អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរកូរ៉េខាងជើង៖​លោក​ស៊ី ជីនពីង និង​លោក​ដូណាល់ ត្រាំ​បន្ត​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណាត់​ការ​លើ​លោក​គីម ជុងអ៊ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក។ រឿងរ៉ាវ​មួយ​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ៤៥នាទី​រវាង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគី​អាមេរិក​លោក​ដូណាល់​នា​ថ្ងៃពុធ ទី៦ កញ្ញា។ នៅ​ឯ​វេទិកាសេដ្ឋកិច្ច​រៀបចំ​នៅ​ទីក្រុង​វ៉្លាឌីវ៉ូស្តុក​ក្នុង​ទឹកដី​រុស្ស៊ី លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចាស់ដៃ​លើ​របប​ក្រុង​ព្យុងយ៉ាង​ដោយ​ប្រើ​យន្តការ​ក្រុមប្រឹក្សាសន្តិសុខ។ ចំណែក​សហភាពអឺរ៉ុប​បាន​ប្រាប់​ពី​ការ​រៀបចំ​ទណ្ឌកម្ម​ដាច់​ដោយឡែក​របស់​ខ្លួន។ តែ​ចិន និង​រស្ស៊ី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ចង់​បាន​ដំណោះស្រាយ​តាម​សន្តិវិធី​ដោយ​គេ​យល់​ថា ទណ្ឌកម្ម​គ្រាន់​ជា​ដំណោះស្រាយ​មួយ​ចំណែក​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគីអាមេរិក​លោក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគីអាមេរិក​លោក​ដូណាល់ ត្រាំ Patrik STOLLARZ / AFP
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី១ គិត​តាំង​ពី​ថ្ងៃទី១២ សីហា​ដែល​លោក​ស៊ី ជីនពីង និង​លោក​ដូណាល់ ត្រាំ​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ។ តែ​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន គឺ​បាន​ផ្តោត​ទាំង​ស្រុង​លើ​បញ្ហា​កូរ៉េខាងជើង។ ថ្លែង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​នៅ​សេតវិមាន លោក​ត្រាំ​បាន​ចាត់​ទុក​កិច្ចសន្ទនា​រយៈពេល ៤៥នាទី​ជាមួយ​លោក​ស៊ី ជីនពីន​ថា ជា​ការ​និយាយ​ត្រង់​ទៅ ត្រង់​មក មាន​លក្ខណៈ​ម៉ឺងម៉ាត់ និង​ថា លោក​ជីនពីង​បាន​យល់ព្រម​ដូច​លោក ១០០%។ តែ​យល់ព្រម ១០០% លើ​ចំណុច​អ្វី​ខ្លះ​នោះ លោក​ត្រាំ​មិន​បាន​លំអិត​ទេ។

ទោះ​ជា​បី​ជា​លោក​ត្រាំ​មិន​បាន​បញ្ជាក់​ក៏​ដោយ​ក៏​គេ​ដឹង​ថា អ្វី​ដែល​លោក​ត្រាំ​បាន​ថ្លែង​នោះ​ហាក់​ដូច​ជា​អួតអាង​ជ្រុលបន្តិច​ព្រោះ​រហូត​មក​ទល់​ពេល​នេះ ឥស្សរជន​ទាំង​ពីរ​បន្ត​ខ្វែង​គំនិត​គ្នា និង​មាន​ដំណោះស្រាយ​ខុស​គ្នា​នៅ​ក្នុង​ចំណាត់ការ​លើ​កូរ៉េខាងជើង។ លោក​ស៊ី ជីនពីង​នៅ​តែ​ទទូច​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​ផ្លូវចរចា​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង តែ​លោក​ដូណាល់ ត្រាំ​នៅ​បន្ត​រម្លឹក​ម្តង​ជា​ពីរ​ដង​ថា ការ​ចរចា​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង​ជា​រឿង​អត់​ប្រយោជន៍។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ពេល​នេះ​ទៀត លោក​ស៊ី ជីនពីង​បាន​រម្លឹក​ប្រាប់​លោក​ត្រាំ​ជា​ថ្មី​ថា វិបត្តិ​កូរ៉េ​ត្រូវ​តែ​ដោះស្រាយ​តាម​ផ្លូវចរចា និង​ការ​ពិគ្រោះ​យោបល់។

នៅ​ពេល​ដែល​អ្នកកាសែត​សួរ​លោក​ត្រាំ​រឿង​អន្តរាគមន៍​យោធា​លើ​កូរ៉េខាងជើង លោក​ត្រាំ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា មិនមែន​ជា​ជម្រើស​ទី១ ទេ និង​និយាយ​ដូច​លើក​មុនៗ​ថា អាមេរិក​នឹង​បន្ត​តាមដាន​លើ​សភាពការណ៍​នៅ​ឧបទ្វីបកូរ៉េ។ សូម​ជម្រាប​ជូន​ថា​កន្លង​មក លោក​ត្រាំ​តែង​ស្តីបន្ទោស​ចិន​ពី​បទ​មិន​សូវ​បាន​ដាក់គំនាប​សេដ្ឋកិច្ច​ឲ្យ​ចាស់ដៃ​លើ​កូរ៉េខាងជើង ព្រម​ទាំង​ព្រមាន​ចិន​ថា បើ​ចិន​មិន​ធ្វើ​អ្វី​ទាំង​អស់ អាមេរិក​នឹង​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន។ តែ​ឃ្លាឃ្លោង​ទាំង​នេះ​មិន​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​ប៉េកាំង​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដាច់​ដោយឡែក​ពី​គ្នា​នា​ក្រោយ​កិច្ចសន្ទនា​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង​ទេ។

រដ្ឋបាល​អាមេរិក​ដាក់​សំណើ​ទណ្ឌកម្ម​ថ្មី​ទៅ​ក្រុមប្រឹក្សាសន្តិសុខ

នៅ​ក្នុង​ថ្ងៃ​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង រដ្ឋបាល​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​បញ្ជូន​នូវ​វិធានការ​ទណ្ឌកម្ម​ថ្មី​មួយ​ចំនួន​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ។ សេចក្តីព្រាង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​រួម​មាន ទី១ ហាម​លក់​ប្រេងឥន្ធនៈ​ឲ្យ​កូរ៉េខាងជើង។ តាម​ស្ថិតិ​របស់​កូរ៉េខាងត្បូង ចិន​បាន​លក់​ប្រេងឆៅ​ឲ្យ​កូរ៉េខាងជើង​ប្រមាណ​ជា ៥០០ ០០០តោន​ក្នុង​មួយ​ឆ្នាំៗ និង​ផលិតផល​ប្រេងឥន្ធនៈ​ផ្សេងៗ​ទៀត​ចំនួន ២០០ ០០០តោន។ ចំណែក​រុស្ស៊ី​បាន​លក់​ប្រេងឆៅ​ឲ្យ​កូរ៉េខាងជើង​ចំនួន ៤០ ០០០តោន​ក្នុង​មួយ​ឆ្នាំៗ។

ទី២ ហាម​យក​ពលករ​កូរ៉េខាងជើង​ឲ្យ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។ ប្រភពទូត​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​កូរ៉េខាងជើង​ពី ៦០ ០០០ ទៅ ១០០ ០០០នាក់​កំពុង​ធ្វើ​ការ​នៅ​បរទេស។ របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ចេញ​ផ្សាយ​ឆ្នាំ ២០១៥ បាន​ចោទ​ក្រុង​ព្យុងយ៉ាង​ពី​បទ​បង្ខំ​ពលរដ្ឋ​ខ្លួន​ចំនួន ៥០ ០០០នាក់​ឲ្យ​ធ្វើ​ការ​នៅ​បរទេស ពិសេស​នៅ​ចិន និង​រុស្ស៊ី​ដើម្បី​យក​លុយ​ជួយ​រដ្ឋ។ ក្នុង​មួយ​ឆ្នាំៗ ពលករ​កូរ៉េខាងជើង​នៅ​បរទេស​ទាំង​អស់​បាន​ជួយ​រដ្ឋ​ពី ១ ២០០ ទៅ ២ ៣០០លានដុល្លារ។

ទី៣ ហាម​ទិញ​ផលិតផល​វាយនភ័ណ្ឌ​ផលិត​នៅ​កូរ៉េខាងជើង។ វិធានការ​មួយ​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ទាក់ទង​នឹង​ការ​ហាម​ទិញ​ធ្យូងថ្ម ផលិតផល​លោហៈធាតុ​គ្រប់ប្រភេទ​ពី​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​ជា​ប្រភព​ចំណូល​ទី២ របស់​របប​ក្រុង​ព្យុងយ៉ា​ក្នុង​ឆ្នាំ ២០១៦ ក្នុង​នោះ ៨០% បាន​នាំ​ទៅ​កាន់​ប្រទេស​ចិន។ ចំណែក​សេចក្តីព្រាង​ទណ្ឌកម្ម​ទី៤ រដ្ឋបាល​អាមេរិក​ស្នើ​ឲ្យ​ផ្អាប់​ទ្រព្យសម្បតិ​ទាំង​អស់​របស់​មនុស្ស​ខ្លាំង​គីម ជុងអ៊ុន ព្រម​ទាំង​ហាម​មិន​ឲ្យ​លោក​គីម ជុងអ៊ុន រួម​ទាំង​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងជើង ៤នាក់​ទៀត​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស។

អឺរ៉ុប​ព្រាង​ទណ្ឌកម្ម​ផ្សេង​ទន្ទឹម​នឹង​ទណ្ឌកម្ម​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ

សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា​ពី​ការ​ត្រៀម​ទណ្ឌកម្ម​ដាច់​ដោយឡែក​របស់​ខ្លួន​លើ​កូរ៉េខាងជើង។ សេចក្តីប្រកាស​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ និង​រដ្ឋមន្រ្តី​ការបរទេស​អឺរ៉ុប​ក្នុង​ទីក្រុង​តាលីន ប្រទេស​អេស្តូនី។ សំណើ​ទណ្ឌកម្ម​ដាច់​ដោយឡែក​របស់​សហភាព​អឺរ៉ុប គឺ​ស្រដៀង​គ្នា​នឹង​សេចក្តីព្រាង​ទណ្ឌកម្ម​របស់​រដ្ឋបាល​អាមេរិក។ លោកស្រី Mogherini បាន​ពន្យល់​ថា ទន្ទឹម​នឹង​វិធានការ​ដាច់​ដោយ​ឡែក​របស់​សហភាពអឺរ៉ុប អឺរ៉ុប​ក៏​នឹង​គាំទ្រ​សេចក្តីសម្រេច​ថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ​នា​ពេល​ខាង​មុខ​ដែរ។

តាម​លោកស្រី Mogherini គេ​ត្រូវ​តែ​បង្កើន​គំនាប​លើ​កូរ៉េខាងជើង​តាម​រយៈ​ទណ្ឌកម្ម​ថ្មី​នៅ​ក្នុង​វិស័យ​ណា​ដែល​ជា​ប្រភព​ចំណូល​របស់​របប​ក្រុង​ព្យុងយ៉ាង។ ក្រៅ​ពី​នោះ លោកស្រី Mogherini ក៏​បាន​បញ្ជាក់​ពី​គម្រោង​ដាក់​លោក​គីម ជុងអ៊ុន​ទៅ​ក្នុង​បញ្ជីខ្មៅ​ដោយ​ហាម​មិន​ឲ្យ​មនុស្សខ្លាំង​កូរ៉េខាងជើង​រូប​នេះ​ធ្វើ​ដំណើរ​មក​កាន់​អឺរ៉ុប ឬ​មួយ​ក៏​ខ្ចី​ទឹកដី​អឺរ៉ុប​ដើម្បី​ឆ្លងកាត់ រួម​ទាំង​ផ្អាប់​ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​លោក​គីម ជុងអ៊ុន​ដែល​មាន​នៅ​អឺរ៉ុប។ តែ​ទន្ទឹម​គ្នា​នេះ ប្រមុខ​ការទូត​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​អាវុធ​ដែល​លោកស្រី​យល់​ថា នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។

សំណើ​សុំ​ឲ្យ​ដាក់​គំនាប​បន្ថែម​លើ​កូរ៉េខាងជើង​ក៏​មាន​ពី​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូ ចៃអ៊ីន និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​វ៉្លាឌីវ៉ូស្តុក ប្រទេស​រុស្ស៊ី។ លោក​អាបេ និង​លោក​ចៃអ៊ីន​បាន​ធ្វើ​សំណើ​នេះ​ទៅ​កាន់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន តែ​លោក​ពូទីន​នៅ​តែ​បន្ត​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េខាងជើង។ មនុស្សខ្លាំង​នៅ​រុស្ស៊ី​រូប​នេះ​បាន​ទទួល​ស្គាល់​ថា ពិភពលោក​ពិត​ជា​ខ្វាយខ្វល់ និង​បារម្ភ​ពី​ស្ថានការណ៍​នៅ​កូរ៉េ តែ​គេ​គួរ​តែ​ចាប់ដៃ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា។ លោក​ពូទីន​បាន​យល់​ដូច​សមភាគី​ចិន​លោក​ជីនពីង​ដែល​ថា ដំណោះស្រាយ​តាម​ផ្លូវ​ទណ្ឌកម្ម​ជា​រឿង​ឥតប្រយោជន៍ និង​គ្មាន​ប្រសិទ្ធិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ