អានតួអត្ថបទ
ឧបទ្វីបកូរ៉េ​

ប្រធានាធិបតី​​កូរ៉េខាងត្បូង​​​ត្រៀម​​​ជួប​​​លោក​​គឺម ជុងអ៊ុន​ ​ប៉ុន្តែ​​​មាន​​លក្ខខណ្ឌ​​​​​

ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចែអ៊ីន បាន​លើកឡើង​នៅថ្ងៃព្រហស្បតិ៍​នេះ ថា​លោក​ត្រៀម​ជួប​មេដឺកនាំ​កូរ៉េខាងជើង​ គឹម ជុងអ៊ិន។ ប៉ុន្តែ ជំនួប​នេះ​អាច​ធ្វើបាន​លុះត្រា​តែ​លោក​គឺម ជុងអ៊ុ​ន ផ្អាក​សាកល្បង​នុយក្លេអ៊ែរ​និង​ និង​ផ្អាក​ការបាញ់​មីស៊ីល​ជាមុន​សិន។ ក្រោយ​បាញ់​មីស៊ីល​អន្តរទ្វីប​កាលពីថ្ងៃអង្គារ ​ផ្គើន​អាមេរិក កូរ៉េខាងជើង​​បាន​ចាត់ទុក​កូរ៉េខាងត្បូង​ទៅនឹង​នំចំណី​ ដែល​ខ្លួន​អាច​កំទេច​បានស្រួល។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចែអ៊ីន
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចែអ៊ីន Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េខាងត្បូង​​​ មូន ចែអ៊ីន បាន​ដាក់​លក្ខខណ្ឌ​អោយ​​កូរ៉េខាងជើង​ផ្អាក សកម្មភាព​យោធា ផ្អាក​​ការ​សាកល្បង​នុយក្លេអ៊ែរ និ​ងការបាញ់​មីស៊ីល​ ជាថ្នូរ​នឹង​ជំនួប​រវាង​លោក​ និង​លោក​គឺម ជុងអ៊ុន។ បើ​ក្រុងព្យុងយ៉ាង​ទទួល​លក្ខខណ្ឌ​នេះ​បាន លោក​មូន ចែអ៊ីន ត្រៀម​ជួប​លោក​គឹម ជុងអ៊ុន​ ពេលណា​ក៏បាន​ និង​នៅ​ទីកន្លែងណា​ក៏បាន។ ​​

កាលពី​ថ្ងៃពុធ ​ពេល​​ទស្សនកិច្ច​នៅ​អាល្លឺម៉ង់​ ដើម្បី​ចូលរួម​ជំនួប​កំពូល​ហ្សេ២០ នៅចំពោះ​មុខ​លោកស្រី​មែរគែល ប្រធានាធិបតី​កូរ៉េខាងត្បូង ​ចាត់ទុក​ការបាញ់​មីស៊ីល​អន្តរទ្វីប​របស់​​កូរ៉េខាងជើង ថា​ជា​ការផ្គើន។ លោក​មូន​ ចែអ៊ីន ថែមទាំង​គាំទ្រ​អោយ​មា​នទណ្ឌកម្ម​ធ្ងន់​ទៅលើ​កូរ៉េខាងជើង​ទៀតផង។ ទោះ​យ៉ាងនេះ​ក្តី​ ​លោក​មូន​​ នៅ​តែ​ប្រកាន់​ជំហរ​​ចរចា​ជាមួយ​កូរ៉េខាងជើង ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​។ លោក​លើកឡើងថា សហគម​ន៍​អន្តរជាតិ​ត្រូវតែ​មាន​ជំហរ​តឹងតែង​ចំពោះ​កូរ៉េខាងជើង ប៉ុន្តែ ​​​ទ្វារ​នៃ​ការចរចា​​នៅតែ​បើក​ចំហ​ជានិច្ច។ ថ្ងៃព្រហស្បតិ៍​នេះ ​ក្រុងព្យុងយ៉ាង​បានបញ្ចេញ​​​ប្រតិកម្ម​ទៅ​កូរ៉េខាងត្បូង ដែល​បានធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក។ ក្រុងព្យុងយ៉ាង​បា​នហៅ​កូរ៉េខាងត្បូង​ថា ជា​អាយ៉ង​យោធា និង​បានប្រដូច​កូរ៉េខាងត្បូងទៅនឹង​នំចំណី ដែល​ងាយស្រួល​កំទេច​។ ​​

ក្រោយ​កូរ៉េខាងជើង​បាញ់​មីស៊ីល​អន្តរទ្វីប​ ផ្គើន​អាមេរិក​ នៅ​ថ្ងៃ​បុណ្យជាតិ​អាមេរិក​៤កក្កដា​មក អាមេរិក​​ចង់​អោយ​​​អង្គការ​សហប្រជាជាតិ​ ​​បន្ថែមទណ្ឌកម្ម​ថ្មីៗ​ទៀត​ ​លើ​កូរ៉េខាងជើង។ អាមេរិក​ចង់​ដាក់​ទណ្ឌកម្ម​លើ​បណ្តា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង។ ​ថ្ងៃពុធ​កន្លង​ទៅ លោក​ត្រាំ បាន​រិះគន់​ចិន​ដែល​បន្ត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុងព្យុងយ៉ាង។ ពេលនេះ លោកដូណាល់ ត្រាំ ​កំពុង​​ត្រៀម​ចូលរួ​មជំនួប​កំពូល​ហ្សេ២០ នៅអាល្លឺម៉ង់​។ លោក​​បាន​ព្រមាន​​​​​ផ្តល់​ចម្លើយ​ធ្ងន់ធ្ងរ​ តប​ទៅ​ក្រុងព្យងយ៉ាងវិញ។ ​ទោះយ៉ាងនេះ​ក្តី រុស្ស៊ីបាន​ប្រាប់​ទុកមុន​ហើយថា នឹង​​​ជំទាស់​​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ