អានតួអត្ថបទ

ភូមា ៖ អ្នក​កាសែត​​ម្នាក់ជាប់​ចោទ​ពីបទ​បរិហារកេរ្ត៍​ព្រះសង្ឃជ្រុលនិយម

​តុលាការភូមា​នឹង​​កាត់​ទោស​នៅ​ថ្ងៃចន្ទ​ទី ៧ សីហា សប្តាហ៍​ក្រោយ​លោក ស្វេ វីន Swe Winអ្នក​កាសែត​និង​ជា​និពន្ធនាយក​​ទីភ្នាក់ងារ​សារព័ត៌មាន​ភូមា ពី​បទ​បាន​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ពាក្យ​បរិហារ​​កេរ្ត៍​ប៉ះពាល់​ដល់​ព្រះ​សង្ឃ​ពុទ្ធ​សាសនា ព្រះនាម អាស្ហ៊ីន វីរ៉ាធុ។ ព្រះ​សង្ឃជា​ មេដឹកនាំសង្ឃ​​ជ្រុល​និយម​ភូមា ដែល​ល្បី​ខ្លាំង​មាន​សង្ឃដីកា​ប្រឆាំង​អ៊ីស្លាម។

សង្ឃ​វីរ៉ាធុ មេដឹកនាំ​ចលនា​ជ្រុលនិយមសង្ឃ​ពុទ្ធសាសនា​នៅភូមា
សង្ឃ​វីរ៉ាធុ មេដឹកនាំ​ចលនា​ជ្រុលនិយមសង្ឃ​ពុទ្ធសាសនា​នៅភូមា Les Films du Losange
ផ្សាយពាណិជ្ជកម្ម

និពន្ធនាយក​ទីភ្នាក់ងារ​សារព័ត៌មាន​ភូមា​លោក ស្វេ វីន ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ៣០កក្កដា នៅ​ក្នុង​ខណៈ​ដែលលោក​​ហៀប​នឹង​ចាក​ចេញ​ពី​ប្រទេសទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​​ក្រុង​បាងកក។ នេះ​បើ​តាម​ប្រភព​ប៉ូលិស​ក្រុង​រ៉ង់ហ្គូន ដែល​បាន​ទទួល​បញ្ជា​ពី​ប៉ូលិស​ក្រុង​ម៉ង់ដាល័យ​ថា​លោក​ស្វេ វីន ប៉ុន​ប៉ង​ចាក​ចេញ​ពី​ប្រទេស​។ តាម​ការ​ពិត​បើ​តាម​ការ​ពន្យល់​​របស់​​មេធាវី អាជ្ញាធរ​ភូមា​មិន​បាន​ផ្តល់​ដំណឹង​ដល់​អ្នក​កាសែតថា​គាត់​គ្មាន​សិទ្ធិ​ចាក​ចេញ​ពី​ប្រទេស​ទេ។

ប៉ុន្តែនៅ​ថ្ងៃចន្ទ​ទី ៣១​កក្កដានេះ តុលាការ​ភូមា​បាន​ព្រមព្រៀង​ដោះលែងលោក ស្វេ វីន ឱ្យ​មាន​សេរីភាព ដោយ​មាន​លក្ខខណ្ឌ​ ​ ​ក្នុង​ពេល​រង់ចាំ​ការ​បើក​សវនការ​នៅ​សប្តាហ៍​ក្រោយ។ លោក​ស្វេវីន នឹង​ត្រូវ​តុលាការ​បើក​សវនការ​កាត់​ទោស​នៅ​ថ្ងៃ​ចន្ទ​ទី ៧ សីហា​សប្តាហ៍​ក្រោយ​ ពី​បទ​បាន​បង្ហោះ​សារ​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក កាលពី​ខែ​មីនា ថា​ព្រះសង្ឃ​វីរ៉ាធុ បាន​ប្រព្រឹត្ត​កំហុស​ បំពាន​វិន័យវត្ត​​ពុទ្ធសាសនា។

សកម្មជន​អ្នក​គាំទ្រ​សង្ឃ​វីរ៉ាធុ ​បានដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​កាសែត ស្រប​តាម​មាត្រា​៦៦​នៃ​ច្បាប់​ភូមា។ បើតាម​ច្បាប់​គ្រប់​បុគ្គល​ដែល​ផ្សព្វផ្សាយ​​ពាក្យ​បរិហារ​ ពាក្យ​ញុះញង់​ គំរាម​កំហែង​ អូសទាញ​​​មតិ​សាធារណៈ​ តាម​ប្រព័ន្ធ​សង្គម អាច​នឹង​ត្រូវ​ទទួលទោស ជាប់​ពន្ធនាគារ​ដល់​ទៅ​បី​ឆ្នាំ។

ថ្វី​បើ​ពេល​នេះ ភូមា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​​លោកស្រី​ អ៊ុង សានស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​មែន ប៉ុន្តែ​ ស្វេ វីន ជា​អ្នក​កាសែត​ទី​៥​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួនបញ្ជូន​ទៅ​តុលាការ។ ទង្វើ​នេះ​បាន​បំផុស​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ជុំ​វិញ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ​ ​នៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ