អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រឈម​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ជប៉ុន​លែង​អាច​ពឹង​លើ​អាមេរិក ​ដូចមុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល​បាលីស្ទីក អន្តរទ្វីប។ ក្រុង​ព្យុងយ៉ាង​នៅ​បាន​បញ្ជាក់ថា មីស៊ីល​របស់​ខ្លួន មាន​សមត្ថភាព​អាច​ទៅ​វាយប្រហារ នៅគ្រប់​កន្លែង​ក្នុង​ទឹកដី​អាមេរិក។ នេះ​ជា​ការវិវឌ្ឍន៍ ក្នុង​ជំហាន​ដ៏​ធំ និង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​អាមេរិក ដែល​តែងតែ​បារម្ភថា កូរ៉េខាងជើង នៅ​ថ្ងៃ​ណាមួយ នឹង​អាច​ផលិត​មីស៊ីល អន្តរទ្វីប អាច​វាយប្រហារ​អាមេរិក។ កូរ៉េខាងជើង​មាន​សមត្ថភាព​ផលិត​មីស៊ីល​បាលីស្ទីក អន្តរទ្វីប ដែល​អាច​គំរាមកំហែង​អាមេរិក។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​ជប៉ុន​ឯណោះវិញ បែរ​ជា​ជ្រួលច្របល់ បារម្ភ ខ្លាច​ជាង​អាមេរិក​ទៅវិញ? នៅ​ក្នុង​សៀវភៅ​ស ដែល​ជា​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​ទាញ​អាសន្ន​ថា កម្មវិធី​មីស៊ីល​របស់​កូរ៉េខាងជើង នៅពេលនេះ បាន​ឈាន​ចូល​ដំណាក់កាល​មួយ ដ៏គ្រោះថ្នាក់។

កងទ័ព​ជាតិ​ជប៉ុន​ដែល​មាន​នាទី​ស្វ័យ​ការពារ ថត​បាន​នៅ​ខែ​តុលា ឆ្នាំ ២០១៦
កងទ័ព​ជាតិ​ជប៉ុន​ដែល​មាន​នាទី​ស្វ័យ​ការពារ ថត​បាន​នៅ​ខែ​តុលា ឆ្នាំ ២០១៦ © REUTERS/Kim Kyung-Hoon/File Photo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សៀវភៅ​ស ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋមន្រ្តី​ការពារ​ជាតិ ជប៉ុន ដែល​ទើបតែ​ត្រូវ​តែងតាំង​ថ្មី នៅក្នុង​រដ្ឋាភិបាល​របស់លោក​ស្ហ៊ីនហ្សូ អាបេ​បាន​វាយតម្លៃ​ថា គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​មីស៊ីល​កូរ៉េខាងជើង “មាន​កាន់តែ​ធំ និង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ”។

 

តាំង​ពី​កូរ៉េខាងជើង​លាត​ត្រដាង​ឲ្យ​ឃើញ​ពី​មហិច្ឆតា ផលិត​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ នៅ​ឆ្នាំ ២០០២មក ជប៉ុន ក៏​ដូចជា​កូរ៉េខាងត្បូង គេងមិន​លក់ បក់​ក៏​ល្ហើយ ដោយ​ខ្លាច​ថា កូរ៉េខាងជើង​នៅ​ថ្ងៃ​ណាមួយ នឹង​អាច​ទទួល​បាន​បច្ចេកវិទ្យា​ទំនើប ដើម្បី​ផលិត​មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ដែល​អាច​គំរាមកំហែង​ដល់​សន្តិសុខជាតិ​ជប៉ុន។ ការបារម្ភ ភ័យខ្លាច​របស់​ជប៉ុន​បាន​កើតមាន​ពិត គឺ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ នៅពេល​ដែល​កូរ៉េខាងជើង បាញ់​សាកល្បង ជា​បន្តបន្ទាប់​មីស៊ីល​ចម្ងាយមធ្យម ដែល​អាច​វាយប្រហារ​ទឹកដី​ជប៉ុន នៅក្បែរ​ខាង។

 

ជប៉ុន​កាន់តែ​ភ័យខ្លាច ព្រោះ​មីស៊ីល​របស់​កូរ៉េខាងជើង អាច​រត់ទៅដល់​ទឹកដី​អាមេរិក

ជប៉ុន​ធ្លាប់​ចិញ្ចឹម​ចិត្ត ព្រួយបារម្ភ​ខ្លាច​រង​មីស៊ីល​របស់​កូរ៉េខាងជើង ប៉ុន្តែ មិនដល់​ថ្នាក់ ភ័យខ្លាច ខ្លាំង​នៅពេលនេះទេ។ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក អន្តរទ្វីប ដែល​អាច​វាយប្រហារ​ដល់​ទឹកដី​អាមេរិក ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​ចេញផ្សាយ​សៀវភៅ​ស ឬ​របាយការណ៍​ប្រចាំ​ឆ្នាំ ដែលនៅក្នុង​នោះ ​ក្រសួងការពារ​ជាតិ​ជប៉ុន បាន​លើកឡើង​ពី​លទ្ធភាព​ដែល​កូរ៉េខាងជើង​អាច​វាយប្រហារ​ជប៉ុន ដោយ​បាញ់​មីស៊ីល​ដែល​មាន​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

 

មីស៊ីល​បាលីស្ទីក​អន្តរទ្វីប របស់​កូរ៉េខាងជើង​អាច​គំរាមកំហែង វាយប្រហារ​ទឹកដី​អាមេរិក ទេ ប៉ុន្តែ ហេតុអ្វី​បាន​ជា​ជប៉ុន​ភ័យ​ស្លន់ស្លោរ ខ្លាំង​ទៅវិញ? ចម្លើយ​គឺ​នៅ​ត្រង់ថា នៅក្នុង​ករណី អាមេរិក​ផ្ទុះសង្រ្គាម​ជាមួយ​កូរ៉េខាងជើង ពោល គឺ​នៅពេល​កូរ៉េខាងជើង​អាច​បាញ់​មីស៊ីល​តម្រង់​ទឹកដី​អាមេរិក នោះ​អាមេរិក​នឹង​អាច​ប្រើ​មូលដ្ឋាន​ទ័ព​របស់​អាមេរិក នៅក្នុង​ខេត្ត​អូគីណាវ៉ា ឬ​ក៏​សព្វាវុធ​របស់​ជប៉ុន​ផង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង។ ប៉ុន្តែ ប្រសិន​បើ ជប៉ុន​ផ្ទាល់ រង​ការវាយប្រហារ​ពី​កូរ៉េខាងជើង តើ​អាមេរិក​នឹង​ជួយ​ជប៉ុន​វិញ ដែរឬទេ។ ជាការពិត ទៅតាម​កិច្ចព្រមព្រៀង​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត អាមេរិក​បាន​អះអាង​ធានា​ដដែល​ថា អាមេរិក​នឹង​ការពារ​ជប៉ុន​ពីការវាយប្រហារ​របស់​កូរ៉េខាងជើង។ អ្នកជំនាញ​មួយចំនួន វាយតម្លៃថា អាមេរិក អាច​ជួយ​ការពារ ជប៉ុន និង​កូរ៉េខាងត្បូង នៅពេល​ខ្លួន មិនទាន់​ក្លាយ​ជា​ផ្ទាំងស៊ីប​ដោយផ្ទាល់ របស់​មីស៊ីល​កូរ៉េខាងជើង។ ប៉ុន្តែ នៅពេល​ដែល​មីស៊ីល​របស់​កូរ៉េខាងជើង​អាច​ទៅវាយប្រហារ​ដោយ​ផ្ទាល់ ដល់​ទឹកដី​អាមេរិក អាមេរិក ត្រូវ​ខិតខំ​យ៉ាងណា ការពារ​ខ្លួនឯង​សិន មុននឹង​គិតគូរ​ដល់​ជប៉ុន ឬ​កូរ៉េខាងត្បូង នោះ​បើទោះបី​ជា​ប្រទេស​ទាំងពីរ​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក៏ដោយ។ នេះ​ជា​កតា្ត​ធម្មជាតិ ដែល​គេ​មិន​អាច​ប្រកែក​បាន។

 

ការយោងតែ​អាត្មាឯង​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​ជប៉ុន ដែល ជា​សម្ព័ន្ធមិត្ត ដកចិត្ត លែង​អាច​សង្ឃឹម​ពឹងអាស្រ័យ​លើ​អាមេរិក ដូចមុន ជាពិសេស ចាប់តាំង​ពី អាមេរិក​បោះឆ្នោត យក​មហាសេដ្ឋី ដូណាល់ ត្រាំ ធ្វើ​ជា​ប្រធានាធិបតី។ ដើម្បី​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​ស្រុក ប្រធានាធិបតី​ថ្មី​របស់​អាមេរិក លែង​ផ្តោត​តម្លៃ​សំខាន់​លើ​យុទ្ធសាស្រ្ត នយោបាយ​ការបរទេស។ អាមេរិក នៅក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ បាន​ធ្លាក់​ចុះ​ឥទ្ធិពល ជាបន្តបន្ទាប់ នៅ​លើ​ឆាក​អន្តរជាតិ។ អាមេរិក​បាន​ត្រឹម​តែ​បាញ់​គំរាមកំហែង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ប៉ុន្តែ មិនហ៊ាន​ធ្វើខ្លាំង​ជាងនេះ ដោយសារ​តែ​មិនចង់​ប្រឈមមុខ ជាមួយ​រុស្ស៊ី។ លោក​ដូណាល់ ត្រាំ នៅ​តែ​ទន្ទឹង​រង់ចាំ​ឲ្យ​ចិន លូកដៃ​អន្តរាគម ដាក់​សម្ពាធ លើ​កូរ៉េខាងជើង ប៉ុន្តែ មិនបាន​ចាត់វិធានការ ខ្លាំងណាមួយ​លើ​របប​ព្យុងយ៉ាង។ គឺ​នយោបាយ​រារែក ហើយ​និង​ការដក​អាមេរិក ពី​កិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិក ដែល​អាមេរិក​បាន​ចុះ​ជាមួយ​ ដូចជា​ជប៉ុន និង​អូស្ត្រាលី ជាដើម​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ដូចជា​ជប៉ុន លែង​ទុកចិត្ត​លើ​អាមេរិក​ដូចមុន។

 

រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ថ្មី លោក​ Itsunori Onodera នៅ​ទីក្រុង​តូក្យូ ថ្ងៃទី ៨​សីហា ២០១៧
រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ថ្មី លោក​ Itsunori Onodera នៅ​ទីក្រុង​តូក្យូ ថ្ងៃទី ៨​សីហា ២០១៧ REUTERS/Issei Kato

មីស៊ីល​របស់កូរ៉េខាងជើង​បាន​ធ្វើ​ផ្តល់​​ឱកាស​ឲ្យ​ជប៉ុន​មាន​ទឹកមាត់​សម្រាប់​ផ្លាស់ប្តូរ​មុខមាត់​កងទ័ព​ជាតិ​ជប៉ុន

នៅ​ខែ​មីនា​កន្លងទៅ សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ស៊្ហីនហ្សូ អាបេ បំពាក់​សមត្ថភាព កងទ័ព សម្រាប់ អាច​វាយប្រហារ​មូលដ្ឋាន​ទ័ព​របស់​សត្រូវ។ ប្រសិន​បើ​រដ្ឋាភិបាល​យល់ព្រម​ធ្វើតាម​ការចង់​បាន​របស់​សមាជិក​សភា​មែន នោះ វាគឺ​ជាការផ្លាស់ប្តូរ មុខមាត់​មួយ​សំខាន់​របស់​កងទ័ព​ជប៉ុន ដែល​រហូត​មក មាន​នាទី​ត្រឹម​តែ​ស្វ័យ ការពារ ពោល​គឺ​គ្មាន​មីស៊ីល​បណ្តែត ឬ​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់បែក នៅ​ទឹកដី​បរទេស​នោះទេ។ ទៅតាម​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ជប៉ុន​ដែល​ចុះចាញ់​សង្រ្គាម​លោកលើក​ទី២ បាន​សន្យា​ចាប់យក​រដ្ឋធម្មនុញ្ញ​សន្តិនិយម គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ជប៉ុន​មាន​ត្រឹម តែ​កងទ័ព​ជើងគោក និង​ជើងទឹក​សម្រាប់​ការពារ​ខ្លួន នៅក្នុង​ពេល​ដែល​សន្តិសុខ​ដែនអាកាស ត្រូវ​បាន​ជួយ​ធានា​សឹង​ទាំងស្រុង ដោយ​យន្តហោះ​ចម្បាំង​របស់​អាមេរិក។

 

ប៉ុន្តែ ប្រឈម​ទៅនឹង​ការគំរាមកំហែង មាន​កាន់តែខ្លាំង​របស់​មីស៊ីល កូរ៉េខាងជើង រដ្ឋាភិបាល​ជប៉ុន របស់​លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប៉ុនប៉ង ធ្វើកំណែទម្រង់ ដើម្បី​ឈាន​ទៅ​ផ្លាស់ប្តូរ​នយោបាយ​សន្តិនិយម ឬ​ប្រែក្លាយ តួនាទី​របស់​កងទ័ព​ជប៉ុន ពី​សិទ្ធិ​ស្វ័យការពារ ទៅ​ជា​កងទ័ព​ដែល​អាច​ចេញ​ទៅធ្វើ​ប្រតិបត្តិការ​នៅ​ទឹកដី​បរទេស ដែលនៅក្នុង​នោះ មាន​ផងដែរ កូរ៉េខាងជើង។ ក្រៅតែ​ពី​ចង់​ផ្តល់​អំណាច​ឡើង​វិញ ដល់​កងទ័ព​ជាតិ រដ្ឋាភិបាល​ជប៉ុន នៅ​បាន​ធ្វើ​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការពារ​ជាតិ​របស់ខ្លួន។ ជប៉ុន​កំពុង​ចរចា ចង់​ទិញ ប្រព័ន្ធ​ខែល​មីស៊ីល អាមេរិក ប្រភេទ Aegis Ashore បីគ្រឿង ដែល​មាន​តម្លៃ ៧០០​លាន​ក្នុង​មួយគ្រឿង សម្រាប់​តាំង​ពង្រាយ ពីពេលនេះ ដល់​ឆ្នាំ ២០២៣។ ជប៉ុន​ដែល​មាន​សមត្ថភាព​ផលិត​នាវាមុជទឹក​របស់​ខ្លួន​ហើយ​នោះ ចង់​បង្កើន​ចំនួន​នាវា​មុជទឹក​របស់ខ្លួន ពី​១៨ ទៅ ២២​គ្រឿង​បន្ថែមទៀត។ ជប៉ុន នៅ​មួយឆ្នាំមកនេះ បាន​បង្ហាញ​ឆន្ទះ​ចង់​ទិញ​យន្តហោះ​ដ្រូន របស់​អាមេរិក ដែល​មាន​ជំនាញ​ឈ្លប​យកការណ៍។ ប៉ុន្តែ នៅពេល​ដែល​អាមេរិក​អរិភាព មិន​សូវ​ចង់​ឲ្យ​កងទ័ព​ជប៉ុន​ធ្វើ​ទំនើបកម្ម ជប៉ុន​បាន​ងាក​ទៅ​ទាក់ទង​ជាមួយ​អ៊ីស្រាអែល ដែល​មាន​ជំនាញ​មិនចាញ់​អាមេរិក​ខាងផលិត​យន្តហោះ​ដ្រូន​យកការណ៍​សម្ងាត់។

 

នៅពេល​ដែល​ជប៉ុន​លែង​អាច​ពឹងផ្អែក​ទាំងស្រុង​លើ​អាមេរិក ជប៉ុន ចង់​ផងដែរ ត្រលប់​ទៅ​មាន​អាវុធ​នុយក្លេអ៊ែរ ដែល​បើតាម​អ្នកនយោបាយ​ជាតិ​និយម​ជប៉ុន​មួយចំនួន ចាត់ទុក​ថា ជា​អាវុធ បង្កើតឡើង ដើម្បី គ្រាន់តែ​ទប់ទល់​នឹង​ការវាយប្រហារ​របស់​កូរ៉េខាងជើង។ ជប៉ុន​ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក​ពីរគ្រាប់ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​នៅ​ណាហ្គាសាគី នៅ​ក្នុង​សង្រ្គាម​លោកលើក​ទី ២ បាន​ស្បថ មិន​ឲ្យមាន​អាវុធ​ប្រល័យលោក មាន​នៅក្នុង​ទឹកដី​របស់ខ្លួន។ ប៉ុន្តែ ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​សម្រាប់​គ្រាន់​តែ​ការពារ​ខ្លួន ត្រូវ​បាន​អ្នកនយោបាយ​ជប៉ុន លើក​រំលឹក​មកនិយាយ តាំង​ពី​ឆ្នាំ ២០០២ នៅពេល​ដែល​កូរ៉េខាងជើង បង្ហាញ​ជាផ្លូវការ ពី​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។ គឺ​នៅក្នុង​ហេតុផល​នេះហើយ ដែល​ជប៉ុន ក៏​ដូចជា​មហាអំណាច​នុយក្លេអ៊ែរ​ដទៃទៀត បាន​ប្រឆាំង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ ២០១១ ដែល​រៀបចំឡើង ក្នុង​ន័យ​ហាមឃាត់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ