អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើង​ប្រដូច​ការ​គំរាម​របស់​លោក​ដូណាល់ ត្រាំ​ទៅ​នឹង « ឆ្កែចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ »

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កញ្ញា​នេះ លោក​ប្រមុខ​ការទូត​កូរ៉េខាងជើង​រី ជុងហូ​បាន​ប្រៀបប្រដូច​ការ​គំរាម​របស់​លោក​ដូណាល់ត្រាំ​ដែល​នឹង​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ផេះ​ទៅ​នឹង « ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ » និង​ថា សម្តី​របស់​លោក​ត្រាំ​នឹង​គ្មាន​ថ្ងៃ​អាច​បំភិតបំភ័យ​កូរ៉េខាងជើង​បាន​ឡើយ។ លោក​រី ជុងហូ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ទីក្រុង​យ៉ក​ដែល​លោក​បាន​ទៅ​ចូល​រួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

លោក​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​រី ជុងហូ
លោក​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​រី ជុងហូ Noel CELIS / AFP
ផ្សាយពាណិជ្ជកម្ម

មាន​ពាក្យ​ស្លោក​មួយ​និយាយ​ថា « ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ » នេះ​ជា​ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​រី ជុងហូ​នៅ​ចំពោះ​ហ្វូង​អ្នកកាសែត​ក្បែរ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក។ លោក រី ជុងហូ​បាន​បន្ថែម​ថា បើ​លោក​ត្រាំ​ចង់​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ភ្ញាក់ផ្អើល​ជាមួយ​នឹង​សម្លេង​ព្រុស​របៀប​នេះ លោក​ត្រាំ​ពិត​ជា​កំពុង​តែ​សុបិន្ត​ហើយ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ទាក់ទង​នឹង​ការ​ដែល​លោក​ត្រាំ​បាន​ចាត់​ទុក​លោក​គីម ជុងអ៊ុន​ជា « Rocket-man » លោក​រី ជុងហូ​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ក្រុមទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ។

ប្រតិកម្ម​របស់​លោក​រី ជុងហូ​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​លោក​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នា​ថ្ងៃ​សុក្រ ទី២២ កញ្ញា។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​រី ជុងហូ​នឹង​លើក​យក​ឃ្លាឃ្លោង​ដដែល​នេះ​ទៅ​និយាយ​នៅ​លើ​វេទិកា​អង្គការ​សហប្រជាជាតិ ឬ​អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ប្រតិកម្ម​របស់​លោក​រី ជុងហូ​ពេល​នេះ​ជា​ប្រតិកម្ម​ផ្លូវការ​ទី១ របស់​កូរ៉េខាងជើង​ដើម្បី​ឆ្លើយ​តប​នឹង​សុន្ទរកថា​វាយប្រហារ​កូរ៉េខាងជើង​របស់​លោក​ដូណាល់ ត្រាំ​នៅ​លើ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ទី១៩ កញ្ញា។

នា​ឱកាស​នោះ លោក​ត្រាំ​បាន​ចោទ​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុងអ៊ុន​ជា​បុរសកាំជ្រួច​ដែល​កំពុង​បំពេញ​បេសកកម្ម​ធ្វើ​អត្តឃាត​ខ្លួន​ឯង និង​របប​របស់​ខ្លួន។ លោក​ត្រាំ​ថែម​ទាំង​និយាយ​មិន​លាក់លៀម​ថា បើ​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ការពារ​ខ្លួន និង​ការពារ​សម្ព័ន្ធមិត្ត​របស់​អាមេរិក អាមេរិក​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ផេះ​ទេ។ សម្តី​គំរាម​ខ្លាំងៗ​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​ជា​ហូរហែ​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លកង​ទៅ។

ដោយឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កញ្ញា​នេះ កូរ៉េខាងត្បូង​បាន​ប្រកាស​ពី​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ជា​ស្បៀងអាហារ​សម្រាប់​កុមារ និង​ស្រ្តី​មាន​ផ្ទៃពោះ រួម​ទាំង​ថ្នាំវ៉ាក់សាំង និង​ថ្នាំសង្កូវ​ផ្សេរ​ទៀត​គិត​ជា​ប្រាក់​មាន​ជិត ៨លានដុល្លារ​ទៅ​ឲ្យ​កូរ៉េខាងជើង។ ជំនួយ​មនុស្សធម៌​ទាំង​អស់​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​អង្គការ Unicef៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ