អានតួអត្ថបទ
ភូមា

អសប៖ គេត្រូវ​ជំនួយ​មនុស្សធម៌​២០០​លាន​ដុល្លារ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​វាយតម្លៃ​ថា គេត្រូវការ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ជាជំនួយ​មនុស្សធម៌​ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេច​ចេញ​ពី​អំពើហិង្សា​នៅ​ភូមា និង​ដែល​កំពុង​ជ្រកកោន ក្នុង​ទឹកដី​បង់ក្លាដែស។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែរ គ្រាប់បែក​ច្នៃ​បាន​ផ្ទុះ នៅក្នុង​បរិវេណ​របស់​វិហារ​សាសនា​អ៊ីស្លាម នៅក្នុង​រដ្ឋធានី​Sittwe​របស់​រដ្ឋ​រ៉ាឃីន។

ផ្ទះ​នៅ​ភាគខាងជើង​រដ្ឋរ៉ាឃីន​ត្រូវ​ដុតបំផ្លាញ​នៅថ្ងៃទី ៧​កញ្ញា ២០១៧
ផ្ទះ​នៅ​ភាគខាងជើង​រដ្ឋរ៉ាឃីន​ត្រូវ​ដុតបំផ្លាញ​នៅថ្ងៃទី ៧​កញ្ញា ២០១៧ ©REUTERS/Stringer NO SALES NO ARCHIVES
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​ច្នៃ​បាន​ផ្ទុះ នៅក្នុង​បរិវេណ​របស់​វិហារ​អ៊ីស្លាម នៅ​ក្នុង​ទីក្រុង​Sittwe របស់​រដ្ឋរ៉ាឃីន ដែល​រហូត​មកដល់​ពេលនេះ នៅស្ងប់សុខ និង​ស្ថិតនៅ ឆ្ងាយ​ពី​អំពើ​ហិង្សា ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា រត់ចាកចេញ​ពី​ភូមា​ទៅ​បង់ក្លាដែស។ តាម​អង្គភាព​ព័ត៌មាន​របស់​រដ្ឋាភិបាលស៊ីវិល​ភូមា គ្រាប់បែក​ច្នៃ បំផ្ទុះ ដោយ​ពួក​ភេរវជន មិន​បាន​សម្លាប់ ឬ​ធ្វើ​ឲ្យ​មនុស្ស​របួស​ម្នាក់ណាទេ។ តាម​រដ្ឋាភិបាល​ភូមា​ដដែល គោលដៅ​របស់​ភេរវជន​គឺ​បំផិតបំភ័យ​ប្រជាជន ជាពិសេស​នៅ​មុន​ពិធី​សូត្រធម៌ នៅ​ថ្ងៃ​សុក្រ។

លោក Chris Lewa ប្រធាន​គម្រោង​អារ៉ាខាន ដែល​ជាអង្គការ​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា វិហា​អ៊ីស្លាម នៅ​ទីក្រុង​Sittwe ដែល​ស្ថិតនៅ​ភាគខាងត្បូង រដ្ឋ​រ៉ាឃីន ត្រូវ​បាន​ក្រុមយោធា​ភូមា​ចូល​កាន់កាប់​តាំង​ពី​ថ្ងៃ ទី ២៥​សីហា ម្ល៉េះ ពោល គឺ​ចាប់តាំង​ពី​ថ្ងៃ​ផ្តើម​ដំបូង​នៃ​បង្រ្កាប​របស់​យោធា ភូមា ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ពួកឧទ្ទាម​ដើម្បី​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។ តាម​លោក​ Chris Lewa ដែល​បាន​និយាយ​ទូរស័ព្ទ ជាមួយ អ្នកភូមិ នៅក្បែរ​កន្លែង​កើតហេតុ គ្រាប់បែក​ផ្ទុះ​មិន​បាន​បង្ក​ឲ្យ​មាន​អ្នករង​របួស ប៉ុន្តែ ពួកទាហាន​បាន​ចេញ​ដើរ​ដុត​ផ្ទះ​ក្នុង​ភូមិ ជុំវិញ។ អ្នកភូមិ​ជាច្រើន​បាន​រត់ចេញ​ពី​ផ្ទះសម្បែង នៅក្រោយ​ឧប្បត្តិហេតុ នៅថ្ងៃ​សុក្រ។

លោកស្រី​អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​បាន​អះអាង​ថា លែង​មាន​ការប្រយុទ្ធ​គ្នា និង​ថា បេសកកម្ម​របស់​យោធា​បាន​បិទបញ្ចប់​តាំង​ពី​ថ្ងៃ​ទី ៥​កញ្ញាម្ល៉េះ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International បាន​ប្រៀបប្រដូច​ការធ្វើមិនដឹង មិនលឺ របស់​លោកស្រី​អ៊ុងសាន ស៊ូជី ទៅ​នឹង​សត្វ​អូទ្រីស ដែល​កំពុង​កប់​ក្បាល​ទៅក្នុង​ដីខ្សាច់ នៅពេល​កំពុង​ជួបបញ្ហា។

អំពើហិង្សា​នៅ​ភាគខាងលិច និង​ខាងជើង​រដ្ឋរ៉ាឃីន​បាន​បណ្តាល​ឲ្យ​មាន​វិបត្តិមនុស្ស​ផ្លាស់ទី​​ដ៏ធ្ងន់ធ្ងរ ដែល​គេ​មិនធ្លាប់​ឃើញ​មាន ចាប់តាំង​ពីការកាប់សម្លាប់ បោសសម្អាត​ជនជាតិ​ភាគតិច នៅ​ប្រទេស​បូស្នី។ នៅថ្ងៃ​សុក្រ​ម្សិលមិញ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ព្រមាន​ពី​ជម្ងឺ​រាតត្បាត និង​គ្រោះទុរភិក្ស នៅក្នុង​ជំរំ​ដែល​កកកុញ​ដោយជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ដាការ​របស់​បង់ក្លាដែស​បាន​លើកឡើង​ថា គេត្រូវ​ការថវិកា​ប្រមាណ ២០០​លាន​ដុល្លារ នៅក្នុង​រយៈពេល ៦​ខែ​ទៅមុខ ដើម្បីផ្តល់ជំនួយ​មនុស្សធម៌​ចាំបាច់ ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ជាង ៤សែននាក់ ដែល​រត់គេច​ពី​អំពើហិង្សា​នៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ