អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាគីស្ថាន ៖ តុលាការកំពូលសម្រេច​ដក​​នាយក​រដ្ឋមន្ត្រី​ ចេញ​ពីតំណែង​ពី​បទ​ពុក​រលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ណាវ៉ា ស្ហារីហ្វ Nawaz Sharif មិន​អាច​បញ្ចប់អាណត្តិ​​ជា​ប្រមុខ​រដ្ឋាភិបាល​ទៀត​ទេ ! តុលាការ​កំពូល​ប៉ាគីស្ថាន ទើប​បាន​ប្រកាស​សេចក្តី​សម្រេច​​នៅ​ថ្ងៃ​សុក្រ​នេះ ដក​ទំនុក​ចិត្ត​ពី​លោក ណាវ៉ា ស្ហារីហ្វ ជា​នាយក​រដ្ឋមន្ត្រី​ និង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ទទួល​​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ បើក​អង្កេត​លើ​បទ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​រូប​លោក ណាវ៉ា ស្ហារីហ្វ ព្រម​ទាំង​គ្រួសារ។ លោក ណាវ៉ា ស្ហារីហ្វ ជា​អ្នក​នយោបាយប៉ាគីស្ថាន​តាំង​តែ​ពី​យូរយារ​មក​ហើយ​ តែ​ក៏​មាន​ប្រវត្តិ​ចម្រូង​ចម្រាស​ខ្លាំង​ណាស់​ដែរ។​

លោក Nawaz Sharif លា​លែង​ចេញ​តំណែង​ ក្រោយ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល
លោក Nawaz Sharif លា​លែង​ចេញ​តំណែង​ ក្រោយ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល © Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​គឺ​ជា​លើក​ពីរ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ប៉ាគីស្ថាន ដែល​តុលាការ​កំពូល​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ទម្លាក់​នាយក​រដ្ឋមន្ត្រី។ លើក​ទី​មួយ​នៅ​ឆ្នាំ ២០១២ តុលាការ​បាន​កាត់​ទោស​ទម្លាក់​នាយករដ្ឋមន្ត្រី Raza Gilani ពី​បទ​រារាំង​ការងារ​តុលាការដោយ​បដិសេធ​មិន​ព្រម​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បើក​អង្កេត​ប្រឆាំង​នឹង​ប្រធានាធិបតី Asif Zardari ​​ពី​បទ​ពុក​រលួយ។

នៅ​ថ្ងៃ​នេះ តុលាការ​កំពូល​ប៉ាគីស្ថាន​ដដែល បាន​សម្រេច​​ដក​ទំនុក​ចិត្ត​ពី​លោក ណាវ៉ា ស្ហារីហ្វ ហើយ​បញ្ជា​ឱ្យ​បើក​អង្កេត​ពុក​រលួយ​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី​ទៀត។ សាលក្រម​បាន​ប្រកាស ក្នុង​បរិបទ​ដ៏តាន​តឹង​និ​ងប្រុងប្រយ័ត្ន​ខ្លាំង។ តាំង​ពី​ព្រហាម​មក​ ប៉ាគីស្ថាន​បាន​ពង្រឹង​សន្តិសុខ​ ពង្រាយ​កម្លាំង​ប៉ូលិស និ​ងកង​ស្វ័យត្រាន​ ប្រមាណ​៣ពាន់​នាក់​ នៅ​ជុំ​វិញ​តុលាការ​កំពូល​។

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថានជនរងគ្រោះ​ម្នាក់​នៃ​​រឿង​អាស្រូវ​ពុក​រលួយ​នៅប៉ាណាម៉ា

តាមការ​ពិត​រឿង​អាស្រូវ​ពុក​រលួយ​នៅ​ប៉ាគីស្ថាន​នេះ ​វា​បាន​ផ្ទុះ​ឡើង​ដំណាល​គ្នា​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ពិភពលោក​​នៅ​​ប៉ាណាម៉ា Panama papers កាលពី​ឆ្នាំ​ទៅ។ គណៈកម្មការ​អង្កេតដែល​មាន​សមាសភាគ​ជា​ជន​ស៊ីវិលនិង​យោធា​​ត្រូវ​បាន​បង្កើត​ឡើង។

កាល​ពី​ខែ​មេសា តុលាការ​បាន​អះអាង​ថា​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់ចាប់​កំហុស​លោក​ណាវ៉ា ស្ហារីហ្វទេ ប៉ុន្តែ​​លទ្ធផល​​ការងារ​របស់​គណៈកម្មការ​អង្កេត​ ​ដែល​ទើប​បញ្ចប់​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​កាលពី​ដើម​ខែ បាន​បំភ្លឺ​ភាព​សង្ស័យបានច្រើន​។

គេ​សង្ស័យ​ថា​លោក​នាយក​រដ្ឋមន្ត្រី ណាវ៉ា ស្ហារីហ្វ​ មាន​លាក់​ក្រុមហ៊ុន​ និង​ទ្រព្យ​សម្បត្តិ​ នៅ​បរទេស​ ដោយ​ប្រើ​ឈ្មោះ​កូនៗ។ ក្នុង​ចំណោម​កូន​ទាំង​បួន​របស់​លោក មាន​កូនប្រុស​ពី​រ​នាក់ និង​កូន​ស្រី​ម្នាក់ដែល​គេ​គិត​ថា​អាច​ជា​អ្នក​ស្នង​តំណែង​នយោបាយ​បន្ត​ពី​ឪពុក​ផង ត្រូវ​បាន​គណៈកម្មការ​កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ។

ក្រុម​អ្នក​គាំទ្រ​លោក​ណាវ៉ា ស្ហារីហ្វ
ក្រុម​អ្នក​គាំទ្រ​លោក​ណាវ៉ា ស្ហារីហ្វ © Reuters

ប្រវត្តិនយោបាយ​​ច្រំ​ដែល​របស់​លោក​ណាវ៉ា ស្ហារីហ្វ

លោក ណាវ៉ា ស្ហារីហ្វ ជា​អ្នក​នយោបាយ​ដ៏​មាន​ឈ្មោះ​ម្នាក់ នៅ​ក្នុង​ប្រទេស ជា​តំណាង​អ្នក​ឈ្មុះឈ្មុល​តស៊ូ​នយោបាយ​ម្នាក់ បើ​ទោះ​បី​នៅ​លោក​មិន​សូវ​ចេញ​មុខ​​ចេញ​មាត់​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ។ លោ​ក​មាន​ទម្លាប់​ស្លៀក​ពាក់​បែប​ប្រពៃណី​ជា​និច្ច។ កើត​នៅ​ថ្ងៃ​ទី ២៥ ធ្នូ ឆ្នាំ​១៩៤៩ ក្នុង​ត្រកូល​អ្នកមាន​​ខ្លាំង​នៅ​ Pendjab ជា​ត្រកូល​អ្នក​​ឧស្សាហកម្ម ដ៏​ល្បីល្បាញ​នៅ​ប៉ាគីស្ថាន ដែល​អាច​ចាត់​ទុក​បាន​ថា​ជា​ស្នូល​នៃ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ប្រទេស លោក ណាវ៉ា ស្ហារីហ្វ មាន​សញ្ញាប័ត្រផ្នែក​ច្បាប់ មុន​នឹង​ចូល​មក​ធ្វើការ​ជាមួយ​ឪពុក​​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដែកថែប។

លោក​បាន​ចូល​ប្រលូក​នយោបាយដំបូង ក្រោម​ការ​ណែនាំ​របស់ Zia-ul Haq ​​មេដឹកនាំ​ផ្តាច់ការ​យោធា ដែល​ជាប់​ចោទ​ថា​សម្រួល​ឱ្យ​មាន​អ៊ីស្លាម​ជ្រុលនិយម​នៅ​ប៉ាគីស្ថាន។

នៅ​ឆ្នាំ​១៩៩០ លោក ណាវ៉ា ស្ហារីហ្វ បានឈ្នះ​​បោះឆ្នោត​ទល់​នឹង​លោកស្រី​ បេណាហ្សៀ ប៊ូតូ Benazir Bhutto។ បីឆ្នាំ​ក្រោយ​ការ​កាន់​អំណាច លោក​ត្រូវជាប់​សង្ស័យ​ពី​បទ​ពុក​រលួយ​ ហើយ​ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង​ហើយ​​លោកស្រី​ប៊ូតូឡើង​ជំនួសវិញ។ នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ពី​​បាន​បង្កើត​ចលនា​នយោបាយ​សេរី​ ប្រជាប្រិយភាព​ឡើង​ខ្ពស់ លោក​ក៏​បាន​ឈ្នះ​ឆ្នោត​សភា និង​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​។ ប៉ុន្តែ​នៅ​ឆ្នាំ១៩៩៩ ឧត្តមសេនីយ៍ មូស្ហារាហ្វ Musharraf បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ និង​កាត់ទោសលោក​ឱ្យជាប់ពន្ធនាគារ​អស់​មួយ​ជីវិត មុន​នឹង​អាច​សម្រាល​អនុញ្ញាត​ឱ្យ​លោក​និរទេស​ខ្លួន​ទៅ​អារ៉ាប៊ីសាអូឌីត។

លោក​បាន​ត្រលប់​ចូល​ប្រទេស​វិញ ក្រោយ​ឃាតកម្ម​សម្លាប់​លោក​ ប៊ូតូ នៅ​ឆ្នាំ​២០០៧ ដើម្បី​ចូល​រួម​បោះឆ្នោតសភា និងបាន​ឡើង​កាន់​អំណាច​ ៥​ឆ្នាំ​បន្ទាប់​មក​ទៀត។ ការ​ដឹកនាំ​ប្រទេសរបស់​លោក​គឺ​ឈរ​លើ​គោលការណ៍​ផ្សះផ្សា​សន្តិភាព​ជាមួយ​ឥណ្ឌា​និង​សេដ្ឋកិច្ច លោក​មិន​សូវ​ផ្តល់​អាទិភាព​ដល់​នយោបាយការបរទេស និង​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស ដែល​ពួក​យោធា​មាន​អំណាច​ខ្លាំង​ទេ។ ហើយ​នៅ​ថ្ងៃ​នេះ ក្រោយ​សេចក្តី​សម្រេច​​របស់​តុលាការ​កំពូល លោក​ណាវ៉ា ស្ហារីហ្វ បាន​បង្ខំ ចិត្ត​​លាលែង​ចេញ​ពី​តំណែង។ បើ​គិត​សព្វៗ​ទៅ លោក ណាវ៉ា ស្ហារីហ្វ មិន​ដែលបាន​ដឹកនាំ​ប្រទេស​ ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ឱ្យ​បាន​ពេញ​លេញ​ទេ។

សកម្មជន​បក្ស​ប្រឆាំង​អបអរ​​សេចក្តី​សម្រេច​របស់​តុលាការ​ទម្លាក់​លោក​ណាវ៉ា ស្ហារីហ្វ ពី​តំណែង
សកម្មជន​បក្ស​ប្រឆាំង​អបអរ​​សេចក្តី​សម្រេច​របស់​តុលាការ​ទម្លាក់​លោក​ណាវ៉ា ស្ហារីហ្វ ពី​តំណែង © Reuters

បក្ស​ប្រឆាំង​បាន​ឱកាស

ជា​មួយ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ទម្លាក់​នាយករដ្ឋមន្ត្រី​និ​ងរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជា​ជំនិត​ ប៉ាគីស្ថាន​ពេល​នេះ​ត្រូវ​ធ្លាក់​ក្នុង​ភាព​វិលវល់​ជា​ថ្មី បន្ទាប់​ពី​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​។ ការ​បណ្តេញ​ប្រមុខ​រដ្ឋាភិបាល​ចេញ​ពី​តំណែង​ ក្រោម​បទ​ពុក​រលួយ ក៏​បាន​បំផុស​ឱ្យ​មាន​សំណួរមួយ​ទាក់ទង​នឹង​ភាព​រឹង​មាំ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប៉ាគីស្ថាន។ គិត​ចាប់​តាំង​ពីបាន​ទទួល​ឯករាជ្យ​នៅ​​ឆ្នាំ​១៩៤៧​មក គ្មាន​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ណា​ម្នាក់​អាច​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ដោយ​ត្រឹម​ត្រូវ​ទេ !

ម្យ៉ាង​វិញ​ទៀត ថ្វី​បើ​ពេល​នេះ គណបក្ស​របស់​លោក​ណាវ៉ា ស្ហារីហ្វ អាច​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​ បាន​ដោយ​គ្មាន​បញ្ហា​ព្រោះ​ពួកគេ​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​មែន ប៉ុន្តែ​វា​បាន​ផ្តល់​​ឱកាស​ឱ្យ​បក្ស​ប្រឆាំង​​ធ្វើ​ការ​វាយ​ប្រហារ​លើ​បក្ស​កាន់​អំណាច ព្រោះ​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី នឹង​មក​ដល់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ឆាប់ៗ​នេះ។

មេ​បក្ស​ប្រឆាំង​ធ្លាប់​បាន​ទាមទារ​ជា​ញយ​មក​ហើយ​ ឱ្យ​លោក​ ណាវ៉ា ស្ហារីហ្វ​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ក្រុម​អង្កេត​ពុករលួយ​ធ្វើ​ការ​ស្រួល។ ​ពេល​នេះ​ពួក​គេ​អបអរ​ ដោយ​បាន​ឃើញ​ប៉ាគីស្ថាន​បិទ​បញ្ចប់​សករាជដឹកនាំ​ប្រទេស​របស់​ត្រកូល​ស្ហារីហ្វ។

លោក ណាវ៉ា ស្ហារីហ្វ ថ្វី​បើ​បាន​ប្រកាស​លាលែង​តំណែង​មែន​ តែ​លោក​បាន​បដិសេធ​រាល់​គ្រប់​បទ​ចោទ​ប្រកាន់ពុករលួយ និង​បរិហារ​ថា​ជា​ការ​ផ្សំ​គំនិត​សង​សឹក។

អំពើ​ពុក​រលួយ​ជា​ជំងឺ​រ៉ាំរ៉ៃ​នៅ​ប៉ាគីស្ថាន។ បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ ប៉ាគីស្ថាន​ជាប់​​ចំណាត់​លេខ​១១៦ លើ​១៧៦​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ