​ចិន​តាម​រយៈអ្នកនាំ​ពាក្យ​បាន​បញ្ជាក់​តាំង​ពី​សប្តាហ៍​កន្លង​ទៅ​ថា ការ​បារម្ភ​លើ​ចិន​ពី​បទ​បាន​ប្រើ​យន្តការណ៍​អាំងទែប៉ូល​ដើម្បី​ប្រយោជន៍​នយោបាយ​ជា​រឿង​យល់ច្រឡំ និង​គ្មាន​ភស្តុតាង​ជាក់ស្តែង។ រូប​អ្នកនាំ​ពាក្យ​ដដែល​បាន​បន្ថែម​ថា កិច្ចសហប្រតិបត្តិការ​របស់​ចិន​នៅ​ក្នុង​អង្គការ​អាំងទែប៉ូល​មាន​គោលដៅ​កាត់​បន្ថយ​ទង្វើ​ឧក្រិដ្ឋកម្ម​របស់​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​ស្រុក និង​បែរ​ជា​បាន​រត់​ទៅ​ពួក​សំងំ​នៅ​បរទេស។ ក្រៅ​ពី​ការ​ចោទ​លើ​ចិន អង្គការ​អាំងទែប៉ូល​ខ្លួន​ឯង​ក៏​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ភាព​លំអៀង​នៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​ដែរ។

នៅ​ត្រង់​ចំណុច​នេះ អង្គការ​អាំងទែប៉ូល​បាន​បដិសេធ និង​រម្លឹក​ពី​មាត្រា​ទី៣ នៃ​លក្ខន្តិកៈ​របស់​ខ្លួន​ថា អាំងទែប៉ូល​មិន​អាច​ចូល​ខ្លួន​ទៅ​អន្តរាគមន៍​លើ​សកម្មភាព​ណា​ដែល​មាន​ចរិក​នយោបាយ យោធា សាសនា ឬ​ការ​ប្រកាន់​ពូជសាសន៍​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រើ​យន្តការណ៍​អាំងទែប៉ូល​ពី​សំណាក់​មហាអំណាច​ចិន​ដើម្បី​កេងចំណេញ​សេដ្ឋកិច្ច និង​នយោបាយ​ពិត​ជា​មាន​តិច ឬ​ច្រើន​ក្តី នេះ​បើ​តាម​យល់​ឃើញ​របស់​ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ