អានតួអត្ថបទ

វិបត្តិរ៉ូហ៊ីងយ៉ា ៖ លោកស្រី អ៊ុងសានស៊ូជី នឹង​ថ្លែង​សារ​ជាតិ​​ជា​លើកទីមួយ​នៅ​ថ្ងៃ​អង្គារ

បន្ទាប់ពី​ប្រកាស​លុប​ចោល​ដំណើរ ​ទៅ​ទីក្រុងញូវយ៉ក ​មិន​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោកស្រី​អ៊ុង សានស៊ូជី បានសម្រេច​ចិត្ត​ចេញ​ស្តី​ ជា​លើក​ទី​មួយ ស្តី​អំពី​វិបត្តិ​រ៉ូហ៊ីងយ៉ា ពី​ទីក្រុង​ណៃពិដោ រដ្ឋធានី​របស់​ភូមា ! នៅ​ថ្ងៃអង្គារ​ទី ១៩ កញ្ញា ២០១៧ ថ្ងៃ​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក។ ជា​សន្ទរកថា​ជាតិមែន​ តែ​មាន​តម្លៃ​ជាសារ​របស់​​ភូមា​ចង់​ផ្ញើជូន​​ទៅ​កាន់​ពិភពលោកទាំង​មូល។

លោកស្រី​អ៊ុងសានស៊ូជី នៅ​វេទិកា​អង្គការ​សហប្រជាជាតិ​ ២១​កញ្ញា ២០១៦
លោកស្រី​អ៊ុងសានស៊ូជី នៅ​វេទិកា​អង្គការ​សហប្រជាជាតិ​ ២១​កញ្ញា ២០១៦ REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ប្រកាស​លុប​ចោល​ដំណើរ ​ទៅ​ទីក្រុងញូវយ៉ក ​មិន​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោកស្រី​អ៊ុង សានស៊ូជី បានសម្រេច​ចិត្ត​ចេញ​ស្តី​ ជា​លើក​ទី​មួយ ពី​ទីក្រុង​ណៃពិដោ រដ្ឋធានី​របស់​ភូមា ! លោកស្រី​នឹង​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ជាតិ ​នៅ​វេលា​ម៉ោង ១០​ព្រឹក​ ម៉ោង​ក្នុង​ស្រុក ពោល​គឺ​ប៉ុន្មាន​ម៉ោង​មុន​ការ​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧២ នៅ​ទីក្រុង​ញូវយ៉ក។

ជា​ជម្រើស​ប្រកប​ដោយ​និម្មិត្តរូបណាស់​ ព្រោះថា​ទឹក​ចិត្ត​ជាតិនិយម​របស់​​លោកស្រី​ជ័យលាភី​ណូបែល​សន្តិភាព​ មិន​ខ្វាយ​ខ្វល់​នឹង​ជោគវាសនា​ជនជាតិ​ភាគតិចកាន់​សាសនា​អ៊ីស្លាម​​រ៉ូហ៊ីងយ៉ា ​បាន​រង​ការ​រិះគន់​ខ្លាំងណាស់ ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ អង្គការ​សហប្រជាជាតិ បាន​ធ្លោយ​មាត់​​ហៅ​ថា “ជា​បោសសម្អាត​ជាតិ​ពន្ធុ” ផង។

ក្នុង​រយៈ​ពេល​តែ​បី​សប្តាហ៍ ប្រតិបត្តិការ​របស់​យោធា​ភូមា បាន​ជំរុញ​ឱ្យ​ជនរ៉ូហ៊ីងយ៉ា ជាង​បួន​សែន​នាក់ រត់​ភៀស​ខ្លួន​ចូល​បង់ក្លាដែស។ លោកស្រី​រដ្ឋមន្ត្រីការបរទេស អ៊ុងសានស៊ូជី ដែល​ធាតុ​ពិត​ជា​អ្នក​កាច់​ចង្កូត​​ប្រទេស បាន​ត្រឹមអំពាវនាវ​ខ្សាវៗ​ឱ្យ​ក្រុមយោធា​អត់​ធ្មត់​ និង​គិត​គូរ​ដល់​អាយុ​ជីវិត​ជនស៊ីវិល ព្រម​ទាំង​បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លីមួយ​ឱ្យ​ទូរទស្សន៍ជាតិ​​ឥណ្ឌាម្តង ​ចេញ​សារ​​បរិហារ​​ការ​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​ក្នុង​ប្រព័ន្ធ​ឃោសនា​បរទេស​ស្តី​ពី​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះម្តង។

​ដូច្នេះ​នៅ​អង្គារ​ខាង​មុខ លោកស្រី​នឹង​ថ្លែង​សុន្ទរកថា ដើម្បី​បង្ហាញ​ការ​ពិត ! គ្រប់​គ្នា​រង់ចាំសុន្ទរកថា​របស់​លោកស្រី​ណាស់ តែ​​សុន្ទរកថា​នេះ ទំនង​ជា​គ្មាន​ខ្លឹមសារ​ទាក់ទាញ​​ដូច​សុន្ទរកថា​របស់​លោកស្រី ពី​វេទិកា​អង្គមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ កាលពី​ឆ្នាំ​ទៅ​ទេ។ កាលណោះ​លោកស្រី​បាន​សន្យា​ការពារ​សិទ្ធិ​មនុស្ស​ សិទ្ធិ​ជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា ដែល​រង​ការ​ធ្វើ​ទុកម្នេញ​ជាងគេ​មួយ​នៅ​លើ​ពិភពលោក។ លោកស្រី​ក៏​បាន​សន្យា​ដែរ​ ថា​នឹង​ប្រឆាំង​ដាច់​ខាត​នូវ​រាល់​គំនិត​រើសអើង និង​គ្មាន​ការ​អនុគ្រោះ។

ប៉ុន្តែឆ្នាំ​ទៅ​ខុស​ពី​ថ្ងៃ​នេះ ! លោកស្រី​បាន​ផ្តល់​សញ្ញា​រួច​ហើយ​ថា អាទិភាព​របស់​រដ្ឋាភិបាល​គឺ​ការ​ចុះ​សម្រុង​ស៊ីចង្វាក់​ជាមួយ​ក្រុម​យោធា ឯបញ្ហា​​ជនជាតិភាគតិច​ជា​រឿង​បន្ទាប់​បន្សំ។ របប​​យោធាផ្តាច់ការ​ភូមា​​បាន​រំលាយ​ខ្លួន​ចោល​តាំង​ពី​ឆ្នាំ​២០១១​មែន តែ​នៅ​មាន​អំណាច​ខ្លាំង។ ជាងនេះ​ទៅ​ទៀត ដើម្បីតម្រង់​ទិស​​សុន្ទរកថា​របស់​លោកស្រីអ៊ុងសាន​ស៊ូជី ​​ពួក​យោធាបាន​សរសេរ​សារ​ព្រមាន​ជា​ស្រេច​នៅ​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូកថា “បញ្ហា​រ៉ូហ៊ីងយ៉ា​ជា​វិបត្តិ​ជាតិ ! យើង​ត្រូវ​រួបរួម​គ្នា​និយាយ​ការពិត ! ការពិត​ដែល​ថាសហគមន៍​អត់​ជាតិ​អត់​ទឹក​ដី​មួយនេះ គ្មាន​អ្វី​ទាក់ទង​នឹង​ភូមា​ទេ"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ