ហេតុអ្វីចិនមិនឱ្យលោក លីវ ស៊ាវបូ ចេញទៅព្យាបាលនៅបរទេស ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៣
ស្ថានភាពសុខភាពរបស់លោក លីវ ស៊ាវបូ ជ័យលាភីណូបែលសន្តិភាពឆ្នាំ២០១០ កាន់តែដុនដាប។ ក្រោមសម្ពាធអន្តរជាតិ រដ្ឋាភិបាលចិនបានសុខចិត្តអញ្ជើញគ្រូពេទ្យឯកទេសបរទេសពីររូបឱ្យទៅពិនិត្យស្ថានភាពជំងឺមហារីករបស់លោក លីវ ស៊ាវបូ កាលពីសប្តាហ៍មុន។ សម្រាប់គ្រូពេទ្យបរទេស ការបញ្ជូនអ្នកជំងឺទៅអាល្លឺម៉ង់ ឬអាមេរិក អាចទៅរួច និងបានកាន់តែឆាប់កាន់តែប្រសើរ ព្រោះស្ថានភាពជំងឺឈានដល់ដំណាក់កាលចុងក្រោយមែន។ ប៉ុន្តែពេទ្យចិនថាមិនអាចទេ ហានិភ័យមានខ្ពស់ណាស់សម្រាប់ អ្នកជំងឺ។ តើគួរជឿលើពេទ្យណា ? ហេតុអ្វីពេទ្យចិនមិនចង់ឱ្យលោក លីវ ស៊ាវបូ ទទួលការព្យាបាលនៅបរទេស ?
តាមរយៈលិខិតថ្លែងការណ៍ គ្រូពេទ្យជាតិអាមេរិកនិងជាតិអាល្លឺម៉ង់ បានធ្វើសេចក្តីប្រកាសថា « លោកលីវស៊ាវបូ អាចធ្វើដំណើរទៅបរទេសដោយសុវត្ថិភាព តាមរយៈមធ្យោបាយដឹកជញ្ជូនបំពាក់សេវាកម្មវេជ្ជសាស្ត្រត្រឹមត្រូវ”។
ថ្វីបើគ្រូពេទ្យអាល្លឺម៉ង់ និងអាមេរិក បានទទួលស្គាល់ថា ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព លីវ ស៊ាវបូ ដែលបានទទួលសេរីភាពក្រោមមូលហេតុសុខភាព បានទទួលការព្យាបាលយ៉ាងត្រឹមត្រូវ និងប្រកបដោយគុណភាពពីមន្ទីរពេទ្យហ្សិនយ៉ាង (នៅភាគខាងជើងប្រទេសចិន)មែន ប៉ុន្តែពេទ្យជំនាញទាំងពីររូបយល់ថាអ្នកជំងឺ លីវ ស៊ាវបូ គួរតែបានទទួលនូវការព្យាបាលតាមវិធីផ្សេងទៀតនៅបរទេស ដូចជាការព្យាបាលដោយវិទ្យុសកម្ម ជាដើម។ល។
គ្រូពេទ្យបរទេសទាំងពីររូប ដែលអាជ្ញាធរចិនបានអញ្ជើញទៅឱ្យពិនិត្យមើលស្ថានភាពជំងឺរបស់លោក លីវ ស៊ាវបូ ក្នុងមន្ទីរពេទ្យចិន បានគាំទ្រសំណើរបស់ក្រុមគ្រួសារដែលចង់នាំរូបលោកសកម្មជនសិទ្ធិមនុស្ស ទៅព្យាបាលនៅបរទេស។ ការធ្វើដំណើរនឹងគ្មានបង្កគ្រោះថ្នាក់អ្វីទាំងអស់ ប្រសិនបើគេអាចដឹកជញ្ជូនលោកលីវស៊ាវបូ ដោយភ្លាម និងក្នុងពេលឆាប់ៗ តែបើបង្អង់ អ្នកជំងឺអាចធ្លាក់ខ្លួនកាន់តែធ្ងន់ធ្ងរ ហើយបើដល់ថ្នាក់សន្លប់បាត់ស្មារតី នោះគេនឹងលែងអាចលើកគាត់ទៅណាបានទៀតហើយ។
ប៉ុន្តែបញ្ហានៅត្រង់ថា ក្រុមគ្រូពេទ្យចិនជំទាស់។ យោបល់របស់មន្ទីរពេទ្យ ទំនងជាធ្វើឡើងក្រោមបញ្ជារបស់រដ្ឋាភិបាល ដែលត្រូវការរិះរកគ្រប់មធ្យោបាយគ្រប់គ្រងស្ថានការណ៍ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ប្រធានាធិបតីខ្លាំងពេក។
ម្យ៉ាងវិញទៀត សម្រាប់លោក ស៊ី ជីនពីង ការព្រមឱ្យសកម្មជនប្រឆាំងម្នាក់ ដែលចិនសព្វថ្ងៃចាត់ទុកជាឧក្រិដ្ឋជន បានរួចខ្លួន មិនអាចសម្រេចដោយស្រួលៗបានឡើយ។ ករណីរបស់លីវ ស៊ាវបូ អាចនឹងធ្វើឱ្យមានការខ្ចរខ្ចាយខ្លាំងនៅបរទេស។
ជាប់ទោស១១ឆ្នាំ ក្នុងពន្ធនាគារតាំងពីឆ្នាំ២០០៩មក ពីបទញុះញង់ចង់ធ្វើវិទ្ធង្សនាផ្តួលរំលំរដ្ឋ លោក លីវ ស៊ាវបូ គឺជានិម្មិត្តរូបតំណាងការបង្ក្រាបដោយហិង្សានិងខ្លាំងបំផុតរបស់ចិន លើសកម្មជនសិទ្ធិមនុស្ស ដើម្បីប្រជាធិបតេយ្យ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពតែម្នាក់គត់លើលោកដែលជាប់ទោស និងជាប់ក្នុងពន្ធនាគារ។ ចិន មិនត្រូវការឱ្យពិភពលោកនិយាយអំពីរូបលោក លីវស៊ាវបូ បើទោះបីជាចិនយ៉ាងច្បាស់ដឹងថាជីវិតសកម្មជនរូបនេះ មិនយូរអង្វែងក៏ដោយ។ វត្តមានទោះបីខ្លីក្តី ក៏អាចជះផលអវិជ្ជមានដល់ប្រទេសចិន និងដល់លោកប្រធានាធិបតីស៊ីជីនពីង នាឱកាសសមាជបក្សកុម្មុយនិស្តចិន នៅបីបួនខែទៀតខាងមុខ។
ដូច្នេះទើបអាជ្ញាធរចិន ខំធ្វើគ្រប់យ៉ាងទប់ស្កាត់ មិនឱ្យលោកលីវ ស៊ាវបូ បានបញ្ចេញមតិអ្វីទាំងអស់ ! ពាក្យរបស់លោក លីវស៊ាវបូ ជាពាក្យរបស់ជ័យលាភីណូបែលសន្តិភាព ! សកម្មជនប្រឆាំងម្នាក់ ដែលស្និទ្ធនឹងគ្រួសារលោកលីវស៊ាវបូ យល់ថា ប៉េកាំងមានជំហរតែមួយគឺ ចងអ្នកប្រឆាំងនយោបាយ រហូតដល់ថ្ងៃស្លាប់ !
ឆ្លើយនឹងសំណួររបស់ភ្នាក់ងារសារព័ត៌មានបារាំង អ្នកនាំពាក្យក្រសួងការបរទេសចិន អះអាងថា ករណីលោក លីវ ស៊ាវបូ មិនមែនជាសំណុំរឿងការទូតទេ តែជាកិច្ចការផ្ទៃក្នុងចិន ដូច្នេះចិននឹងប្រឆាំងរាល់គ្រប់ចេតនាចង់ជ្រៀតជ្រែករបស់ប្រទេសដទៃ។ ប៉ុន្តែចិនភ្លេចគិតថា ការដែលហាមឃាត់មិនឱ្យលោក លីវ ស៊ាវបូ ចេញទៅបរទេស និងបណ្តោយឱ្យលោកបាត់បង់ជីវិតព្រោះជំងឺ ដោយមិនបានទទួលព្យាបាលស្របតាមឆន្ទៈ ក៏ ជាកំហុសមួយដែលកត់ជាប់ក្នុងប្រវត្តិសាស្ត្រចិន ថាបានធ្វើទុក្ខបុកម្នេញលើអ្នកទោសនយោបាយ ដូចយ៉ាងប្រទេសផ្តាច់ការផ្សេងទៀតបានធ្វើ មានជាអាទិ៍កូរ៉េខាងជើង។
តាមការពិត លោក លីវ ស៊ាវបូ មិនដែលមានចេតនាចង់ចាកចេញពីប្រទេសទេ តាំងពីដើមរៀងមក បើទោះបីជាលោកជាប់ទោសនិងពន្ធនាគារ ព្រមទាំងស្ថិតក្រោមការត្រួតពិនិត្យស្ទើរឥតដាច់ក៏ដោយ។ សំណើដ៏មុះមុតសុំទៅព្យាបាលនៅបរទេសពេលនេះ ហាក់ដូចជាបានធ្វើឱ្យចិនភ្ញាក់ផ្អើលបន្តិច។ បើតាមមិត្តជំនិតរបស់លោក លីវ ស៊ាវបូ ដែលនិរទេសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក និងជាបញ្ញាជនម្នាក់ មូលហេតុដែលបានរុញច្រានឱ្យលោក លីវ ស៊ាវបូ លុះចិត្តសុំទៅបរទេស គឺដើម្បីជួយភរិយា ដែលកំពុងមានជំងឺធ្លាក់ទឹកចិត្តកាន់តែខ្លាំងឡើងៗ បន្ទាប់ពីត្រូវស្ថិតក្រោមឃុំឃាំងក្នុងគេហដ្ឋាន តាំងពីឆ្នាំ២០១០ (ឆ្នាំលោកលីវស៊ាវបូបានទទួលជ័យលាភីណូបែលសន្តិភាព) និងដើម្បីជួយប្អូនថ្លៃ ដែលក៏ត្រូវតុលាការកាត់ទោសពីបទប្រឆាំងរដ្ឋាភិបាលដែរ។
ពេលនេះគេគ្មានអ្វីក្រៅពីរង់ចាំ ! រង់ចាំដោយសង្ឃឹម ថាចិននឹងសុខចិត្តជ្រើសរើសផ្លូវមនុស្សធម៌ ចំពោះលោក លីវ និងគ្រួសារ។ បំណងចុងក្រោយ របស់លីវ ស៊ាវបូ ចង់ស្លាប់ក្នុងសេរីភាព អាចសម្រេចបាន គឺអាស្រ័យតែលើមាត់រដ្ឋាភិបាលប៉េកាំងតែម្នាក់គត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ