អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិកអន្តរទ្វីប​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​អាមេរិក និង​មុន​ជំនួបកំពូល G២០

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី៤ កក្កដា​នេះ កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បាញ់សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ប្រកប​ដោយ​ជោគជ័យ។ ការ​បាញ់​សាកល្បង​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ថ្ងៃ​ដែល​អាមេរិក​ប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ និង​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាល្លឺម៉ង់។ ប្រតិកម្ម​អន្តរជាតិ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពិសេស​ពី​អាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​ចិន។ ក៏​ដូច​ជា​សព្វ​មួយ​ដង របប​ក្រុង​ព្យុងយ៉ាង​ហាក់​មិន​ខ្វាយខ្វល់​នឹង​ទ័ណ្ឌកម្ម ឬ​ការ​ព្រមាន​ពី​អន្តរជាតិ​ទេ។ បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧ នេះ​មក នេះ​ជា​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​គ្រប់​ប្រភេទ​លើក​ទី១៣ ហើយ​ពី​សំណាក់​កូរ៉េខាងជើង។

រូបភាព​នៃ​ការ​បាញ់សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េខាងជើង ថ្ងៃទី៤ កក្កដា ២០១៧
រូបភាព​នៃ​ការ​បាញ់សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េខាងជើង ថ្ងៃទី៤ កក្កដា ២០១៧ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ថ្ងៃ​នេះ​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ប្រកាស​ក្តែងៗ​ថា ជា​ការ​សាកល្បង និង​ជា​ការ​បោះ​មួយ​ជំហាន​ជា​ប្រវត្តិសាស្រ្ត។ ជា​ប្រវត្តិសាស្រ្ត ព្រោះ​ជា​ប្រភេទ​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប « Hwasong-១៤ » ដែល​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ និង​អាច​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ទៅ​ជាមួយ។ បើ​យោង​តាម​ទូរទស្សន៍ជាតិ​កូរ៉េខាងជើង ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល « Hwasong-១៤ » ត្រូវ​បាន​ត្រួតពិនិត្យ​ផ្ទាល់​ដោយ​ប្រមុខ​ដឹកនាំ​គីម ជុងអ៊ុន ហើយ​គ្រាប់​មីស៊ីល​នោះ​ហោះ​សំញ៉ែង​ក្នុង​អាកាស​រយៈពេល​ប្រមាណ​ជា ៤០នាទី​នៅ​ក្នុង​កម្ពស់ ២ ៨០២គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ ៩៣៣គីឡូម៉ែត មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន។

តាម​ទូរទស្សន៍ជាតិ​កូរ៉េខាងជើង​ដដែល ជោគជ័យ​នៃ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប « Hwasong-១៤ » ពេល​នេះ ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​ឆ្ពោះ​ទៅ​សម្រេច​កម្មវត្ថុ​របស់​កូរ៉េខាងជើង​ដែល​អាច​វាយប្រហារ​ទីកន្លែង​ណា​ក៏​បាន​នៅ​ក្នុង​លោក ពិសេស​កម្ទេច​អាមេរិក​ដោយ​ភ្លើង​នុយក្លេអ៊ែរ។ ព័ត៌មាន​ដែល​ផ្តល់​ដោយ​ទូរទស្សន៍ជាតិ​កូរ៉េខាងជើង​ស្តីពី​លទ្ធផល​នៃ​ការ​សាកល្បង​គ្រាប់មីស៊ីល « Hwasong-១៤ » ថ្ងៃ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​កងទ័ព​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​ដែរ។

បើ​យោង​តាម​ក្រុម​អ្នក​វិភាគ គ្រាប់មីស៊ីល « Hwasong-១៤ » អាច​នឹង​ហោះ​បាន​ចម្ងាយ​ដល់​ទៅ ៦ ៧០០គីឡូម៉ែត្រ ប្រសិន​បើ​គេ​បាញ់​វា​ក្នុង​មុំ​ធម្មតា ពោល​មិនមែន​ក្នុង​មុំ​កោង​ដូច​ដែល​កូរ៉េខាងជើង​បាន​បាញ់​ពេល​នេះ​ទេ។ បាញ់​បាន​ចម្ងាយ​ដល់​ទៅ ៦ ៧០០គីឡូម៉ែត្រ គឺ​ពិត​ជា​មិន​អាច​កម្ទេច​ដែនដី​អាមេរិក​ទាំង​មូល​បាន​មែន តែ​វា​ជា​ចម្ងាយ​គ្រប់គ្រាន់​ដើម្បី​អាច​កម្ទេច​រដ្ឋ​អាឡាស្កា​ទាំង​ស្រុង។

លោក​ដូណាល់ ត្រាំ៖តើ​គីម ជុងអ៊ុន​គ្មាន​ការងារ​អ្វី​ផ្សេង​ធ្វើ​ទេ​ឬ?

ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​របស់​កូរ៉េខាងជើង​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យជាតិ​នៅ​អាមេរិក និង​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាល្លឺម៉ង់។ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter របស់​លោក។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​គីម ជុនអ៊ុន លោក​ត្រាំ​បាន​សរសេរ​ដោយ​ចោទ​ជា​សំណួរ​ថា « តើ​ម្នាក់​ហ្នឹង​គ្មាន​ការងារ​អ្វី​ធ្វើ​ទេ​ឬ? » និង​បន្ថែម​ថា « គេ​ពិបាក​នឹង​ជឿ​ថា កូរ៉េខាងត្បូង និង​ជប៉ុន​អាច​នឹង​អនុគ្រោះ​ឲ្យ​មាន​ទង្វើ​បែប​នេះ​យូរ​អង្វែង »។ ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​ក៏​បាន​ឆ្លៀត​អំពាវនាវ​ចិន​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ចាត់​វិធានការ​ដាក់​គំនាប​លើ​កូរ៉េខាងជើង។

ចំណែក​សមភាគី​កូរ៉េខាងត្បូង លោក​មូន ជែអ៊ីន​ក៏​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​មួយ​ជា​បន្ទាន់​នៅ​ថ្ងៃ​នេះ។ រីឯ​ជប៉ុន​ដែល​ហាក់​ស្ថិត​ចំ​ទិសដៅ​នៃ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​កូរ៉េខាងជើង​ខ្លាំង​ជាង​គេ​បាន​ចេញ​មុខ​បរិហារ​ក្រុង​ព្យុងយ៉ាង​ពី​បទ​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​គ្រោង​នឹង​ស្នើ​រុស្ស៊ី និង​ចិន​ឲ្យ​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ប្រឈម​នឹង​កូរ៉េខាងជើង។

គឺ​ជា​សំណើ​ដែល​លោក​អាបេ​គ្រោង​លើក​នៅ​ក្នុង​ជំនួបកំពូល G២០ ដែល​ត្រៀម​បាន​ធ្វើ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​សៅរ៍ ទី៨ កក្កដា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​ពិត​ជា​មិន​អាច​រង់ចាំ​ដំណោះស្រាយ​ណា​មួយ​ដែល​ឈាន​ទៅ​បិទបញ្ចប់​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដ៏​ចម្រូងចម្រាស ស្មុគស្មាញ និង​អូសបន្លាយ​ភ្លាមៗ​បាន​ទេ។ ទ័ណ្ឌកម្ម​អន្តរជាតិ​មាន​ច្រើន​រាប់​មិន​អស់ តែ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​របប​ក្រុង​ព្យុងយ៉ាង​ព្រឺរោម​បន្តិច​ណា​សោះ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​បង្ក​រឿង​បន្ថែម​ទៀត។

ចិន​បាន​ព្រមាន​ពី​គ្រោះមហន្តរាយ​មិន​អាច​គ្រប់គ្រង​បាន

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​កូរ៉េខាងជើង​មាន​សមត្ថភាព និង​លទ្ធភាព​បញ្ចេះ​ភ្លើង​នុយក្លេអ៊ែរ​ដែរ ឬ​ទេ និង​ថា ហេតុ​អ្វី​បាន​ជា​បញ្ហា​កូរ៉េខាងជើង​មួយ​នេះ​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​ខ្លាំង​ម្ល៉េះ។ រហូត​មក​ដល់​ពេល​នេះ ពោល​តាំង​ពី​ការ​ឡើង​កាន់​តំណែង​ប្រមុខ​ដឹក​នាំ​កូរ៉េខាងជើង​របស់​លោក​គីម ជុនអ៊ុន​នា​ដំណាច់​ឆ្នាំ ២០១១ មក ក្រុម​អ្នក​វិភាគ និង​ក្រុម​អ្នក​ជំនាញ​បាន​ទទួល​ស្គាល់​ពី​ការ​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់​នូវ​កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​ដែល​ជា​រដ្ឋ​ឯកោ​ជាង​គេ​មួយ​នៅ​ក្នុង​លោក។

តែ​ពួក​គេ​ហាក់​នៅ​មាន​ការ​សង្ស័យ​លើ​សមត្ថភាព​របស់​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​បំពាក់​គ្រាប់ក្បាល​នុយក្លេអ៊ែរ​នៅ​លើ​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប។ តាម​ក្រុម​អ្នក​វិភាគ និង​ក្រុម​អ្នក​ជំនាញ ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ដោយ​គ្មាន​នាំ​គ្រាប់ក្បាល​នុយក្លេអ៊ែរ​ទៅ​ជាមួយ ជា​រឿង​ងាយស្រួល តែ​កូរ៉េខាងជើង​នៅ​មិន​ទាន់​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ដើម្បី​អាច​បញ្ជូន​គ្រាប់ក្បាល​នុយក្លេអ៊ែរ​ភ្ជាប់​ជាមួយ​គ្រាប់មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ទៅ​ក្នុង​លំហ​អាកាស​នៅ​ឡើយ​ទេ។ និយាយ​ពី​ដំណោះស្រាយ​វិញ តាម​ពិត​ទៅ គ្មាន​បញ្ហា​ណា​មួយ​ដែល​គ្មាន​ដំណោះស្រាយ​ទេ គ្រាន់​តែ​ថា មាន​កត្តា​ច្រើន​ណាស់​ដែល​បាន​ធ្វើ​ឲ្យ​សំណុំរឿង​មួយ​នេះ​ជាប់​គាំង​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។

ម្នាក់ៗ ពិសេស​អាមេរិក ចិន ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និង​រាប់​ទាំង​កូរ៉េខាងជើង​ផង​ពិត​ជា​មាន​ឆន្ទៈ​ចង់​បញ្ចប់​បញ្ហា តែ​គេ​ត្រូវ​ដឹង​ថា គឺ​ក្រុមប្រទេស​មហា​អំណាច​ទាំង​នោះ​ឯង​ដែល​បាន និង​កំពុង​បន្ត​ចិញ្ចឹម​បញ្ហា​មួយ​នេះ​ដើម្បី​ទទួល​បាន​ប្រយោជន៍ និង​ការ​ប្រជែង​កម្លាំង​គ្នា។ ពី​សំបក​ក្រៅ ចិន និង​រុស្ស៊ី​ដែល​ជា​មិត្ត​ស្លាប់រស់​នឹង​កូរ៉េខាងជើង​បាន​សន្យា​ដាក់​គំនាប​លើ​ក្រុង​ព្យុងយ៉ាង តែ​នៅ​ខាង​ក្នុង​វិញ ចិន និង​រុស្ស៊ី​បាន​បិទភ្នែក​ដោយ​ទុក​បណ្តាយ​ឲ្យ​ក្រុម​អ្នកជំនួញ និង​ក្រុមហ៊ុន​របស់​ខ្លួន​រកស៊ី​ជាមួយ​កូរ៉េខាងជើង។

ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​សន្តិសុខ​ពេល​នេះ ចិន​បាន​ព្រមាន​ពី​គ្រោះ​មហន្តរាយ​មិន​អាច​គ្រប់គ្រង​បាន ប្រសិន​បើ​ភាគី​នីមួយៗ​មិន​ព្រម​សម្របសម្រួល និង​មិន​ចេះ​អត់ធ្មត់។ អ្វី​ដែល​ចិន​ចង់​មាន​ន័យ​នោះ​គឺ​ថា បើ​សង្រ្គាម​ផ្ទុះ​នៅ​ឧបទ្វីប​កូរ៉េ​មែន គឺ​គ្មាន​នរណា​ម្នាក់​អាច​ទាយ​ទុក​ពី​លទ្ធផល ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ឈ្នះ​ពី​សង្រ្គាម​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ