អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា​ទើប​ភ្ញាក់រលឹក សង់​ជំរំ​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​ភូមា​នឹង​បង្កើត​ជំរំ​ជនភៀសខ្លួន​បីកន្លែង នៅ​ក្នុង​រដ្ឋ​រ៉ាឃីន ដើម្បី​ទទួល​ប្រជាជន​ដែល​បាន​រត់គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា នៅក្នុង​រដ្ឋរ៉ាឃីន។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​ផ្លូវរដ្ឋ​ភូមា Global New Light of Myanmar នៅ​ថ្ងៃ​សៅរ៍​ទី ៩ កញ្ញា។ តាម​សេចក្តី​ថ្លែងការណ៍​របស់​ឧត្តម​ស្នងការណ៍​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ចាប់តាំង​មាន​ការផ្ទុះអាវុធ​ដ៏ហិង្សា រវាង​កងទ័ព​ភូមា ហើយ​និង​ពួកឧទ្ទាម​ទ័ពព្រៃ ដើម្បី​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន មាន​ប្រជាជន​រ៉ូហ៊ីងយ៉ា ប្រមាណ ២សែន ៧ម៉ឺននាក់ បាន​រត់ភៀស​ខ្លួន​ចេញ​ពី​ភូមា ទៅ​ប្រទេស​បង់ក្លាដែស។

ប្រជាជន​រ៉ូហ៊ីងយ៉ា​ឆ្លងកាត់​ភ្នំ​ចូល​ព្រំដែន​ដី​បង់ក្លាដែស នៅថ្ងៃទី ៧​កញ្ញា ២០១៧
ប្រជាជន​រ៉ូហ៊ីងយ៉ា​ឆ្លងកាត់​ភ្នំ​ចូល​ព្រំដែន​ដី​បង់ក្លាដែស នៅថ្ងៃទី ៧​កញ្ញា ២០១៧ © REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ភូមា​នឹង​បង្កើត​ជំរំ​សម្រាប់​ទទួល​ប្រជាជន​ដែល​រត់គេច​ចេញ​ពី​អំពើ​ហិង្សា នៅ​រដ្ឋរ៉ាឃីន។ នេះ​បើតាម​ការចុះផ្សាយ របស់​កាសែត​រដ្ឋ​ភូមា Global New Light of Myanmar។ អំពើហិង្សាដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា រត់ភៀសគេច​ខ្លួន​ពី​ផ្ទះសម្បែង​រាប់សែន​នាក់ ទៅ​កាន់​ទឹកដី​បង់ក្លាដែស បាន​កើតឡើង ១៦​ថ្ងៃ​មកហើយ ប៉ុន្តែ ទើប​តែ​នៅ​ថ្ងៃសៅរ៍ ដែល​គេ​លឺ​ថា រដ្ឋាភិបាល​ភូមា​ចង់បង្កើត​ជំរំ​សម្រាប់​ជនភៀសខ្លួន។

ដំណឹងនេះ កើតមាន នៅ​ចំ​ពេល​ដែល​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន របស់​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​ទាញសញ្ញា​អាសន្ន ពី​វិបត្តិ​ខ្វះជំរក ជំរំ​សមរម្យ សម្រាប់​ទទួល​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា។ តាម​អង្គការ​សហប្រជាជាតិ ជំរំ​ពីរ​ដែលទទួល​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ារាប់ម៉ឺន​នាក់ តាំង​ពី​ខែ​តុលា​ឆ្នាំមុន លែង​មាន​សមត្ថភាព​ទទួល​យក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ទៀតហើយ។ ក្នុង ​រយៈពេល​តែ​ពីរ​សប្តាហ៍​ចុងក្រោយនេះ ចំនួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់ទៅទឹកដី​បង់ក្លាដែស បាន​កើនឡើង​ដល់​ជិត​៣សែននាក់ គឺ​ប្រមាណ ១ភាគ៣​នៃ​ជនជាតិ​រ៉ូហ៊ីងយ៉ា​សរុប ១លាន នាក់ ដែល​រស់នៅ​ភូមា។

តាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋភូមា អាជ្ញាធរ​ភូមា​គ្រោង​នឹង​សាងសង់​ជំរំ​បី​កន្លែង​ផ្សេងគ្នា នៅ​ក្នុង​រដ្ឋ​រ៉ាឃីន ដើម្បី​ទទួល​ប្រជាជន​ដែល​កំពុង​រត់​ខ្ចាត់ព្រាត់ ដោយសារ​អំពើហិង្សា។ តាមកាសែត Global New Light of Myanmar ជនភៀសខ្លួន​ទាំងនោះ​នឹង​ទទួល​បាន​ជំនួយ ជា​ស្បៀងអាហារ ទឹក និង​ការព្យាបាល​ពី​ក្រុមកាកបាទ​ក្រហម​ភូមា។

នៅក្នុង​ការចុះផ្សាយ​របស់​កាសែត គេ​មិន​បាន​បញ្ជាក់​ចំៗ​ថា ជំនួយ និង​ជំរំ​នឹង​ធ្វើឡើង​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទេ។ នៅ​រដ្ឋរ៉ាឃីន ក្រៅតែ​ពី​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា រាប់សែន​នាក់ រត់គេច​ពី​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន នៅ​មាន​ប្រជាជន​ភូមា ដែល​កាន់​សាសនា​ព្រះពុទ្ធ និង​ហិណ្ឌូ ជិត​៣ម៉ឺននាក់ ផ្សេងទៀត ដែល​រត់ភៀសខ្លួន ដោយសារ​ការប្រយុទ្ធ​គ្នា រវាង​កងទ័ព​ភូមា និង​ក្រុមឧទ្ទាម​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ រហូតមកដល់​ពេលនេះ ប្រជាជន​ដែល​មិនមែន​រ៉ូហ៊ីងយ៉ា​បាន​ ទទួល​ជំនួយ​ពី​រដ្ឋាភិបាល និង​រស់ជ្រកកោន តាម​វត្តអារ៉ាម គឺ​ផ្ទុយស្រឡះ​ពីប្រជាជន​រ៉ូហ៊ីងយ៉ា ដែល​ត្រូវលើកគ្នា​ទាំង​គ្រួសារ រត់ចេញ​ពី​ដីភូមិ ដែល​បើតាម​ការអះអាង​របស់​ពួកគេ គឺ​ត្រូវ​បាន​ដុតបំផ្លាញ​ដោយ​ទាហាន​ភូមា ឬ ក្រុម​អ្នកកាន់​ពុទ្ធសាសនា​ភូមា។

ញត្តិ​ទាមទារ​ឲ្យ​ដក​លោកស្រី​ស៊ូជី​ពី​ជ័យលាភី ណូបែល​សន្តិភាព

រដ្ឋាភិបាល​ភូមា ជាពិសេស លោកស្រី​អ៊ុងសាន ស៊ូជី​ផ្ទាល់​តែម្តង ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ភូមា បច្ចុប្បន្ន កំពុង​រងការរិះគន់​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន។ សូម្បី​តែ​អ្នកដែល​ធ្លាប់​គោរព​កោតសរសើរ​សេចក្តី​ក្លាហាន​របស់​លោកស្រី​កន្លងមក ក៏​បាន​សំដែង​ការខកចិត្ត ដោយសារ​លោកស្រី មិន​បាន​អើពើ ចាត់​វិធានការ​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ រហូតមកដល់​ពេលនេះ បុប្ផា គេ​នៅ​តែ​មិនទាន់​យល់​ថា ហេតុអ្វី​បាន​ជា​ស្រ្តីគំរូ​ភូមា ដែល​តំណាង​ឲ្យ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ និង​ជា​ជ័យលាភី ណូបែល​សន្តិភាព នៅ​ស្ងៀម គ្មាន​ចេញមុខ​ជួយ​ការពារ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ទាល់តែសោះ យ៉ាងដូច្នេះ។

នៅ​តាម​ប្រទេស​កាន់សាសនា​អ៊ីស្លាម ដូចជា​ឥណ្ឌូណេស៊ី ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន និង​នៅ​បង់ក្លាដែស បាតុកម្ម ដុតរូបភាព​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​ធ្លាប់​ជា​ស្រ្តី គំរូ ​តំណាង​ឲ្យ​សេរីភាព កើតមាន​ជាបន្តបន្ទាប់​គ្នា។ ញត្តិ​ទាមទារ​ឲ្យ​គេ​ដក​រង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី ដែល​ផ្តើម​គំនិត​ដោយ​ប្រជាជន​ឥណ្ឌូណេស៊ី បាន​ទទួល​ការចុះ​ហត្ថលេខា​ពី​មនុស្ស​ជាង ២សែននាក់។

នៅចុង​សប្តាហ៍​នេះ ជ័យលាភី​ណូបែល​សន្តិភាព ពីររូប បាន​ចេញមុខ រិះគន់ និង​បាន​ទាមទារ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ចាត់វិធានការ​ឲ្យ​សក្តិសម​ទៅ​នឹង​កិត្តិនាម របស់​លោកស្រី ក្នុង​នាម​ជា​មាតា​អ្នកស្នេហា​សេរីភាព និង​ប្រជាធិបតេយ្យ។ កញ្ញា​ម៉ាឡាឡា និង​អាចារ្យ​អាហ្វ្រិក​ខាងត្បូង ដែល​ទាំងរូប ជា​ជ័យលាភី ណូបែល​សន្តិភាព បាន​ទាមទារ​ឲ្យ​លោកស្រី ស៊ូជី ជួយ​សង្រ្គោះ ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កំពុង​រស់​រងទុក្ខ ដោយសារ​ការធ្វើទុក្ខ​បុកម្នេញ នៅ​ភូមា។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ឥណ្ឌា នៅ​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី អ៊ុងសាន ស៊ូជី ដែល​ទើប​តែ​ចេញមុខ​ជា​សាធារណៈ ចំនួន ពីរដង នៅក្រោយ​មាន​វិបត្តិ​ផ្ទុះឡើង​នៅ រដ្ឋរ៉ាឃីន បាន​និយាយ​ថា ការទន្ទឹង​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ភូមា​ដោះស្រាយ​បញ្ហា​ទាំងស្រុង ក្នុង​រយៈពេល ១៨ខែ គឺ​ជាការទាមទារ​ដែល​គ្មាន​ហេតុផល ត្រឹមត្រូវ​នោះ​ទេ។

តើជនជាតិ​រ៉ូហ៊ីងយ៉ា​អាច​ដុតផ្ទះសម្បែង​របស់ខ្លួន​បាន​យ៉ាងម៉េច?

នៅ​ដើម​សប្តាហ៍នេះ នៅ​ក្នុង​ប្រតិកម្ម​ជាលើកទី១ ចាប់តាំង​ពីមាន​ផ្ទុះ​វិបត្តិ​រ៉ូហ៊ីងយ៉ា លោកស្រី​ស៊ូជី​បាន​ចោទ​ប្រកាន់​ការចុះផ្សាយ​ព័ត៌មាន មិនត្រឹមត្រូវ របស់​កាសែត​បរទេស និង​ថា ភូមា​គ្មាននយោបាយ បោសសម្អាត​ជនជាតិ​រ៉ូហ៊ីងយ៉ា​នោះទេ។

រដ្ឋាភិបាល​ភូមា​របស់​លោកស្រី​អ៊ុងសាន​ស៊ូជី​ធ្លាប់​បាន​អះអាង គឺ​ពួកឧទ្ទាម ហើយ​និង​ប្រជាជន​រ៉ូហ៊ីងយ៉ា​ កាន់សាសនា​អ៊ីស្លាម​ដែល​បាន​ដុតផ្ទះសម្បែង​របស់ខ្លួនឯងផ្ទាល់។ ប៉ុន្តែ អ្នកយក​ព័ត៌មាន​របស់​ទូរទស្សន៍ អង់គ្លេស BBC ដែល​បាន​ទៅ​ដល់​ភូមិ​នៅ​រដ្ឋរ៉ាឃីន​ផ្ទាល់ បាន​លើកឡើង​ផ្ទុយពីនេះ ដោយថា តាមពិត​គឺ​ក្រុមយុវជន​ភូមា កាន់​សាសនា​ព្រះពុទ្ធ ដែល​ជាអ្នកដុត បំផ្លាញ​ផ្ទះសម្បែង ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា។ អ្នកតំណាង​របស់អង្គការ​សហប្រជាជាតិ សម្រាប់​ភូមា លោកស្រី លី យ៉ាងហេ ក៏​បាន​រុញច្រាន ចោល​នូវ​ការលើក​ឡើង​របស់​ភាគី​ភូមា ដែល​បើតាម​លោកស្រី គឺ​មិន​សមហេតុផល​នោះទេ។ លោកស្រី​លី យ៉ាងហេ​បាន​លើកឡើង​ផងដែរ អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន ​បាន​សម្លាប់​ប្រជាជន​រ៉ូហ៊ីងយ៉ា​យ៉ាងតិច ១០០នាក់ តាំង​ពី​ចុង​ខែ​សីហា​មុននេះ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​សំដែង​ការសោកស្តាយ​ផងដែរ ដែល​ឃើញ​លោកស្រី​អ៊ុងសាន ស៊ូជី អសកម្ម ឈរអោបដៃ មិនជួយ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ សម្រាប់​លោកស្រី លី យ៉ាងហេ គេ​ត្រូវ​បំភ្លេច​ចោលទៅ​រូបភាព​លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​នាម​ជាស្រ្តីគំរូ ដែល​ធ្លាប់​ជាប់ឃុំ និង​តវ៉ា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ “អ្វី​ដែល​គេ​ភ្លេច គឺ​ថា លោកស្រី​ស៊ូជី ជាអ្នកនយោបាយ។ ប្រជាជន​ទន្ទឹង​ចង់​ឲ្យ​លោកស្រី ចូលរួម លើកស្ទួយ​មនសិការ សេរីភាព ប៉ុន្តែ លោកស្រី​ជា​អ្នកនយោបាយ។ គោលដៅ របស់​អ្នកនយោបាយ គឺ អ្វីៗ គឺ ត្រូវការ​សំឡេងឆ្នោត​ពី​ប្រជាជន។ ជិត​៩០ភាគរយ​នៃ​ប្រជាជន​ភូមា គឺ​កាន់​សាសនា​ព្រះពុទ្ធ មិនមែន​អ៊ីស្លាម​ដូច​ជនជាតិ​រ៉ូហ៊ីងយ៉ា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ