អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គីម ជុងអ៊ុន ​គំរាម​លោក ដូណាល់ ត្រាំ ​ចំៗ ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​H

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាង​ជើង និង​សហរដ្ឋ​អាមេរិក​ កំពុង​ឆ្លើយ​ឆ្លង​សង្គ្រាម​ពាក្យ​សំដីគ្នា​ ! ក្រោម​សម្ពាធ​ដ៏​ធ្ងន់​ពី​អង្គការសហប្រជាជាតិ និង​​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ចេញថ្លែងការណ៍​ឆ្លើយ​តប​ ដោយ​បុគ្គល​ផ្ទាល់ និង​ដោយ​ចំៗ ហៅ​លោក​ដូណាល់ ត្រាំ ថា​ជា​មនុស្ស​មាន​រោគ​ចិត្ត និង​បាន​សន្យា​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន រហូត​ដល់​ទី​បំផុត ព្រម​ទាំ​ង​ចាត់​វិធានការ​ជា​ប្រវត្តិសាស្ត្រ​សង​សឹក​អាមេរិក​ដែល​ចង់​កម្ទេច​កូរ៉េខាង​ជើងវិញ។ ការ​សង​សឹក​ដែល​ទំនង​ជា​ការ​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ ទៅ​ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។

គីម ជុងអ៊ុន ថ្លែង​សុន្ទរកថា​ ចេញ​មុខ​ព្រមាន​លោក​ត្រាំ ដោយ​ផ្ទាល់
គីម ជុងអ៊ុន ថ្លែង​សុន្ទរកថា​ ចេញ​មុខ​ព្រមាន​លោក​ត្រាំ ដោយ​ផ្ទាល់ KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​​ប្រតិកម្ម ​ឆ្លើយ​​តប​ទៅនឹង​​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ ​ដែល​ទើប​បាន​ប្រកាស​ពី​លើ​វេទិកា​អង្គមហា​សន្និបាត​អង្គការ​សហប្រជាជាតិ “កម្ទេច​កូរ៉េខាង​ជើង​ឱ្យ​ខ្ទេច” នៅថ្ងៃសុក្រ​នេះ បុរស​ខ្លាំង​របស់​ព្យុងយ៉ាង បាន​ព្រមាន​​លោក​ត្រាំ ថា​នឹង​ត្រូវ​ទទួល​សំណង​យ៉ាង​ចាស់​ដៃ​បំផុត​ពី​កូរ៉េខាង​ជើង។

ពី​មុន​មក​រាល់​ប្រតិកម្ម​របស់​ព្យុងយ៉ាង​តែង​ធ្វើ​ឡើង​ក្នុង​នាម​របប​កុម្មុនិស្ត ឬ​ក្នុង​នាម​ប្រទេស​កូរ៉េខាង​ជើង តែ​នៅ​លើក​នេះ ជា​លើក​ទីដំបូង​បង្អស់ ​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ដោយ​ចំពោះ និង​ដោយ​ចំៗ​ ទៅ​កាន់​លោក ដូណាល់ ត្រាំ ជា​លក្ខណៈ​បុគ្គល ដោយ​ប្រើ​ពាក្យ​ថា « ខ្ញុំ» តែ​ម្តង !

ត្រាំ បាន​ជេរ​ខ្ញុំ! និង​​ប្រទេស​ខ្ញុំ​ ! នៅ​ចំពោះ​មុន​ពិភពលោក​ទាំង​មូល! ពាក្យ​គំរាម​របស់​លោក​ត្រាំ មិន​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច និង​មិន​អាច​បញ្ឈប់ខ្ញុំ​ទេ ! ផ្ទុយទៅ​វិញ ពាក្យ​នោះ​ជា​ការ​បញ្ជាក់​ថា ផ្លូវ​ដែល​លោក​ជ្រើស​កន្លង​ជា​ផ្លូវ​ត្រូវ ហើយ​ខ្ញុំ​ត្រូវ​បន្ត​ក្នុង​ផ្លូវ​នេះ​រហូត​ដល់​ទី​ដៅ។ ក្នុងនាម​ជា​មេ​ដឹកនាំ​ប្រទេស​ និង​ដើម្បីភាព​​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ជាតិ របស់​ប្រជាពលរដ្ឋ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹង​ធ្វើ​ឱ្យ​លោក​ត្រាំ សង​កូរ៉េខាង​ជើង​ក្នុង​តម្លៃ​ដ៏​ខ្ពស់​បំផុត ចំពោះ​ពាក្យ​ប្រមាថ​ចង់​កម្ទេច​កូរ៉េខាង​ជើង។ »

ក្រៅ​អំពី​ចាត់​ទុក​លោក ត្រាំ ជាមនុស្ស​​ចាស់ មាន​រោគ​ចិត្ត​ គីមជុងអ៊ុន បានប្រកាស​​ ថា​នឹងមាន​ការ​​សង​សឹកយ៉ាង​​ចាស់​ដៃ ​ជា​ប្រវត្តិសាស្ត្រ​ តែម្តង !

ព្យុងយ៉ាង​គ្រោង​សងសឹក​ត្រាំ ដោយ​បំផ្ទុះ​គ្រាប់​បែក​អ៊ីដ្រូហ្សែន

វិធានការ​សង​សឹក​ នោះ គឺ​ទំនង​ជា​ការ​បាញ់​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន ​ ដែល​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​សាកល្បង​ពី​មុន​មក​ទេ។ គ្រាប់​បែក​អ៊ីដ្រូសែន​ ដ៏​មហា​គ្រោះ​ថ្នាក់ នឹង​អាច​ត្រូវ​បាញ់​បំផ្ទុះ​នៅ​លើ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។ នេះ​បើ​ប្រសាសន៍​របស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង ដែល​ក៏​កំពុង​ស្ថិត​នៅក្នុង​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ នា​ក្រុង​ញូវយ៉កដែរ តែ​លោក​មិន​បាន​បញ្ជាក់​ថា ជា​បាញ់​បង្ហោះ ឬ​​បំផ្ទុះ​យ៉ាង​ដូចម្តេច និង​នៅ​ទី​ណា​ឱ្យ​ប្រាកដ​ទេ ព្រោះ​ទាំង​នេះ​ជា​សេចក្តី​​សម្រេច និង​​បញ្ជា​របស់​គីមជុងអ៊ុន។ តែ​កន្លង​មក​ គេ​ធ្លាប់​ឮ​ព្យុងយ៉ាង​គំរាម​ចង់​វាយប្រហារ​លើ​កោះ​ហ្កាំ។

គ្រាប់​បែក​អ៊ីដ្រូហ្សែន អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន គឺ ​បង្ក​មហន្តរាយ​ខ្លាំង លើស​គ្រាប់​បែក​នុយក្លេអ៊ែរ ប្រភេទ​ A ឆ្ងាយ​ណាស់។ បារាំង អង់គ្លេស អាមេរិក រុស្ស៊ី ​ចិន​ សុទ្ធ​តែ​មាន​គ្រាប់​បែក​អ៊ីដ្រូហ្សែន​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​ប្រើ​វា ក្រៅ​ក្របខ័ណ្ឌ​សាកល្បង​ទេ។ ជា​ការ​ប្រៀប​ធៀប កម្លាំង​របស់​គ្រាប់​បែក​អ៊ីដ្រូហ្សែន​របស់​រុស្ស៊ី សាកល្បង​កាលពី​ឆ្នាំ​១៩៦១ នៅ​លើ​មហា​សមុទ្ទ​ទឹក​កក​អង់តាកទិក​ ខ្លាំង​លើស​គ្រាប់​បែក​បរមាណូ​ទម្លាក់​ទៅ​លើ​ហ៊ីរ៉ូស្ហ៊ីម៉ា ដល់​ទៅ ៤ពាន់​ដង។​

មហាអំណាច​បន្ត​ប្រទាញ​ប្រទង់​គ្នា​

សង្គ្រាម​ពាក្យ​សំដី និង​ការ​គំរាម​កំហែង​បញ្ចេញ​ធ្មុង​ដាក់គ្នា ឈាន​ដល់​ដំណាក់កាល​មួយ​ កាន់តែ​​គ្រោះ​ថ្នាក់ តែ​គ្មាន​ទេ​ដំណោះស្រាយ​ សម្រាប់​ពេល​នេះ ! គ្មាន​អ្វី​ជឿនលឿន​ និង​ទៅ​មុខ​ បន្តិច​សោះ ! សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ជា​ប្រធានបទ​ស្នូល​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ និងប្រធានបទ​នៃ​​ការ​ជជែក​គ្នាពិភាក្សា​​ ក្រៅ​ឆាកអង្គ​មហា​សន្និបាត អស់​ពេញ​មួយ​សប្តាហ៍​ យ៉ាង​តាន​តឹង។

សំណួរ​ថា​តើ​មាន​វិធីសាស្ត្រណា​​អាច​ដាក់​គំនាប​លើ​កូរ៉េខាង​ជើង​ឱ្យ​បញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ នៅ​តែ​គ្មាន​ចម្លើយ ! ក្រុម​អ្នក​​នយោបាយ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ នៅ​តែបន្ត​ប្រេះឆា រវាងជំហរ​ពីរ ម្ខាង​​​ប្រឆាំង​ដាច់ខាត​ដឹកនាំដោយ​អាមេរិក និងម្ខាង​ជា​​ក្រុមស្និទ្ធ​ជា​មួយ​របប​ព្យុងយ៉ាង​ ចិន​រុស្ស៊ី​។

សហរដ្ឋ​អាមេរិក តាមរយៈ​លោក​រដ្ឋមន្ត្រីការបរទេស​ Rex Tillerson បាន​បញ្ជាក់​​អំពី​ជំហរ​ដាច់​ខាត​របស់​អាមេរិក ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ថា​ត្រូវ​តែប្រឆាំង​ដាច់​ខាត​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ​ព្យុងយ៉ាង ព្រោះ​ការ​គំរាម​កំហែង​មាន​ញឹកញយ​ពេក​មក​លើ​សហរដ្ឋ​និង​សហគមន៍​អន្តរជាតិ​។ ក្រោយ​ការបានពង្រឹង​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​បន្ថែម​ទៀត​លើ​កូរ៉េខាង​ជើង ក្នុង​​វិស័យ​វាយនភណ្ឌ នេសាទ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ឧស្សាហកម្ម​ ប្រមុខ​ការទូត​អាមេរិក បាន​ប្រកាស​ពី​លើ​វេទិកា​អង្គការ​សហប្រជាជាតិ​ព្រមាន​ទៀត ថា​ កូរ៉េខាង​ជើង​ច្រលំ​ធំ​ ដែល​អាង​លើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​បាន​រស់ តែ​តាមការពិត អាវុធ​នុយក្លេអ៊ែរ​កំពុង​នាំ​របប​ព្យុងយ៉ាង​ទៅ​រក​ភាព​ឯកោ និង​ទៅ​រក​ភាព​ទុយ៌ស។

តែ​ខាង​រុស្ស៊ី​ រុស្ស៊ី​ព្រមាន​អាមេរិក​ខ្លាំង​ចំពោះ​ភាព​ច្រឡោងកាង​ចង់​ប្រើ​កម្លាំង​យោធា​របស់​អាមេរិក ដោយ​យល់​ថា​ភាព​ប្រឈម​ក្នុង​វិបត្តិកូរ៉េខាង​ជើង កំពុងវិល​គួច ជក់​ខ្លាំងទៅៗ​ទៅ​រក​គ្រោះ​ថ្នាក់ ! មិន​មែន​ត្រឹម​តែ​ដោះស្រាយ​មិន​ចេញ​ទេ តែ​ថែម​ទាំង​នាំ​ដល់​ទៅ​មហន្តរាយ​តែ​ម្តង។ សម្រាប់​រុស្ស៊ី​ ច្រក​ចេញ​មាន​តែ​មួយ គឺ​តាម​ផ្លូវ​នយោបាយ​និង​ការ​ទូត​ តាមរយៈ​ការ​ចរចា​ ចូល​រួម​ដោយ​គ្រប់​ភាគី ដូច​អ្វី​ដែល​រុស្ស៊ី​ធ្លាប់​បាន​ស្នើ​ឡើង​ជាមួយ​ចិន កាលពីថ្ងៃទី​៤​ខែ​កក្កដា។

ក្រោយ​ពី​បាន​ព្រមាន​កូរ៉េខាង​ជើងជា​ថ្មី លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក៏​បាន​ងាក​ទៅ​ឆ្កឹះ​​ជ្រលរ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ដែរ ថា​បើ​ចង់​ឱ្យ​ឧបទ្វីបកូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ មាន​ស្ថិរភាព​ បញ្ជៀស​វិបត្តិ​ក្នុង​តំបន់​ ដល់​វេលា​ដែល​ចិន​ត្រូវ​ងាក​មក​សហការ​ជាមួយ​អាមេរិក​ និង​សហគមន៍​អន្តរជាតិ​ ដើម្បី​គាប​កូរ៉េខាង​ជើង​។ ចិន​ត្រូវ​តែ​ប្តូរ​យុទ្ធសាស្ត្រ​ ដើម្បី​កុំ​ឱ្យ​ហួស​ពេល​ទាន់។

ប៉ុន្តែ​ចិន​គ្មាន​រង្គើ ! ចិន​នៅ​តែ​រក្សា​បន្ទាត់​នយោបាយ​តែ​មួយ​គត់​របស់​ខ្លួន​ដដែល ដែល​បាន​ស្នើ​ឡើង​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ គឺ បញ្ឈប់​ប្រតិបត្តិការ​យោធា​អាមេរិក-កូរ៉េខាង​ត្បូង នៅ​ក្នុង​​តំបន់ ជា​ថ្នូរ​នឹង​ការ​បង្កក​កម្មវិធី​នុយក្លេអ៊ែរ​ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ