rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អូស្រ្តាលី ភេរវកម្ម អាកាសចរណ៍ អេមីរ៉ាតអារ៉ាប់រួម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អូស្ត្រាលី​ចោទប្រកាន់ ជនសង្ស័យ ដែល​គ្រោង​បំផ្ទុះ​យន្តហោះ ដឹក​អ្នកដំណើរ Etihad​Airways

media
ប៉ូលិស​អូស្ត្រាលីនៅ​ផ្ទះ​របស់​ជនសង្ស័យ ដែល​គេរកឃើញ​មាន​វត្ថុ​សម្រាប់​ផលិត​គ្រឿងបំផ្ទុះ​យន្តហោះ ©REUTERS/Jason Reed

តុលាការ​អូស្ត្រាលី នៅ​ថ្ងៃ​សុក្រ​​ទី ៤​សីហា បាន​ចោទប្រកាន់​ឱពុកកូន ពីរនាក់ ពី​បទ​រៀបចំ ឬ​មាន​គម្រោង​ធ្វើ​សកម្មភាព​ភេរវកម្ម។ ពួកគេ​ស្ថិតក្នុង​ចំណោម​មនុស្ស​៤​នាក់ ដែល​ប៉ូលិស​អូស្ត្រាលី ចាប់ខ្លួន នៅ​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍មុន។ ប៉ូលិស​អូស្ត្រាលី ជឿថា ជនជាតិ​អូស្ត្រាលី ដើមកំណើត​លីបង់ ទាំង​ពីររូប មាន​គម្រោង ចង់​បំផ្ទុះ​យន្តហោះ​ដឹកអ្នកដំណើរ​របស់ Etihad​Airways ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ របស់​ប្រទេស​អេមីរ៉ា អារ៉ាប់រួម។


តាម​ប៉ូលិស​អូស្ត្រាលី ជនសង្ស័យ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​សៅរ៍ បាន​ទទួល​ការណែនាំ​ពី​ក្រុមជីហាត រដ្ឋអ៊ីស្លាម ដែល​បាន​បង្ហាត់បង្ហាញ តាម​អ៊ីនធ័រនែត ឲ្យ​ពួកគេ​ចេះ​ផលិត​គ្រឿងផ្ទុះ។ ជនសង្ស័យ ធ្លាប់បាន​លួច​ដាក់​បញ្ចូល គ្រឿងផ្ទុះ កម្លាំង​ខ្លាំង ទៅ​ក្នុង​វ៉ាលីស របស់​សមាជិក​គ្រួសារ​ម្នាក់។ កាសែត​ក្នុង​ស្រុក​អូស្រ្តាលី​សរសេរ​ថា ម្ចាស់​វ៉ាលីស​ជា​ប្អូនប្រុស​បង្កើត​របស់​ជនសង្ស័យ ដែល​បើតាម​ប៉ូលិស គឺ​មិន​បាន​ដឹង​ខ្លួន​សោះឡើយ ថា មាន​គ្រឿងផ្ទុះ នៅក្នុង​វ៉ាលីស​របស់ខ្លួន។

 

តាម​ប៉ូលិស​ដដែល វ៉ាលីស​មាន​ផ្ទុក​គ្រឿងផ្ទុះ ត្រូវ​បាន​ដឹក​ទៅ​ដល់​ព្រលាន​យន្តហោះ ស៊ីដនី និង​ត្រៀម​ដាក់​បញ្ចូល ទៅ​ក្នុង​យន្តហោះ របស់​ក្រុមហ៊ុន Etihad​Airways ដែល​ត្រូ​ហោះ​ពី​ស៊ីដនី នៅ​ថ្ងៃ ទី ១៥​កក្កដា​កន្លងទៅ។ ប៉ុន្តែ ការប៉ុនប៉ង​បំផ្ទុះ​យន្តហោះ របស់​ប្រទេស​អេមីរ៉ា អារ៉ាប់រួម ត្រូវ​បាន​ផ្អាក​មកវិញ ដោយសារ​តែ​វ៉ាលីស​មាន​លាក់​គ្រឿងផ្ទុះ មិនអាច​ឆ្លងផុត ពី​កន្លែង​ចុះឈ្មោះ នៅ​ព្រលាន​យន្តហោះ។ គេ​មិន​ដឹងថា ហេតុអ្វី​បាន​ជា​វ៉ាលីស មិនអាច​ត្រូវ​ចុះ​បញ្ជីរ​នោះទេ។ ប៉ុន្តែ ប៉ូលិស​វាយតម្លៃ​ថា ទម្ងន់ធ្ងន់​ជ្រុល​របស់​វ៉ាលីស អាច​ជាមូលហេតុ ដែល​ធ្វើ​ឲ្យ​ជនសង្ស័យ សម្រេច​លុបចោល​ផែនការ ធ្វើ​ភេរវកម្ម​ទៅវិញ។

 

ជារួម នៅក្នុង​ប្រតិបត្តិការ​ចាប់ខ្លួន ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ សៅរ៍ ប៉ូលិស អូស្ត្រាលី​បាន​រកឃើញ​ផងដែរ​ថា ឧបករណ៍ និង​សារធាតុ​គីមី ដែល​ជនសង្ស័យ ត្រៀម​នឹង​ប្រើ សម្រាប់​ផលិត​គ្រឿងផ្ទុះ បញ្ចេញ ឧស្ម័នពុល​សម្លាប់​មនុស្ស។

 

តាម​ប៉ូលិស ជនសង្ស័យ​ បាន​ចាប់​ទាក់ទង​ជាមួយ​ក្រុមជីហាត រដ្ឋអ៊ីស្លាម តាំង​ពី​ខែ​មេសា​ឆ្នាំមុន។ តាំង​ពី​ប្រទេស​តួកគី ក្រុមរដ្ឋអ៊ីស្លាម​បាន​បញ្ជូន​កញ្ចប់​ឧបករណ៍​ផលិត​គ្រឿងផ្ទុះ និង​ជាអ្នកបញ្ជារ​ឲ្យ​រៀបចំ​ធ្វើ​ភេរវកម្ម នៅ​ទឹកដី​អូស្ត្រាលី។ នៅ​ថ្ងៃ​សុក្រ ជនសង្ស័យ ពីររូប ក្នុង​ចំណោម​៤​រូប ដែល​ត្រូវ​ប៉ូលិស ចាប់ខ្លួន​បាន នៅ​ថ្ងៃសៅរ៍ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ដាក់ នៅក្នុង​ឃុំ ក្នុង​ពេល​រង់ចាំ​សវនាការ ដែល​នឹង​បើក​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាងមុខ។ បើសិន​តុលាការ​រកឃើញ​មាន​ភស្តុតាង បញ្ជាក់​ពីសកម្មភាព​ឧក្រិដ្ឋ នោះ​ជនសង្ស័យ​ភេរវនិយម​ទាំងពីរ​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​អស់មួយជីវិត៕