អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

មេបញ្ជាការទ័ព​អាមេរិក៖ អាមេរិក​នឹង​មិនដក​ខ្លួន​ចេញ​ពី​សមុទ្រ​ចិន​ខាងត្បូង

អាមេរិក​នឹង​មិន​បញ្ឈប់ ប្រតិបត្តិការ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង នោះ​បើទោះ​ជា​កប៉ាល់​ចម្បាំង​អាមេរិក ប្រចាំការ នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ជួប​គ្រោះថ្នាក់ ជា​បន្តបន្ទាប់​គ្នា​ក៏​ដោយ។ នេះ​ជា​ប្រសាសន៍​របស់​លោក​Terrence O’Shaughnessy មេបញ្ជាការ​ទ័ព​អាកាស​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​បាន​ធ្វើ​ទស្សនកិច្ច ទៅ​ទីក្រុង​គូឡាឡាំពួរ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។

នាវា​ចម្បាំង​McCainដែល​ត្រូវ​កប៉ាល់​ដឹកប្រេង​សិង្ហបុរីបើក​បុក​កាលពី​ថ្ងៃ​ចន្ទទី ២១ សីហា ២០១៧
នាវា​ចម្បាំង​McCainដែល​ត្រូវ​កប៉ាល់​ដឹកប្រេង​សិង្ហបុរីបើក​បុក​កាលពី​ថ្ងៃ​ចន្ទទី ២១ សីហា ២០១៧ REUTERS/Reuters TV
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ាឡេស៊ី មេបញ្ជាការ​ទ័ព​អាកាស​អាមេរិក​បាន​បញ្ជាក់​អះអាង ពី​សមត្ថភាព​គួរ​ឲ្យ​ជឿជាក់​របស់​កងទ័ព​អាមេរិក នៅក្នុង​ពិភពលោក។ សម្រាប់​មេបញ្ជាការទ័ព​អាមេរិក គ្រោះថ្នាក់​បុកគ្នា​រវាង​កប៉ាល់​ចម្បាំង​អាមេរិក ជាមួយ​កប៉ាល់​ស៊ីវិល ជាបន្តបន្ទាប់​គ្នានេះ មិនអាច​ធ្វើ​ឲ្យ​គេ​មើល​ហួស រំលង​ការងារ ប្រឹងប្រែង​របស់​កងទ័ព​អាមេរិក​ទាំងមូល​នោះទេ។

កប៉ាល់​ចម្បាំង​អាមេរិក​បាន​រងគ្រោះថ្នាក់ ត្រូវ​គេ​បុក​ឲ្យ​កំពិត ជា​បន្តបន្ទាប់​គ្នា។ ការនេះ​បាន​ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ខ្លាំង ពី​ការងារ​ហួស​កម្លាំង របស់​កងទ័ព​អាមេរិក នៅ​អាស៊ី។ ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ កប៉ាល់​ចម្បាំង​អាមេរិក ដែល​ចរាចរ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​ជួប​គ្រោះថ្នាក់ បុក​គ្នា​ជាមួយ កប៉ាល់​ស៊ីវិល ដល់​ទៅ​៤ដង ដែល​ពីរដង ធ្ងន់ធ្ងរ សម្លាប់​ជីវិត​ទាហាន​អាមេរិក។ គ្រោះថ្នាក់​ចុង​ក្រោយ របស់កប៉ាល់ចម្បាំង​អាមេរិក កើត​មាន នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នៅពេល​នាវាបាញ់​មីស៊ីល​អាមេរិក ឈ្មោះ McCain ត្រូវ​កប៉ាល់​ដឹក​ប្រេង​របស់​សិង្ហបុរី បើកបុក​ធ្វើ​ឲ្យ​ខូចខាត និង​សម្លាប់ទាហាន​អាមេរិក​ពីររូប។

តាម​មេបញ្ជាការ​ទ័ព​អាកាស​អាមេរិក នៅមុន​រង​គ្រោះថ្នាក់ ត្រូវ​កប៉ាល់​ដឹកប្រេង​បុកបំផ្លាញ នៅ​ថ្ងៃ​ចន្ទ កប៉ាល់​ចម្បាំង McCain​បាន​បំពេញ​បេសកកម្ម ផ្សព្វផ្សាយ ដើម្បី​សេរីភាព​ក្នុង​ការធ្វើ​ចរាចរណ៍​ផ្លូវទឹក ដោយ​បាន​បើក​ចូល​ទៅ​ក្បែរ​កោះសិប្បនិមិត្ត របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ “ជារៀងរាល់​ថ្ងៃ យើង​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​តំបន់​ជុំវិញនោះ។ ទោះបី​ជា​យើង​ជួប​ឧប្បត្តិហេតុ​ជាបន្តបន្ទាប់គ្នា ប៉ុន្តែ នាវា និង​យន្តហោះ​ចម្បាំង​របស់យើង គឺ​នៅ​តែ​បន្ត ចរាចរ និង​ហោះ​ឆ្វែល នៅក្នុង​តំបន់​ទឹក និង​ដែន​អាកាស​អន្តរជាតិ”។ នេះ​ជាប្រសាសន៍​របស់​មេបញ្ជាការ​ទ័ពអាកាស​អាមេរិក។

ឧប្បត្តិហេតុ​បុកនាវាចម្បាំង​អាមេរិក បាន​ផ្តល់​ឱកាស​ឲ្យ​ទីក្រុង​ប៉េកាំង​ចេញមុខ​រិះគន់​វត្តមាន​ទ័ព​អាមេរិក​នៅ​អាស៊ី។ ក្រសួងការបរទេស​ចិន បាន​លើក​ឡើង​ពី​ការគំរាមកំហែង​សន្តិសុខ ដល់​កប៉ាល់​ទំនិញ ដែល​បង្ក​ឡើង​ដោយ​វត្តមាន​កប៉ាល់​ចម្បាំង​របស់​អាមេរិក នៅ​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ