អានតួអត្ថបទ
បង់ក្លាដែស-ភូមា​-រ៉ូហ៊ីងយ៉ា

ជនជាតិភាគតិច​ រ៉ូហីងយ៉ា​​​យ៉ាងតិច​ ៥០០នាក់​​​ បាន​ភៀសខ្លួនចេញ​ពីអំពើហិង្សា​នៅភាគខាង​លិច​ភូមា​​​​

ជន​ជាតិ​ភាគ​តិច​រ៉ូហីងយ៉ា​ដែល​កាន់​សាសនា​ម៉ូស្លីម​​នៅ​ភូមា​​ចំនួន​យ៉ាង​តិច​៥០០​នាក់ បាន​នាំ​គ្នារ​ត់ភៀសខ្លួនជាថ្មីទៀត​​ចូល​ទៅ​កាន់​ប្រទេស​បឹងក្លាដែស​ក្នុង​អំឡុង​២ឬ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ដើម្បីគេចវិះ​ពីអំពើហិង្សា​នៅ​ភាគខាងលិច​ភូមា​-នេះ​ជាការ​ជូន​ដំណឹង​របស់​អ្នក​ទទួល​ខុសត្រូវ​របស់​សហគមន៍​ជន​ជាតិភាគ​តិច​រ៉ូហីងយ៉ានៅថ្ងៃពុធម្សិលមិញ។​

កោះ Thenga​ នៃ​ ប្រទេស​បង់ក្លាដែស​ដែលអាជ្ញាធរ​ចង់ឱ្យជនភៀសខ្លួនរូហិងយ៉ាទៅតាំងទីលំនៅ។
កោះ Thenga​ នៃ​ ប្រទេស​បង់ក្លាដែស​ដែលអាជ្ញាធរ​ចង់ឱ្យជនភៀសខ្លួនរូហិងយ៉ាទៅតាំងទីលំនៅ។ REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

តាំងពី​ខែ​តុលា​ឆ្នាំ ​២០១៦​​មក​ម៉្លេះ​ កងទ័ព​ភូមា បាន​បើក​ប្រតិបត្តិការ​វាយលុក​ដ៏ខ្លាំងក្លា​​​ដែល​អ.ស.ប.​ចាត់​ទុក​ថា ​ជា​នយោបាយ​គម្រាមនិងបំភ័យ​​នៅ​រដ្ឋ ​Rakhine ​​ភាគ​ខាង​លិច​ប្រទេស​ភូមា ដើម្បីប្រឆាំង​ទល់​នឹង​សហគមន៍​រ៉ូហ៊ីងយ៉ា ​ដែល​សង្គម​ភូមា​​​ពុំ​រាប់​រកឡើយ​​នៅក្នុងប្រទេស។​

ប្រតិបត្តិការគម្រាមបំភ័យ​​​របស់​កងទ័ពភូមា​នេះ​ បាន​ជម្រុញ​អោយ​​សហគមន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហីងយ៉ាចំនួន​​ ៧​ម៉ឺន​នាក់​នាំ​ ​គ្នា​រត់​ភៀសខ្លួននៅ​ចុង​ឆ្នាំ ២០១៦ ​ឆ្ពោះទៅ​កាន់​ប្រទេស​បឹងក្លាដែស​ ដោយ​បាន​ពាំនាំ​នូវ​រឿងរ៉ាវជាច្រើន​​ស្តីពី​​ការ​រំលោភ​បំពាន​​របស់​កងទ័ព​ភូមាយ៉ាងអមនុស្សធម៌​ ​ទៅលើប្រជាជនរ៉ូហីងយ៉ា ​ដូចជា​ការចាប់​រំលោភទាំងហ្វូង​លើ​​រូបស្រ្តី​ រ៉ូហឹងយ៉ា ​ការកាប់សម្លាប់​និង​ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ​ជាដើម។​

ជន​រ៉ូហីងយ៉ា​មួយ​រូប​ឈ្មោះ​ Abu Toyyob ​ដែល​ក្នុង​គ្រួសារ​របស់​គាត់ ​មាន​​សមាជិក​ ៧​នាក់ នៅ​​ពេល​រត់ភៀស​ខ្លួន​រួច ​ពី​ការកាប់សម្លាប់​របស់​កងទ័ព​ភូមា នៅ​ពេល​ចូលទៅ​ដល់​បឹងក្លាដែស បាន​រៀបរាប់ប្រាប់ថា ផ្ទះសម្បែងរបស់​គាត់​ត្រូវ​ទាហាន​ភូមា​ ធ្វើការ​បំផ្លេច​បំផ្លាញ​អស់​​គ្មាន​សល់​និង​ ធ្វើការ​ចាប់ខ្លួនយុវជន​រ៉ូហ៊ីងយ៉ា។​​

នៅក្នុងផ្ទះ ទាហាន​ភូមា បាន​ហៅ​សួរ​ប្អូន​ប្រុស​ពៅ​របស់​គាត់​ដើម្បីសួរដេញដោល​​​និង​បាន​​ទាត់​កូន​ប្រុសគាត់​ដែល​ទើប​មាន​អាយុ​២​ឆ្នំា​ដោយ​​ស្បែក​ជើង​ក​វែង។​

ម្យ៉ាងទៀត សម្បីតែ​នៅ​មុន​ពេល​នៃ​ការ​ចាប់​ផ្តើម​វាយលុក​ជា​ថ្មី​នេះ ទីក្រុង ​Dacca ​ប្រទេស​​បឹងក្លាដែស​​ធ្លាប់​ បាន​ទទួល​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន​ជាង​៤​សែន​នាក់​មក​ហើយ​ ដែល​បាន​រត់ទៅ​​ជ្រក​កោន នៅ​លើ​ទឹកដី​បឹងក្លាដែស​​និង​​ជាទូទៅ បាន​​រស់​នៅ​ក្នុង​ស្ថានភាព​​លំបាក​​​នៅ​​ក្នុង​​ជំរំ​​ជនភៀសខ្លួន​ដ៏​​ស្មោគគ្រោក។​

នៅ​ក្នុង​បញ្ហា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នេះ អ.ស.ប. បាន​វាយ​តម្លៃ​ថា ជន​រ៉ូហ៊ីងយ៉ា​ចំនួន​រាប់​រយ​នាក់ ប្រហែល​ជា​ត្រូវ​បាន​គេ​កាប់​សម្លាប់​​​ក្នុង​​រយៈ​ពេល​​២​​ឬ​៣​ខែ​ប៉ុណ្ណោះ​នាអំឡុង​ពេលនៃការធ្វើទុក្ខបុកម្នេញ​ជាយូរលង់មកហើយ​ ​ ​។ គួរ​រំលឹកថា សហគមន៍ រ៉ូហ៊ីងយ៉ា ដែល​​​ត្រូវ​បាន​សង្គមភូមា​ ​​ចាត់​ទុក​​ជា​ជន​បរទេស​ និង​​​មិន​រាប់​រកនោះ​ ពីព្រោះ​តែ​សហគមន៍​​រ៉ូហ៊ីងយ៉ា​ជាអ្នក​កាន់សាសនាម៉ូស្លីម​ រីឯ​ ពីព្រោះ​ប្រជាជន​ភូមាវិញ ​៩០% ជា​អ្នកកាន់ព្រះពុទ្ធសាសនា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ