អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជប៉ុន-អឺរ៉ុប ជិត​ចាប់​កំណើត​ហើយ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ធ្វើការ​ចរចា​អស់​រយៈ​ពេល​បួន​ឆ្នាំសហភាព​អឺរ៉ុប និង​ជប៉ុន អាច​នឹង​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​ទី ៦ កក្កដា​ ២០១៧នេះ​ កំណើត​នៃ​សន្ធិសញ្ញាផ្តោះប្តូរ​​ពាណិជ្ជកម្មសេរី​រវាងគ្នាសហភាព​អឺរ៉ុប​ និង​ជប៉ុន។ ជា​កិច្ចព្រមព្រៀងនយោបាយ​ដែលអឺរ៉ុប​សំលៀង​មាត់​ចង់​ប្រកាស​ឱ្យ​បាន​មុន​ថ្ងៃ​បើក​ជំនួប​កំពូល​​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​​ទាំង​២០​លើ​ពិភពលោក ហៅកាត់​ថា G២០ ដើម្បី​បង្អួត​ពិភពលោក​និង​ពិសេស​លោក​ដូណាល់ ត្រាំ ថានយោបាយ​ការពារ​តែ​ប្រយោជន៍​ឯង​មិន​មែន​ជា​ដំណោះស្រាយ​សេដ្ឋកិច្ច​តែ​មួយគត់ឡើយ។ តើ​ជា​កិច្ចព្រមព្រៀង​អ្វី ? និង​មាន​ដំណើរការ​ដល់​ណា​ដែរ ?

ឆ្វេង​ទៅ​ស្តាំ ៖ប្រធានគណៈកម្មការ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទអឺរ៉ុប ប្រធានគណៈកម្មការ​ពាណិជ្ជកម្មអឺរ៉ុប និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​កសិកម្មជប៉ុន
ឆ្វេង​ទៅ​ស្តាំ ៖ប្រធានគណៈកម្មការ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទអឺរ៉ុប ប្រធានគណៈកម្មការ​ពាណិជ្ជកម្មអឺរ៉ុប និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​កសិកម្មជប៉ុន © Reuters
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប និង​ជប៉ុន អាច​នឹង​​​ប្រកាស​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរីរវាង​គ្នា ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ និង​លោក​ដូណាល់ ទូស្ក៍ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នា​ឱកាស​ជំនួប​កំពូល​អឺរ៉ុប​ជប៉ុន​នៅ​ទីក្រុង​ព្រុចសែល នៅថ្ងៃព្រហស្បតិ៍​នេះ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ចរចា​អស់​រយៈ​ពេល​បួន​ឆ្នាំ។ ការ​ចរចា​លើ​ចំណុច​សេស​សល់​​ត្រូវ​បង្ហើយ ​នៅ​​ថ្ងៃ​ពុធ​ម្សិលមិញនេះ ក្រោម​វត្តមាន​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​ជប៉ុន និង​ឧត្តមស្នងការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​អឺរ៉ុប។

​ការ​ប្រកាស​​ដំណឹង​ ថា​អាច​នឹង​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​លើ​សន្ធិសញ្ញា​ជប៉ុន​-អឺរ៉ុបដូច្នេះ គឺ​ជា​តម្រ៉ុយ​មួយ​បញ្ជាក់​ថា​ក្រុម​អ្នក​ចរចា​ពិត​ជា​មាន​ទំនុក​ចិត្ត​ខ្លាំង​ហើយ។ ម្យ៉ាង​វិញ​ទៀត ទាំង​អឺរ៉ុប ក៏​ដូច​ជា​ជប៉ុន ទាំង​ពីរ​នាក់​សុទ្ធ​តែ​ចង់ធ្វើ​គំរូ ការពារ​សន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម។ ជប៉ុន​បាន​ចាត់​គម្រោង​នេះ ​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ ព្រោះ​បរិបទ​ពិភពលោក បច្ចុប្បន្ន​កំពុង​ធ្លាក់​ទៅ​រក​និន្នាការ​មូរមុខ​ការពារ​តែ​ប្រយោជន៍ប្រទេស​ឯង។ តាំង​ពី​លោក​ត្រាំ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីមក ​អាមេរិក បាន​សម្រេច​ដើរ​សន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​ដែលជប៉ុន​ជា​សមាជិក​ម្នាក់ដែរ។

​សន្ធិសញ្ញា JEFTA (Japan Eu Free Trade Agreement) ឬ​សន្ធិសញ្ញា​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ រវាង​ជប៉ុន-សហភាព​អឺរ៉ុប តំណាង​ឱ្យ​មួយ​ភាគ​បី​នៃ​ផលិតផល​សរុប​ពិភពលោក និង​៣៦,៨%​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ពិភពលោក។

ជប៉ុន​និង​អឺរ៉ុប​បាន​ផ្តើម​កិច្ចចរចា​ពាណិជ្ជកម្ម​តាំ​ងពី ខែ​មីនា​ឆ្នាំ​២០១៣​មក ដោយ​ស្ងាត់ៗខ្លាំង ហើយ​ទើប​មាន​ការ​វិវឌ្ឍន៍លឿន​​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​​ចុងក្រោយ​តែ​ប៉ុណ្ណោះ។ ការ​ចរចា​នេះ​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ ជា​ពិសេស​ខាង​ភាគី​អឺរ៉ុប​ ព្រោះ​ថា​ក្រុមហ៊ុន​បារាំង​ធ្លាប់​បាន​ស្រែក​ថ្ងូរ​អំពី​ភាព​លំបាក​ក្នុង​ការ​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​ជប៉ុន និង​ភាព​ស្មុគស្មាញ​នៃ​បទ​ដ្ឋាន​ ព្រមទាំង​ដំណើរ​ការ​កំណត់​ដោយ​ជប៉ុន។

តាំង​ពី​ដើម​មក​ ការ​ពិភាក្សា​នៅ​ប្រទាំង​ប្រទើសគ្នា​ខ្លាំង​​លើ​ ​តម្លៃ​ពន្ធដា​ និង​បញ្ហា​ពន្ធគយ ដ៏​ខ្ពស់​ដែល​ត្រូវ​អនុវត្ត​លើ​ការ​នាំ​ចូល​ផលិតផល​ចំណីអាហារ​អឺរ៉ុប​​ដ៏​ល្បីល្បាញ ​ហ្វ្រូម៉ា និង​សិទ្ធិពន្ធគយ​តម្រូវ​ដោយ​អឺរ៉ុប​លើ​ការ​នាំ​ចូល​រថយន្ត​ពី​ជប៉ុន។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ជប៉ុន​ ចំណុច​ខ្ទាស់​ដ៏​សំខាន់ៗ​នេះ ត្រូវ​លុប​បំបាត់​ហើយ។

កិច្ចចរចា​ចុងក្រោយ​ បាន​ផ្តល់​ការ​ព្រមព្រៀង​គ្នា​ថា ផលិតផល​ហ្វ្រូម៉ា​អឺរ៉ុប​ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​ប្រភេទ​ចំណី​អាហារ​នាំ​ចូល​ពិសេស​ ដែល​អាច​​លុប​ពន្ធ​បាន​ នៅ​រយៈ​ពេល​១៥​ឆ្នាំ ឯ​ការ​នាំ​ចូល​រថយន្ត​ជប៉ុន​មក​អឺរ៉ុប ក៏​នឹង​ត្រូវ​លើក​ពន្ធ​គយ​ចេញ​ដែរ នៅ​៧​ឆ្នាំ​ក្រោយ។ ផលិត​ផល​ចំណី​អាហារ​អឺរ៉ុប​ផ្សេង​ទៀត ដូច​ជា​សូកូឡា ជា​ដើម​ ក៏​នឹង​លែង​មាន​ពន្ធ​​ ក្រោយ​ពី​ការ​នាំ​ចូល​បាន​១០​ឆ្នាំ។ នេះ​បើ​កាសែត​​ជប៉ុន​ដដែល ដែលមិន​បាន​​បញ្ចេញ​ប្រភព​ផ្តល់​ព័ត៌មាន​ទេ។

​ទាក់ទង​​នឹង​ផលិតផល​នៅ​លើ​ទីផ្សារ​របស់​ភាគី​ម្ខាងៗ សហភាព​អឺរ៉ុប និង​ជប៉ុន បានរក​ឃើញ​ភាព​ត្រូវ​រ៉ូវ​គ្នា​ហើយ ! ឯ​ការពិភាក្សា​ស្តីពី​បញ្ហា​បច្ចេកទេស អំពីការការពារ​ប្រយោជន៍​វិនិយោគ និ​ងវិធាន​ច្បាប់ នឹង​ត្រូវ​ទុក​លើ​ទៅចរចា​បន្ត​នៅ​ពេល​បើក​បវេសណកាល​ថ្មី។ ដូច្នេះ​មិន​យូរ​មិន​ឆាប់ឮ កិច្ចព្រមព្រៀង​បង្ហើយ ស្តីពី​សន្ធិសញ្ញា​ផ្តោះប្តូរ​សេរី​ជប៉ុន​-អឺរ៉ុប នឹង​ត្រូវចេញ​ជា​រូប​រាង​ពិត។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​មាន​ភាព​​ចម្លែក​មួយ​គឺ​ថា សន្ធិសញ្ញា​ជប៉ុន-​អឺរ៉ុប​នេះ​ហាក់​ដូច​ជា​ពុំ​សូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​បរិស្ថាន​ សង្គម​ស៊ីវិល អ្នក​នយោបាយ​ និង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​សោះ បើទោះ​បី​ជា​ទំហំ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​មាន​លក្ខណៈ​មហាសាល​ និង​សំខាន់​ខ្លាំង​ក៏​ដោយ។ សម្រាប់​សហភាព​អឺរ៉ុប សន្ធិសញ្ញា​ពាណិជ្ជកម្ម​ជប៉ុន​អឺរ៉ុប ជា​មហិច្ឆតា​មួយ​មាន​តម្លៃ​ដូច​សន្ធិសញ្ញា​អឺរ៉ុប-​កាណាដាដែរ។ តែ​​វា​អាច​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ណាស់​ដល់​សេដ្ឋកិច្ច ព្រោះ​ថា អឺរ៉ុប​ជា​ដៃ​គូ​សេដ្ឋកិច្ច​លំដាប់​លេខ​បី​នៅ​ជប៉ុន ឯ​ជប៉ុន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ចទីបី​ពិភពលោក មាន​ប្រជាជន​១២៧​លាន​នាក់​វិញ​ ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៦​ប៉ុណ្ណោះ នៅអឺរ៉ុប។

សំឡេង​ប្រឆាំង​ទើប​តែផ្តើម​លាន់​ឮ​ឡើង​ នៅ​ពេល​ការ​ចរចា​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ការពារ​បរិស្ថាន​បាន​បង្ហាញ​ជា​សាធារណៈ​​នូវ​ឯកសារ​សម្ងាត់​ចំនួន​ជាង​២​រយ​ទំព័រ ទាក់ទងនឹង​គម្រោង​សន្ធិសញ្ញា​នេះ ដោយ​បរិហារ​ថា​ជា​គំរាម​កំហែង​សិទ្ធិ​ប្រជាធិបតេយ្យ សុខភាព​ និង​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ