អានតួអត្ថបទ

បង់ក្លាដែស​ទៅប្តឹង​អង្គការសហប្រជាជាតិ​សុំជំនួយ​សាមគ្គីភាព​ដោះស្រាយ​វិបត្តិ​រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃសៅរ៍​នេះ បង់ក្លាដែស ក៏​បាន​ប្រកាស​សាងសង់​ជម្រក​ថ្មី​ចំនួន​១៤០០០ជម្រក​ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាងប្រមាណ​ដល់​ជិត​ទៅ​៤​សែន​​ ដែល​រត់​មក​ពី​ភូមា។ ឯ​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស បាន​ធ្វើ​ដំណើរ​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្វែង​រក​ជំនួយ​​សាមគ្គីភាព​ជួយ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ ​ ហើយ​ក្នុងបរិបទ​ដ៏​តាន​តឹង​នៃ​វិបត្តិ​រ៉ូហ៊ីងយ៉ា​​​នេះ បង់ក្លាដែស​បានធ្វើការ​​បរិហារភូមា​អំពី​​ទង្វើ​រំលោភបំពាន​ដែន​អាកាស​ ជាញឹកញយ​ពី​សំណាក់​យោធាភូមា។

ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រត់ដល់​បង់ក្លាដែស
ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រត់ដល់​បង់ក្លាដែស Reuters
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​រ៉ូហ៊ីងយ៉ានឹង​​បាន​ក្លាយ​ជា​ប្រធានបទ​ស្នូលមួយ​​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ឆ្នាំ​នេះ។ ក្នុង​ពេល​ចាក​ចេញ​ពី​ប្រទេស​ ឆ្ពោះ​ទៅកាន់​​ក្រុងញូវយ៉ក លោក​នាយករដ្ឋមន្ត្រី​បង់ក្លាដែល​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថា​នឹង​ទៅ​អំពាវនាវ​ស្វែង​រក​ជំនួយ​សាមគ្គីភាព​ពី​អន្តរជាតិ​ ដើម្បី​ប្រឈម​នឹង​លំហូរ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជិត​៤សែន​នាក់ មក​ពី​ភូមា។

ក្នុង​រយៈ​ពេល​តែ​បី​សប្តាហ៍ តំបន់​ភាគ​ខាង​ត្បូង​បង់ក្លាដែស ជាប់​​ព្រំដែន​​ភូមា បាន​ក្លាយ​ជា​ជំរំ​ជនភៀស​ខ្លួន​ដ៏​រខេករខាក​និង​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ស្ថានភាព​មនុស្សធម៌​ដុនដាប​បំផុត និង​ការ​ផ្តល់​ជំនួយប្រព្រឹត្ត​ទៅ​ដោយ​ត្រដាបត្រដួស។

នាយករដ្ឋមន្ត្រី​បង់ក្លាដែស ក៏​នឹង​ស្នើ​សុំ​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ ឱ្យ​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ភូមា​ ឱ្យ​ព្រម​ទទួល​យក​ជនភៀស​ខ្លួន​ទាំង​នោះ​​ត្រលប់​ទៅ​ភូមិ​កំណើត​របស់​ពួក​គេ​វិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី។ ក្នុង​ពេល​រង់ចាំ​ អាជ្ញាធរ​​បង់ក្លាដែស បាន​បញ្ជា​ឱ្យ​យោធា​ជា​អ្នក​ចាត់​ចែង​ផ្តល់​ជំនួយ​ និ​ង​ក៏​បាន​ប្រកាស​សាង​សង់ជំរំ​ជនភៀស​ខ្លួន​ថ្មី ដែល​មាន​​១៤០០០​ជម្រក ក្នុង​ដី​ប្រមាណ​៨០០​ហិចតារ សម្រាប់ជនភៀស​ខ្លួន​ទាំង​៤​សែន​នាក់។

ការ​ផ្តល់​ជម្រក​និង​បង្កើត​ជំរំ​ប្រមូល​ផ្តុំ​ ឱ្យ​លេច​ជា​រូបរាង​ ក្នុង​រយៈ​ពេល​១០​ថ្ងៃ មិនមែនសម្រួល​តែ​ការ​ផ្តល់​ជំនួយ​ទេ តែ​ក៏​ជា​ឱកាស​មួយ​សម្រាប់​រាប់​កត់ត្រា​ចំនួន​​ពិត​ប្រាកដ​នៃ​ជនភៀសខ្លួន​ទាំង​នោះ ដែល​រហូត​មក​ពេល​នេះ បង់ក្លាដែស​ប៉ាន់​ស្មាន​ថា​បាន​ឡើង​លើសចំនួន​​៤​សែននាក់។​

​​វិបត្តិ​រ៉ូហ៊ីងយ៉ា​ដ៏​តាន​តឹងនេះ កំពុង​រាលដាល​ដល់​វិបត្តិ​ការទូត។ ក្រសួងការបរទេស​បង់ក្លាដែស បាន​កោះ​ហៅ​តំណាង​ស្ថានទូត​ភូមា​ប្រចាំ​ក្រុងដាកាជា​ថ្មី​ទៀត ​ ដើម្បី​សម្តែង​ការ​ប្រឆាំង​និង​​ព្រមាន​ អំពី​ផលវិបាក​នៃ​​​ទង្វើ​បង្ក​ហេតុ​របស់​ភូមា ជា​ញឹកញយ។ បើ​​តាម​បង់ក្លាដែស ឧទ្ធម្ភាចក្រ​ និង​ដ្រូន​របស់​ភូមា បាន​ហោះ​ឆ្លង​ រំលោភ​ចូល​ដែន​អាកាស​បង់ក្លាដែស ចំនួន​ដល់​ទៅ​បី​ដង​ហើយ ៖ ១០ -១២ ​និង​១៤ កញ្ញា។ រដ្ឋាភិបាលក្រុង​ដាកា​ ​បាន​ទាមទារ​ឱ្យ​ភូមា​ចាត់​វិធានការ​ជា​បន្ទាន់​កុំ​ឱ្យ​ហេតុការណ៍​រំលោភ​បូរណភាព​ដែន​អាកាស​អាច​កើត​ឡើង​ជា​ថ្មី​ទៀត​បាន និង​បាន​ប្រកាស​ចាប់​ខ្លួន​អ្នក​កាសែតភូមាន​ផ្នែក​​តាមដានស្ថានការណ៍​មនុស្សធម៌​ពីរ​នាក់ ពី​បទ​ចារកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ