rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

កុមារ​ឥណ្ឌា​​អាច​មា​ន​ជោគវាសនា​​រួចផុត​ពីការ​​បំពានភេទ​ ការ​ជួញដូរ​ ​និង​​ការ​ធ្វើការ​​ដោយ​​បង្ខំ​​ទេ?​

ដោយ ព្រំ សឿន សូលីណា

យោងតាម​រដ្ឋាភិបាល​ឥណ្ឌា ​កុមារ​ឥណ្ឌា​ជាង​៩ពាន់នាក់​ បាន​រងគ្រោះ​ដោយ​ការជួញដូរ​ផ្សេងៗ ក្នុងឆ្នាំ​២០១៦កន្លងទៅ​ គឺកើនឡើង​២៥ភាគរយ ប្រៀប​នឹង​ឆ្នាំ២០១៥។ ​ប៉ុន្តែ ក្រុមជំនាញ​លើកឡើង​ថា តួលេខ​នេះទាប​ជាងការពិត​ឆ្ងាយណាស់។ ​ជ័យលាភី​ណូបែល​សន្តិភាព​ឥណ្ឌា លោក​កៃឡាស សត្យាធី Kailash Satyarthi ​បានរៀបចំ​អោយ​មាន​ក្បួនដំណើរធំមួយ នៅទូទាំង​ប្រទេសឥណ្ឌា​ ជា​​​​យុទ្ធនាការ​ប្រឆាំង​ការ​បំពានភេទ​​លើ​កុមារ​។ លោកសង្ឃឹមថា អាច​មានមនុស្ស​ចូលរួម​១លាននាក់។

​កុមារ​ឥណ្ឌា​ប៉ុន្មាននាក់​ពិតប្រាកដ​ទៅ ដែល​មួយឆ្នាំៗ បាន​រងការបំពាន​ភេទ ត្រូវគេ​​យកទៅលក់​ជាទាសករ ត្រូវ​គេ​បង្ខំអោយ​ធ្វើការ​តាមរោងចក្រ? កុមារ​ឥណ្ឌា​ប៉ុន្មាន​នាក់ទៅ ដែល​មានជោគវាសនា​គេចផុត​ពី​នរក​នៃ​ការជួញដូរ? យោងតាម​រដ្ឋាភិបាល​ឥណ្ឌា កុមារ​ឥណ្ឌាជាង​៩ពាន់នាក់​ក្លាយជា​ជនរងគ្រោះ​ក្នុង​ការជួញដូរ​ ក្នុង​ឆ្នាំ២០១៦ គឺកើន​២៥ភាគរយ ​ប្រៀបនឹង​ឆ្នាំ២០១៥។ កុមារ​ប្រហែល​១ម៉ឺន៤ពាន់​នាក់​ រង​ការបំពាន​ភេទ ​រងការចាប់រំលោភ​ ក្នុង​ឆ្នាំ២០១៥​។ ប៉ុន្តែ ​​ក្រុមជំនាញលើកឡើង​ថា​​ តួលេខ​នេះ​មិនឆ្លុះបញ្ចាំង​ពី​ការពិត​ក្នុងស្រុក​ទេ។ មាន​ន័យថា ចំនួន​កុមារ​ពិតប្រាកដ​ដែល​រងគ្រោះ​ដោយ​ការបំពានភេទ រឺ​ការជួញដូរ​ផ្សេងៗ មាន​ច្រើន​​ជាងនេះ​ឆ្ងាយណាស់។

បើ​និយាយពី​សង្គម​ឥណ្ឌា​វិញ គ្រប់គ្នា​​ហាក់ដូចជា​កំពុង​ជួយលាក់​បទឧក្រិដ្ឋ​ធ្វើបាប​​កុមារ​ ទើប​បាន​ជា​ធ្វើដូចជា​មិនសូវដឹងលឺ​​រឿងនេះ ! ​ដើម្បី​ដាស់សតិ​ជនជាតិ​ឥណ្ឌា ដាស់​សម្បជញ្ញៈ​ប្រជាជន​ឥណ្ឌា​គ្រប់រូប ​អោយ​ហ៊ាន​ប្រឈម​មើល​ស្ថានភាពទាំងនេះ ជ័យលាភីណូបែល​សន្តិភាព​ឥណ្ឌា លោក​កៃឡាស សត្យាធី បាន​បើក​ក្បួនដំណើរ​ដ៏ធំមួយ កាលពីថ្ងៃចន្ទ ​​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ជា​យុទ្ធនាការ​ប្រឆាំង​ការបំពានភេទ ប្រឆាំង​​ការ​ធ្វើបាប​​​កុមារ​។ ក្បួន​ដំណើរ​ដើម្បី​ការពារ​កុមារ​នេះ ​ហែចេញ​ពី​ក្រុង​កាន់យ៉ាគុមារិ នៅ​ភាគខាងត្បូង ​ហើយ​ត្រូវបញ្ចប់​នៅ​ក្រុងញូវដេល្លី នៅ​ថ្ងៃ​១៦តុលា​ខាងមុខ។ ​​

លោកសត្យាធី ជា​ជ័យលាភីណូ​បែល​​សន្តិភាព​​ ឆ្នាំ២០១៤។ លោក​មានអាយុ​៦៣ឆ្នាំ លោកបាន​តស៊ូ​រាប់សិបឆ្នាំ​មកហើយ​ ដើម្បី​សង្គ្រោះ​កុមារ​ឥណ្ឌា។ លោក​ប្រថុយ​ជីវិត ​ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបយ៉ាង។ លោក​បានបង្កើត​ចលនាការពារ​កុមារ មាន​ទាំង​​ចលនា​ប្រឆាំង​ការបង្ខំកុមារ​អោយ​ធ្វើពលកម្ម ដែល​មានបណ្តាញ​​​​​នៅតាម​ជាង​១០០ប្រទេស​ ហើយ​បាន​សង្គ្រោះ​ក្មេងៗ​៨ម៉ឺន៦ពាន់នាក់ ពី​ទាសភាព​ការងារទៀតផង។

យោងតាម​​ជ័យលាភី​ណូបែល​ឥណ្ឌារូបនេះ ​​​រៀងរាល់​ម៉ោង​ មាន​កុមារ២នាក់ ​​រងគ្រោះ​ដោយការ​បំពានភេទ។ ក្រុមឈ្មួញ​បាន​លក់ក្មេងៗ​ទាំងនេះ ដូចសត្វធាតុ ​​ជួនកាល លក់​ក្នុងតម្លៃ​ទាបជាង​សត្វទៀតផង។ ​ឈ្មួញ​ជួញដូរ​កុមារ​បាន​លួងលោម​កុមារ​មកពីតំបន់​ដាច់ស្រយាលថា នឹង​អោយ​ពួកគេ​មាន​ការងារ​ធ្វើ បន្ទាប់​មក ​ជនពាល​ទាំងនេះ​បាន​យក​ក្មេងៗ​ទៅលក់​អោយ​បនពេស្យា រោងចក្រ រឺ​ក៏​លក់បន្ត​អោយ​ក្រុមជនពាល។ ក្រុម​ជនឧក្រិដ្ឋ​​​បាន​បង្ខំកុមារ​អោយ​ទៅ​សុំទានគេ​។ នៅតាម​រោងចក្រ កុមារ​ត្រូវគេ​បង្ខំអោយ​ធ្វើការ ក្រោម​ការយាមកាម​តឹងតែង​ពី​អ្នកយាម​ប្រដាប់អាវុធ។ ​

ប៉ុន្តែ​ ​សង្គម​ឥណ្ឌា​ដូចជា​ស្ងាត់មាត់​ចុកទៅវិញ ពេលឃើញ​មាន​ករណី​​​ធ្វើបាប​បំពានភេទ​​លើ​កុមារដែលគ្មានដឹងខ្យល់​អី​​​ដូច្នេះ។ ​គេ​ប្រហែល​ជាចាត់ទុករឿងនេះជាឆាកសំដែង​ទេដឹង បានជា​នៅ​ទ្រឹង មិន​​​សង្គ្រោះ​កុមារ​តូចៗ​អោយផុតពី​កណ្តាប់​ដៃជនពាល? ហេតុអ្វី​ក៏​ម្នាក់ៗ​ចេះតែ​ស្ងាត់មាត់​ដូចគេចុក​​ទៅកើត ពេលមា​នករណី​រំលោភបំពាន​ភេទ បង្ខំកុមារ​ធ្វើការ​កើតឡើង? រឺក៏ខ្លាច​ជនពាល​សម្លាប់ សងសឹក ​ទើប​បាន​ជានៅស្ងៀម?

ជ័យលាភី​ណូបែល​ឥណ្ឌា លោកកៃឡាស ​​សត្យាធី ប្រាប់ថា ក្នុង​ការតស៊ូ​សង្គ្រោះកុមារ ពី​កណ្តាប់ដៃ​​ជនពាល​​ លោក​​​បាន​រងការគំរាមអាយុជីវិត លោក​រងរបួស​​រាងកាយ បាក់ឆ្អឺងក៏មាន។ ​​​មិត្ត​រួមការងារ​របស់​លោក​២នាក់ត្រូវបានគេសម្លាប់។ យោងតាម​លោក​សត្យាធី ​​​បញ្ហា​សព្វថ្ងៃ​នេះគឺ​ដោយសារ​តែ​​មាន​ចន្លោះប្រហោង​ក្នុង​​​ប្រព័ន្ធ​យុត្តិធម៌​​ និងក្នុង​​​​​ការងាររបស់កងកម្លាំង​​​​​អាជ្ញាធរ​។​​

ច្បាប់​ចន្លោះប្រហោង​យ៉ាងណា​ក៏ដោយចុះ ​ប្រសិន​​​បើ​​ការតស៊ូសង្គ្រោះកុមារ ត្រូវប្រឈម​ការគំរាម​អាយុជីវិត​​ពី​ជនពាល ​ទើបបាន​ជាគេ​នាំគ្នា​នៅស្ងៀម​ មានន័យថា គេកំពុង​បណ្តោយ​​អោយ​សកម្មភាព​​​ឧក្រិដ្ឋលើ​​កុមារ ក្លាយជា​សកម្មភាព​ស្របច្បាប់​ហើយ។ ក្នុង​នាម​ជាចាស់ជាទុំ​​​ក្នុងស្រុក​ ម្នាក់ៗ​​​មិនព្រមរួបរួមគ្នា មិនអាច​​សង្គ្រោះ​​​ក្មេង​តូចៗបានផង ​ដោយសារ​តែ​​​​កំសាក​ខ្លាចជនពាលសងសឺក​ តើថ្ងៃក្រោយទៅ ស្ថិរភាព​សន្តិសុខ​អាច​មានឡើង​ដូចម្តេច​បាន? តើ​ធ្វើជាឪពុកម្តាយ​គេ​​ម្តេចបានទៅ?

មិនពិបាកឆ្ងល់ទេ បើ​រដ្ឋាភិបាល​ឥណ្ឌា​លើកឡើង​ពីការកើនឡើង​តួលេខ​កុមារ​ដែល រងគ្រោះ​ដោយការ​ជួញដូរ​គ្រប់បែបយ៉ាង​នោះ នេះគឹដោយសារតែ​ភាព​កំសាក ការ​បាត់បង់​​សតិ របស់​គ្រប់គ្នា​នេះ​​ហើយ៕​​

នៅរុស្ស៊ី ស្ពានប្រវត្តិសាស្ត្រ ត្រូវបាន​សង់ឡើង ទាំងក្រោម​គំនាប​ទណ្ឌកម្ម​បស្ចិមលោក

អឺរ៉ុប ចង់​សង្រ្គោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដោយ​របៀប​ណា?

តើ​ក្រុមភេរវជន​នៅ​ពីក្រោយ​ការវាយប្រហារ​អត្តឃាត​នៅ​ឥណ្ឌូណេស៊ី​ជា​នរណា?

នុយក្លេអ៊ែរអ៊ីរ៉ង់៖​ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក អឺរ៉ុប​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះស្រាយ

តើ​កិច្ច​សន្យា​ពាណិជ្ជ​កម្ម​ជាមួយ​អ៊ីរ៉ង់​ក្នុង​ទឹកប្រាប់​រាប់​ពាន់​លាន​ដុល្លារ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា

ម៉ាឡេស៊ី៖ ទោះ​មិនសូវ​មាន​ប្រជាប្រិយ ​តែ​បក្ស​លោក​ណាជីប រ៉ាហ្សាក់ ​អាច​នឹង​ឈ្នះឆ្នោត​ជាថ្មី​

តើ​វិបត្តិ​ប្រជាសាស្រ្ត​ជប៉ុន​អាច​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ខាង​សេដ្ឋកិច្ច?

តួកគី៖​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​ផ្តើម​យុទ្ធការឃោសនា​សម្រាប់​ការ​បោះឆ្នោត​មុនអាណត្តិ​ថ្ងៃទី២៤ មិថុនា

តើ​​​ទស្សនៈកិច្ជ​​​​របស់​​​​ប្រធានាធិបតី​​​នី​ហ្សេរីយ៉ា​​​​ Muhammadu Buhari ​​​​នៅ​​​​សហរដ្ឋ​អាមេរិក​​​​មាន​​​​គោលដៅ​​​​អ្វី​​ខ្លះ?​​​

តើ​ជំនួបកំពូល​រវាង​កូរ៉េទាំងពីរ​ជា​ក្តីសង្ឃឹមថ្មី​ឬ​ក៏ជាការ​ដើរ​ជាន់​ដានចាស់?

បារាំង ៖ ប្រវត្តិ​មហាបាតុកម្មខែឧសភា ៦៨

នៅ​តំបន់​ដើមបូព៌ា ប្រមុខ​ការទូត​អាមេរិក​បង្ហាញ​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​អាមេរិក​ចំពោះ​អ៊ីរ៉ង់

ក្រុមហ៊ុន​​ Altaba ​(អតីតៈ​ក្រុមហ៊ុន​ Yahoo!) ​ត្រូវ​​​បង់​​ប្រាក់​​​ផាក​​ពិន័យ​​​ចំនួន​​​ ៣៥ ​​លាន​​​​ដុល្លារ​​

រុស្ស៊ី​នឹង​បញ្ជូន​ទៅ​អោយ​ស៊ីរី​គឺ​ប្រព័ន្ធមីស៊ីល​ការពារ​ដែន​អាកាសធុន ​S-300 ​ដោយ​ឥត​ទារ​សំណង​

បង់ក្លាដែស៖​៥ឆ្នាំ​ក្រោយ​សោកនាដកម្ម​នៅ​រ៉ាណា ប្លាហ្សា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

អាមេនី ៖ នាយក​រដ្ឋមន្ត្រី​លាលែង​ពីតំណែង វិបត្តិ​នយោបាយ​នឹង​បិទ​បញ្ចប់ ?!

បញ្ហា​ប្រឈម​សំខាន់ៗ សម្រាប់​ការបោះឆ្នោត​សភា នៅ​អាហ្វហ្កានីស្ថាន

តើប្រាជ្ញាសប្បនិមិត្ត (Intelligence artificielle) អាចដោះស្រាយរាល់បញ្ហាទាំងអស់របស់ Facebook បានដែរឬទេ?

ជប៉ុន​រកឃើញរ៉ែលោហៈ​កម្រជាង​១៦លានតោន

តើមនុស្សយន្ត នឹងទៅ​​ជំនួស​ទាហាន​មនុស្ស​នៅទីលាន​សមរភូមិ?