អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​គេ​គួរ​ខ្លាច​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ដែរ​ឬទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ជា​សង្គ្រាម​ពាក្យ​សំដី ចុះ​​ថ្ងៃ​ស្អែក​​ជា​សង្គ្រាម​អ្វី ? អាច​ជា​សង្រ្គាម​នុយក្លេអ៊ែរមែន​ឬ? ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​​ភ្នាក់ងារ​ចារកិច្ច​យោធា​អាមេរិក​ ថា​កូរ៉េខាងជើង​​បាន​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​​លឿន​ជាង​ការគិត​ពី​មុន ហើយ​ទំនង​ជា​សម្រេច​ផលិតបាន​ក្បាល​នុយក្លេអ៊ែរ​ទំហំ​តូច​និង​ស្រាល​សម្រាប់​ទៅ​បំពាក់​លើ​មីស៊ីល​បានភ្លាម លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក សន្យា​ប្រែក្លាយ​កូរ៉េខាង​ជើង ទៅ​ជា “​ភ្លើង​និង​កំហឹង”។ ពីរបី​ម៉ោង​ក្រោយ​ ព្យុងយ៉ាង​បានប្រកាស​យ៉ាង​ងងើល​តបវិញ ដោយ​គ្មាន​បង្អង់ថា ​កំពុង​ពិនិត្យ​ពិច័យ​លើ​គម្រោង​វាយប្រហារ​លើ​កោះ​ Guam ដែន​ដី​អាមេរិក​កណ្តាល​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក។ ​

Kim Jong Un  Missile balistique Coree du Nord
Kim Jong Un Missile balistique Coree du Nord © Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​នុយក្លេអ៊ែរ​​កូរ៉េខាង​ជើង បាន​រីក​ចម្រើន​លឿងជាង​ការ​គ្រោង​ទុក​​របស់​អ្នក​ជំនាញ​ទៅ​ទៀត។ នៅ​សល់​ឧបសគ្គ​តែ​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ ព្យុងយ៉ាង​នឹង​អាច​ក្លាយ​ជាមហាអំណាច​នុយក្លេអ៊ែរ​យ៉ាង​ពេញ​លេញ មាន​សមត្ថភាព​វាយប្រហារ​នៅ​គ្រប់ទិសទី ​ គ្រប់​ពេល​វេលា និង​លើ​ទី​តាំង​ច្បាស់​លាស់​មួយ​ណា​ក៏​បាន។

ក្បាល​នុយក្លេអ៊ែរ​តូច​និ​ងស្រាល

​កូរ៉េខា​ងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៥​ដង​មក​ហើយ ហើយ​លើក​​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី ៩​កញ្ញា​២០១៦។ នៅ​ថ្ងៃ​នោះ​ បើ​តាម​អ្នក​ជំនាញ គ្រាប់​បែក​​នុយក្លេអ៊ែរ​ដែល​បាន​ព្យុង​យ៉ាង​បាន​ប្រើ មាន​កម្លាំង​​​ប្រហាក់​ប្រហែល​អាច​ប្រៀប​ធៀប​បាន​នឹង​កម្លាំង​គ្រាប់​បែក​នុយក្លេអ៊ែរ​អាមេរិក ទម្លាក់​នៅ​ណាហ្កាស្ហាគី កាលពី​ថ្ងៃ​ទី ៩ សីហា ១៩៤៥ ពោល​គឺ​គ្រាប់​បែក​ដែល​មាន​ទម្ងន់​ប្រមាណ​ពី​២០​ទៅ​៣០​តោន។

ព្យុងយ៉ាង​ក៏​បាន​ប្រកាស នៅពេល​នោះ​ថា​គឺក្បាល​​គ្រាប់​ប្រភេទ​នោះ​ហើយ​ដែល​គេ​ចង់​អភិវឌ្ឍន៍ផលិត​​ក្នុង​ទំហំ​តូច និង​ស្រាល សម្រាប់​ងាយ​យក​ទៅ​បំពាក់​លើក​លើ​មីស៊ីលអន្តរទ្វីប​ ដើម្បី​បាញ់​ដល់សហរដ្ឋ​អាមេរិក។​ ការ​បាញ់​សាក​ល្បង​មីស៊ីល​ក៏​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​តាម​ក្រោយ​ទៀត ជា​ច្រើន​លើក​ច្រើន​សា នៅ​ក្នុង​នោះ​មាន​ពីរ​ដង​ជា​​ការ​បាញ់​មីស៊ីល​ប៉ាលីស្ទិក​អន្តរទ្វីប​ បាន​សម្រេច ដោយ​បាញ់​ចំ​ថ្ងៃ​បុណ្យ​ជាតិ​អាមេរិក ថ្ងៃទី ៤ កក្កដា ២០១៧​ផង។

មីស៊ីល​បាលីស្ទិក​អន្តរទ្វីបអាច​បាញ់​​​ចម្ងាយ​១​ម៉ឺន​គីឡូម៉ែត្រ​​​ (បាញ់​ដល់​ទឹក​ដី​អាមេរិក) ក៏​សម្រេច​បាន ! ហើយម្សិលមិញ ​ភ្នាក់ងារ​ចារកិច្ច​​យោធា​អាមេរិក បាន​ទម្លាយ​ព័ត៌មាន​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ថា កូរ៉េខាង​ជើង​ផលិត​បាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ទំហំ​តូច និង​ស្រាល សម្រាប់​បំពាក់​លើ​មីស៊ីលនោះ​​ បាន​មួយ​គ្រាប់​ហើយ។

គំរូ​រូបភាព​មីស៊ីល​បាលីស្ទិករបស់​កូរ៉េខាងជើង
គំរូ​រូបភាព​មីស៊ីល​បាលីស្ទិករបស់​កូរ៉េខាងជើង © Reuters

មាន​ក្បាល​នុយក្លេអ៊ែរ​តែ​មិន​ប្រាកដ​ថា​ប្រើ​បាន​

ថ្វី​បើ​ពេល​នេះ​កូរ៉េខាងជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ទំហំ​តូច​ ស្រាល និង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​​មែន ប៉ុន្តែ​ការ​បំពាក់​បាញ់ និ​ងចាញ់​ចំ​ទិស​ល្អ ដល់ទិសដៅ​កំណត់​បាន​ គឺ​ជា​បច្ចេកវិទ្យា​ដ៏​ស្មុគស្មាញ​ណាស់។ ក្រុម​អ្នក​ជំនាញ ក៏​ដូច​ជា​ភ្នាក់ងារចារកិច្ច​យោធា​អាមេរិក ​នៅ​តែ​ជឿជាក់​ថា​បច្ចេកវិទ្យា​បង្គំ​បំពាក់​ក្បាល​នុយក្លេអ៊ែរ​លើ​មីស៊ីល​របស់ព្យុងយ៉ាង​នៅ​​មិន​ទាន់​​រឹង​មាំ​នៅ​ឡើយ​ទេ។

គេ​ត្រូវ​គណនា​កម្លាំង​ខ្យល់​រុញ​ច្រាន​ក្បាល​នុយក្លេអ៊ែរ​តូច​ស្រាល​​នេះ ឱ្យ​ធន់ និង​អាច​​ហោះ​​ក្នុង​លំហ​អាកាស​ក្នុង​ល្បឿន​២៥០០០​គីឡូម៉ែត្រ​ក្នុង​ម៉ោង​ ដោយ​ត្រូវ​ប្រឈម​នឹង​ភាព​កកិត និង​ញ័រ​ខ្លាំង​​ក្នុង​បរិយាកាស។ បើ​តាម​មជ្ឈមណ្ឌល​​វិភាគ​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​អាមេរិក​ យានរបស់​មីស៊ីល​បាលីស្ទិក​​​អន្តរទ្វីប​​ដែល​កូរ៉េខាង​ជើង​បាន​បាញ់​សាក​ល្បង​​ កាលពី​ថ្ងៃ​ទី ២៨​កក្កដា ផ្ទុះ​ក្រោម​សម្ពាធ​បរិយាកាស ដូច្នេះនៅ​ពេលពាំ​​ក្បាល​នុយក្លេអ៊ែរ​ពិត នោះ​វា​នឹង​ត្រូវ​ផ្ទុះធ្លាក់​មុន​ដល់​ទិស​ដៅ​​។ លើកលែង​តែ​ថា​ក្បាល​គ្រាប់​ផលិត​បាន​នេះ មាំ​ខ្លាំង។

អ្នក​ឯកទេស​នុយក្លេអ៊ែរអាមេរិក​នៅ​សាកល​វិទ្យាល័យ​ស្តែនហ្វត លោក Hecker យល់​ថា​កូរ៉េខាង​ជើង​ត្រូវ​ការ​ពេល​៥​ឆ្នាំ​ទៀត ទើប​អាច​​មាន​យាន​ធុន​នឹង​កម្លាំង​មីស៊ីលបាលីស្ទិក​​រយៈ​ឆ្ងាយ​បាន។ ពេល​នេះ​ព្យុងយ៉ាង​ពុំ​ទាន់​មាន​បទ​ពិសោធ​ន៍​គ្រប់​គ្រាន់ ផ្នែក​មីស៊ីល​ឬ​នុយក្លេអ៊ែរ​ ដែល​អាច​ពាំ​ក្បាល​នុយក្លេអ៊ែរតូច ស្រាល ហើយ​មាំ​។

បើ​តាម​លោក​ Hecker ជំនាញ​នុយក្លេអ៊ែរ​អាមេរិក​ដែល​ធ្វើ​ដំណើរ​​​ទៅ​កូរ៉េខាង​ជើង​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​វាយ​តម្លៃ​អំពី​កម្មវិធីនុយក្លេអ៊ែរ​​ យល់​ថា កម្មវិធី​​របស់​ព្យុងយ៉ាង ត្រូវ​បាន​បង្អាក់​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​កូរ៉េខាងជើង​មាន​ស្តុក​​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ និង​ពិសេស​សារធាតុ​ភ្លុយតូនីញ៉ូម​​ទាប។ សារធាតុ​ពី​នេះ​សំខាន់​ណាស់​សម្រាប់​ផលិត​អាវុធ​ដើម្បី​បំពាក់​លើ​មីស៊ីលអន្តរទ្វីប។

កូរ៉េខាង​ជើង​ទំនង​ជាមាន​សារធាតុ​ពីរ​នេះ សម្រាប់​ផលិត​គ្រាប់​បែក​បាន​២០​ទៅ​២៥​គ្រាប់ មិនមែន​៦០ ដូច​ដែល​​ភ្នាក់ងារចារកិច្ច​យោធា​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ទេ។

សង្គ្រាម​ពាក្យ​សំដី​អត់​ប្រយោជន៍

អ្នក​វិភាគ​ និង​អ្នក​នយោបាយ​ កំពុង​ផ្តោត​ចំណាប់​អារម្មណ៍​ទៅ​លើ​ភាព​មិន​ប្រុង​ប្រយ័ត្ន​ពាក្យ​សំដី​របស់​ប្រធានាធិបតី។ អ្នក​ខ្លះ​យល់​ថា​ គេ​គ្មាន​ប្រយោជន៍​អ្វី​តែ​ត្រូវ​ទៅ​តថ្លៃ​ជាមួយ​កូរ៉េខាង​ជើង។ ​រឿង​គំរាម​កំហែង​នុយក្លេអ៊ែរ ជា​ឯកទេស​របស់​ព្យុងយ៉ាង​ទៅហើយ កាន់​តែហាម​ កូរ៉េខាង​ជើង​កាន់​តែ​ចង់​បំពាន។ ដូច​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង ! លោក​ចន ម៉ាកែន ព្រឹទ្ធសភា​​​​បក្ស​សាធារណរដ្ឋ បាន​បន្ទោសលោក​​ត្រាំ ថាក្នុងនាម​ជា​ប្រធានាធិបតី គេ​គួរ​តែ​និយាយ​អ្វី​ដែល​គេ​ប្រាកដ​ថា​ត្រូវ​ធ្វើ និង​ធ្វើ​បាន។ លោកត្រាំ​ ធ្លាប់​បាន​ប្រកាស​បើ​កម្លាំង​យោធា​ ប្រើ​អាវុធ​នុយក្លេអ៊ែរ​បង្ក្រាប​កូរ៉េខាង​ជើង​ ដើម្បី​បិទ​បញ្ចប់​ការ​អភិវឌ្ឍន៍​កម្ម​វិធីនុយក្លេអ៊ែរ តែ​ចុងក្រោយ​អាមេរិក​បែរ​ជា​ផ្តល់​តម្លៃ​ដល់​ផ្លូវ​ទូត និង​អនុម័ត​ការ​ដាក់​ទណ្ឌកម្មទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ