អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ូស្គូ​​និង​​ប៉េកាំង​បិទបញ្ចប់​លំហាត់សឹក​រួមគ្នា​អស់ពេញ​មួយសប្តាហ៏​ នៅ​សមុទ្រ​បាល់ទិក​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រនេះ​ ជាថ្ងៃ​ចុងក្រោយ​នៃលំហាត់សឹក​ធ្វើរួមគ្នា​ ដោយក្រុម​កប៉ាល់ចំបាំង​ចិននិងរុស្ស៊ី​ តាំងពី​ថ្ងៃសុក្រមុនមក​ ហើយវាប្រព្រឹត្ត​ទៅ​ជាលើកទី១​ គឺ នៅសមុទ្រ​បាល់ទិក។​ លំហាត់បែបនេះ​ ក្រោម​ឈ្មោះថា“ការ​សហការគ្នា​នៅសមុទ្រ“​​ ត្រូវ​ម៉ូស្គូ​និង​ប៉េកាំង​​ធ្វើតាំងពី​ឆ្នាំ២០១២​មក។​ ប៉ុន្តែ​​ដោយ​ហេតុថា លើកនេះ​​វាប្រព្រឹត្តទៅ ​នៅត្រង់​លំហទឹក​ដែលតែង​អាងយ៉ាង​ដោយ​សមយុទ្ធជារឿយៗ​នៃពួកប្រទេស​បក្សសម្ព័ន្អអូតង់ បានជា​វាហែហម​ទៅដោយ​សំដី​ឌឺដង​និង​ដៀមដាមគ្ន​ រវាងម្ខាង​គឺរុស្ស៊ី​និងចិន​​ជាដៃគូ​ យុទ្ធសាស្ត្រ​នឹងគ្នា​​តាម​គ្រប់មុខព្រួញ​ និង​ម្ខាងទៀត​គឺ​បស្ចិមលោក​ ​ដែល​ការពារ​ទង្វើអូតង់​នាំមុខ​ដោយ​សរអា។

នាវា​Moskva របស់​រុស្ស៊ី ​ក្នុងពេល​ហាត់សម​សម្រាប់​​បុណ្យ​កងទ័ព​ជើងទឹក នៅ​កំពង់ផែ សេបាស្តូប៉ូល សមុទ្រខ្មៅ​​
នាវា​Moskva របស់​រុស្ស៊ី ​ក្នុងពេល​ហាត់សម​សម្រាប់​​បុណ្យ​កងទ័ព​ជើងទឹក នៅ​កំពង់ផែ សេបាស្តូប៉ូល សមុទ្រខ្មៅ​​ Reuters
ផ្សាយពាណិជ្ជកម្ម

លំហាត់សឹកចិន-រុស្ស៊ី ប្រព្រឹត្តទៅ រៀងរាល់ឆ្នាំ ក្រោមឈ្មោះ​ជាផ្លូវការ​ថា “ការសហការ​គ្នា​នៅសមុទ្រ”​​ លើក​ដំបូងបង្អស់​ គឺ​ក្នុងឆ្នាំ២០១២ នៅ​សមុទ្រលឿង​ប្រទេសចិន។​ កាលណោះ​​ មានដាក់​​ឲ្យ​សកម្ម​​ពី​ទាំងសងខាង​ គឺ​នាវាលើផ្ទៃទឹក​និង​នាវាមុជទឹក​ សរុបទៅ​២៥​គ្រឿង និង​យន្តហោះចំបាំង​១៣គ្រឿង,​ ឧទ្ធម្ភាគចក្រ​យោធា​៩​គ្រឿង, ទ័ពពិសេស​​២​អង្គភាព។​​

បន្ទាប់មក​ លំហាត់នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សមុទ្រជប៉ុន នៅ​សមុទ្រ​តំបន់​ក្រុងផែ​ Vladivostok​​ ចុងបូព៌ា​​រុស្ស៊ី​នៅ​​សមុទ្រម៉េឌីទែរ៉ាណេ នៅ​សមុទ្រចិន​ខាងត្បូង ហើយឥឡូវ នៅ​សមុទ្របាល់ទិក។ ទាក់ទងនឹង រឿងនេះ គួរនិយាយថា ក្រុមកប៉ាល់ចំបាំងចិន ក្នុងឆ្នាំ ២០១៥ នៅតាមផ្លូវឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ​ បានឈៀងចូល​សមុទ្រខ្មៅ​ ប៉ុន្តែ មិន​ប្រថុយចូលចត​នៅ​តាមផែ​នៃ​ទៀបកោះ​គ្រីមេ​ទេ ដើម្បី​ចៀសវាង​ ការ​ទិតៀន​ជា​យថាហេតុ ហើយ​បានចូលចត​គឺនៅផែ​ជា​មូលដ្ឋាន​កងនាវារុស្ស៊ីមាត់សមុទ្រនោះ ឈ្មោះ Novorossisk​ លើ​ដែនដី​សហព័ន្ធរុស្ស៊ី​ពេញទី។​

លំហាត់សឹក “ការសហការ​គ្នា​នៅសមុទ្រ- ឆ្នាំ២០១៧ “ ធ្វើ​នៅសមុទ្របាល់ទិក ពី​ថ្ងៃ២១ ដល់ ២៨​កក្កដា ហើយ​ដែលវគ្គ​សកម្ម​របស់វាគឺ​ចាប់ពីថ្ងៃ​២៤​កក្កដាមក។ ចូលរួម ពីខាង​ចិននិងរុស្ស៊ី សរុបទៅ គឺ នាវាតែ១០ គ្រឿង , យន្តហោះចំបាំង និងឧទ្ធម្ភាគចក្រយោធា តែ ១២គ្រឿងប៉ុណ្ណោះ។ ម៉្លោះហើយ បានជាកាណាល់ទូរទស្សន៍រដ្ឋរុស្ស៊ី ដោយធ្វើការ​ប្រៀបធៀប​​ ​បានរំលឹកទាំងឌឺដង​ថា ក្នុង​លំហាត់សឹក​អន្តរជាតិ​ ធ្វើជាលើកទី​៤៥ ​ទៅហើយ​ នៅ​សមុទ្របាល់ទិក ដោយ​​បក្សសម្ព័ន្ធអូតង់ កាលពី​ខែមិថុនា​កន្លងទៅ ក្រោម ឈ្មោះថា​Baltic Operations ហៅកាត់ថា​ Baltops មិនឆ្ងាយប៉ុន្មាន​ពីឆ្នេរ​ប្រទេសរុស្ស៊ី​ ពីក្នុង​ចំណោម​២៩ប្រទេស​សមាជិកអូតង់ មានដល់ទៅ​១៤​ប្រទេស បានចូលរួម​​ព្រមទាំង​​រដ្ឋជាដៃគូអូតង់ បែបយ៉ាង​ហ្វាំងឡង់ និង​ស៊ុយអែត​ជាដើម។​

កាលណោះ​ មានដាក់​ឲ្យសកម្ម​គឺ នាវាលើ​ផ្ទៃទឹក និង​នាវា​មុជទឹក​ដល់ទៅ​៥០គ្រឿង, យន្ដហោះ​ចំបាំងដល់ទៅ៥៥គ្រឿង។​ ពេលនោះ មេបញ្ជាការ​កងនាវា​ទី៦​របស់​សរអា​ ឧត្តមនាវីទោ​ លោកChristopher Grady​ បានអះអាង​ថា សមយុទ្ធBaltops “ឥត​តម្រង់​ប្រឆាំងនឹង​ប្រទេសណាឡើយ” ហើយ​“មិនត្រូវ​ចាត់ទុកវា​ជាចម្លើយ​តបនឹង​ ការ​គម្រាម​ណាមួយ​ដ៏​ជាក់លាក់​ឡើយ”។ គប្បី​ពិនិត្យមើល​សមយុទ្ធនេះ​ តែជា​លទ្ធភាព​សំដែង“ ​សាមគ្គីភាព​ ធ្លុងមួយ“ហើយ“ ​រួមគ្នា​ត្រៀមប្រយុទ្ធ” ​ដើម្បី​បង្ហាញ​​សមត្ថភាព​បក្ស​សម្ព័ន្ធ​អូតង់​​​​ទ្រទ្រង់សន្តិសុខ និង​ស្ថិរភាព​នៅតំបន់បាល់ទិក។​ ការនេះ​ តាមសំដី​ លោក​ឧត្តមនាវីទោ Grady គឺស្រដី​ឲ្យឃើញ​ពីភាពត្រៀមខ្លួន​សមាជិក​និមួយៗ​របស់អូតង់ ​បំពេញនូវ​កាតព្វកិច្ច​រៀងៗខ្លួន។​

ប៉ុន្តែ​ អាជ្ញាធររុស្ស៊ី​មិនយល់ឃើញ​យ៉ាងនេះឡើយ។ “ រុស្ស៊ីតែង​ព្រួយបារម្ភ ​កាលណា​បរទេស​ធ្វើលំហាត់សឹក​នៅក្បែរ​ព្រំប្រទល់ខ្លួន​តែម្តង។ លំហាត់យ៉ាងគគ្រឹកគគ្រេង ធ្វើដោយអូតង់ នៅតំបន់បាល់ទិក ក្នុងខែមិថុនានោះ គឺជាភាគមួយ នៃ ផែនការ​បក្សសម្ព័ន្ធនេះ​ ដើម្បីទប់អានុភាពរុស្ស៊ី​ ប៉ុន្តែ រុស្ស៊ីផ្ទាល់គ្មាន​សោះឡើយ​គម្រោង​អ្វីណា ដើម្បី​សង្គ្រប់យក ៣​ប្រទេសបាល់ទិក រឺ​​ប៉ូឡូញ រឺ​​​រដ្ឋណាមួយ​នៅអឺរ៉ុប “សេចក្តីនេះ​ ថ្លែងដោយ​អនុប្រធាន​គណៈកម្មាធិការ​សភាឌូម៉ា​ខាងការពារប្រទេស​ លោក Andrei Krassov។​

ពេលដែល​រុស្ស៊ីនិងចិន​ ធ្វើសមយុទ្ធ​នៅសមុទ្របាល់ទិក​ ប្រព័ន្ធផ្សព្វផ្សាយ​បស្ចិមលោក​ នាំគ្នាចេញ​បទអត្ថាធិប្បាយ​ ក្នុងន័យ​ឈ្នានីស​​រហូតដល់ប្រកាស​ភាពអាសន្ន​ទៅផង​ ក្រោម​ចំណងជើង​បែបយ៉ាង ៖

-ចិន​និង​រុស្ស៊ី​គ្រវែង​នៅសមុទ្របាល់ទិក​ ទៅកាន់​អូតង់​នូវ​សូរប្រកូកប្រកាស​ បបួល​ឲ្យ​ប្រកួត​ជាមួយខ្លួន​

-ក្នុងល្បែង​យោធា​រវាង​រុស្ស៊ី​និង​អូតង់​នៅទ្វីបអឺរ៉ុប​ ​មាន​លេចចេញមក​តួអង្គថ្មី​ គឺ​ចិន​ឫ?

-លំហាត់សឹក​រួមគ្នាចិន-រុស្ស៊ី​ នៅមាត់ទ្វារ​អឺរ៉ុប​ ជាសារនយោបាយ​ផ្ញើទៅ​លោកត្រាំ និង​អូតង់​

-រុស្ស៊ិ​និង​ចិន​ប្តេជ្ញា​គាំទ្រ​និង​ការពារគ្នាទៅវិញទៅមក។ល។

ជាចម្លើយតបវិញ​ ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី នាំគ្នា​ដៀមដាម​ឲ្យក្នុងទម្រង់ថា​ សរអា​និង អូតង់​ បំពាក់លើខ្លួននូវសិទ្ធិ​ធ្វើ​សមយុទ្ធត្រង់ចំណុច​ណាក៏ដោយ​នៃផែនដី​ តែក្រោម​លេសមួយគត់ គឺ​ដើម្បីពង្រឹង​ប្រជាធិបតេយ្យ​ ហើយមិនបង្ក​រឿង​ដល់ ប្រទេស​ជិតខាង​ទេ។​ នាវាចំបាំងអាមេរិកាំង​ យាត្រាស្រេច​តែក្បាលចិត្ត​ ក្នុងលំហសមុទ្រ​បាល់ទិក​ ដូចក្នុង​ផ្ទះខ្លួនអញ្ចឹង។ នាវាបាញ់គ្រាប់បែក​បុករបស់​អាមេរិក បើក​ចូលចត កំពង់ផែ​​លីទុយអានី​យ៉ាងសំញែង​ ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិប្រទេសនេះ​​ខំដោះសា​ថា​ ការនេះ​បញ្ជាក់ពី​ភាពប្តេជ្ញា​របស់សរអា តទៅថ្ងៃមុខ​​ ពង្រឹង​សហប្រតិបត្តិការ ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត ក្នុងបក្សអូតង់​នៅតំបន់បាល់ទិកទេតើ។​

តាមប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី ម៉ូស្គូ និង​ប៉េកាំង មាន​រៀងៗខ្លួន​គឺ មូលដ្ឋានយោធា​តែមួយគត់​នៅបរទេស ៖ ចិន​មានមូលដ្ឋានបែបនេះ​ នៅ​Djibouti, រុស្ស៊ី​មាននៅ Syrie ។ តួលេខនេះ​ខុសគ្នាដូច​មេឃ និង​ដី​បើប្រៀបទៅនឹង​ចំនួនមូលដ្ឋាន​ដល់ទៅ​៨០០​កន្លែង ដែលសរអា​ពង្រាយជា​បណ្តាញក្តោប​ភពផែនដី​តែម្តង ហើយនេះ ​ដោយ​មិនទាន់រាប់​ បន្ទាយ​ទាហានចំនួន រាប់រយ រាយនៅតាម ៨០ប្រទេសទៅផង។​

ទីភ្នាក់ងារ​ពត៌មានចិន​ Sinhua ពីចំណែកខ្លួន​សង្កត់ធ្ងន់ថា សមយុទ្ធ​នៅសមុទ្រ​បាល់ទិក​ រំលេច​ឲ្យឃើញពី “ការ​ពង្រឹង​និងពង្រីក​ភាពជាដៃគូយុទ្ធសាស្ត្រ និង ការ​សម្របសម្រួល​សកម្មភាព​រវាងចិននិងរុស្ស៊ី​ ឆ្ពោះទៅស៊ីជម្រៅ​មិត្តភាព និង សហប្រតិបត្តិការ​តាម​មុខព្រួញ​ជាក់លាក់​រវាង​កងនាវា​ប្រទេសទាំងពីរ។​

ទាំងម៉ូស្គូ ទាំងប៉េកាំង សុទ្ធតែគូសបញ្ជាក់ថា​ លំហាត់សឹករួមគ្នា​នេះ តតម្រង់​ប្រឆាំងនឹង​នរណាឡើយ។ គោលដៅ​ចម្បងរបស់វា គឺ ​បង្កើនប្រសិទ្ធភាព​នៃការ​សម្រប​សកម្មភាព​ពួកនាវិក​ចិននិងរុស្ស៊ី​ ដើម្បី​ប្រឈមរួមគ្នា​ទល់នឹង​ការគម្រាមណា​ក៏ដោយ ដល់ សន្តិសុខ​នាវាចរណ៍ និង​ដល់សកម្មភាព​សេដ្ឋកិច្ច​ប្រទេសទាំងពីរ​នៅលំហសមុទ្រ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ