អានតួអត្ថបទ
IMF-ចិន

IMF ព្រមាន​ចិន​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​កើត​ចេញ​ពី​កំណើន​ប្រាក់បំណុល​រដ្ឋ និង​ឯកជន

នៅ​ថ្ងៃ​អង្គារ ទី១៥ សីហា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក។ នៅ​ក្នុង​របាយការណ៍ IMF បាន​ចេញ​មុខ​ទាញ​សញ្ញាអាសន្ន និង​ព្រមាន​ចិន​ត្រង់ៗ​ពី​ការ​អនុវត្តន៍​នយោបាយ​សេដ្ឋកិច្ច​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ពេល​អនាគត។ តាម IMF គោលនយោបាយ​សេដ្ឋកិច្ច​របស់​ចិន​សព្វថ្ងៃ​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​តែ​ក្នុង​រយៈពេល​ខ្លី តែ​នឹង​អាច​បង្ក​ចេញ​នូវ​ហានិភ័យ​ហិរញ្ញវត្ថុ​ខ្ពស់​សម្រាប់​រយៈពេល​វែង។

logo IMF
logo IMF REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ចំណុច​សំខាន់​ដែល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចង់​ដាស់តឿន​ក្រើន​រម្លឹក​ចិន គឺ​សុំ​ឲ្យ​ចិន​បញ្ឈប់​ការ​ចាក់​លុយ​ជួយ​គាំទ្រ​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ IMF បាន​យល់​ឃើញ​ថា នយោបាយ​របៀប​នេះ​ពិត​ជា​បាន​ផ្តល់​ឲ្យ​ចិន​នូវ​កំណើន​សេដ្ឋកិច្ច​ដូច​ដែល​ខ្លួន​ចង់​បាន​មែន តែ​បាន​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពោល​នឹង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​វែង។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​មក​ពី IMF សម្គាល់​ឃើញ​ថា ទន្ទឹម​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដូច​ដែល​ចិន​ចង់​បាន កំណើន​ប្រាក់បំណុល​រដ្ឋ និង​ឯកជន​ក៏​បាន​កើន​ឡើង​យ៉ាង​សម្បើម​ដែរ។ នយោបាយ​សេដ្ឋកិច្ច​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​របៀប​នេះ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ នេះ​ជា​ព្រមាន​របស់ IMF។

តាម​ការ​ប្រមើលមើល​របស់ IMF អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ ២០១៧ អាច​នឹង​មាន​ក្នុង​រង្វង់​ដូច​ឆ្នាំ ២០១៦ គឺ ៦,៧% ហើយ​អាច​នឹង​មាន​ប្រមាណ ៦,៤% សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩។ តែ​ស្រប​ពេល​គ្នា​នេះ ប្រាក់បំណុល​សរុប​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២២ នឹង​កើន​លើស ២៩០% នៃ​ផលិតសរុប​ក្នុង​ស្រុក ពោល​លើស​ពី​ឆ្នាំ ២០១៦ ដែល​មាន ២៣៥%។ របាយការណ៍​របស់ IMF បាន​ព្រមាន​ពី​នយោបាយ​សេដ្ឋកិច្ច​ផុយស្រួច​របស់​ចិន​សព្វថ្ងៃ ហើយ​បើ​រដ្ឋាភិបាល​មិន​រួសរាន់​ចាត់​វិធានការ​ទប់​ស្កាត់​ទេ នោះ​នឹង​កើត​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ដោយ​ចៀស​មិន​រួច។

នៅ​ក្នុង​ន័យ​នេះ IMF បាន​ដាក់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ចិន​បង្វែរ​ការ​អនុវត្តន៍​នយោបាយ​មួយ​ដែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​សមរម្យ យូរអង្វែង និង​មាន​ស្ថិរភាព ពោល​មិន​គួរ​បន្ត​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​មួយ​ដោយ​បង្ខំ​ក្នុង​បំណង​សម្រេច​បាន​កម្មវត្ថុ​របស់​ខ្លួន​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ តែ​បែរ​ជា​បង្ក​គ្រោះថ្នាក់​សម្រាប់​រយៈពេល​វែង​ទៅ​វិញ។ មែនទែន​ទៅ ចិន​ខ្លួន​ឯង​ក៏​បាន​ទទួល​ស្គាល់​ពី​ផលវិបាក​នេះ និង​ធ្លាប់​បាន​ធ្វើ​កំណែទម្រង់​មួយ​ចំនួន​ដែរ ដូច​យ៉ាង​រឹតបន្តឹង​ច្បាប់​ស្តីពី​អចលនទ្រព្យ ឬ​មួយ​ក៏​ពង្រឹង​ការ​ត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ដើម។ តែ IMF យល់​ថា​នៅ​មិន​ទាន់​គ្រប់គ្រាន់ និង​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​កាត់បន្ថយ​ការ​ជួយ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន និង​រោងចក្រសហគ្រាស​ធំ​របស់​រដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ