rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ចិន ការជួញដូរមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សហរដ្ឋ​អាមេរិក​ដាក់​ចិន​ក្នុង​បញ្ជី​ខ្មៅ​​ប្រទេស​ជួញ​ដូរ​មនុស្ស

media
អាមេរិក​ចាត់​ចិន​ចូល​ក្នុង​បញ្ជី​ខ្មៅ​ប្រទេស​ជួញដូរ​មនុស្ស REUTERS/Damir Sagolj

ថ្វី​បើ​អាមេរិក​របស់​លោកត្រាំ ហាក់​ដូច​ជា​បាន​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ខិត​រក​ក្រុង​ប៉េកាំង​បន្តិច​មែន ប៉ុន្តែ​អាមេរិក​មិន​ខ្លាច​នឹង​ចង្អុល​មុខ​ចិន​ឡើយ ក្នុង​រឿង​ជួញដូរមនុស្ស។ នៅ​ថ្ងៃម្សិលមិញ​​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ ចុះ​ឈ្មោះ​ប្រទេស​ចិន ទៅ​ក្នុង​បញ្ជី​ខ្មៅ​ ប្រទេស​ជួញ​ដូរមនុស្ស​ ក្នុង​កំរិតទន្ទឹម​​នឹង​ប្រទេស​ស៊ីរី ​វេណេស៊ុយអេឡា និង​កូរ៉េខាង​ជើង​តែ​ម្តង។


នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ស្តីពី​ការ​ជួញដូរ​មនុស្ស​ ​ចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ផ្តល់​ចំណាត់​ថ្នាក់ដ៏​អាក្រក់​បំផុត​ដល់​ចិន ថា​ស្ថិត​នៅ​​ក្នុង​ចំណោម​ប្រទេសចំនួន​២៣នៅ​លើពិភពលោក ដែល​គ្មាន​ប្រឹង​ប្រែងធ្វើ​​អ្វី​សោះ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

ចិន​មិន​បាន​ចាត់​វិធានការ​ហ្មត់ចត់​ដើម្បី​បញ្ចប់​ជំនួញរត់​ពន្ធមនុស្ស​ ដោយ​ព្រម​ទទួល ពលករកូរ៉េខាង​ជើង​មក​ធ្វើ​ដោយ​បង្ខំ​នៅ​ចិន។ បញ្ជូន​ពលករ​ធ្វើ​ការ​ដោយ​បង្ខំ​ នៅ​ចិន និង​នៅ​រុស្ស៊ី នាំ​ចំណូល​ឱ្យ​កូរ៉េខាង​ជើង​បានដល់​ទៅ​​​រាប់​រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំៗ។ ​នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​ Rex Tillerson រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក ដែល​បាន​ព្រមាន​ថា ទង្វើ​ទទួល​ពលករកូរ៉េខាង​ជើង​ឱ្យ​ធ្វើការ​ដោយ​បង្ខំ​មិន​អាច​បន្ត​បាន​ទៀត​ទេ ហើយ​ទង្វើ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និ​ងអាមេរិក។ ពលរដ្ឋ​អាមេរិក​ត្រូវ​ធានា​ឱ្យ​បាន​​ថា​​ទំនិញ​អ្វី​មួយ​ដែល​គេ​ទិញ គ្មានពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំងមនុស្ស​ទេ​។

នៅ​ក្នុង​របាយការណ៍ អាមេរិក​ក៏​បាន​បន្ទោស​ចិនរឿង​ចាប់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ឱ្យ​ធ្វើ​ការ​ជា​ដោយ​បង្ខំ​ដែរ។ ចំណែក​រុស្ស៊ី​ ដែល​ប្រធានាធិបតី​ត្រាំ ចង់​រឹត​ចំណង​ការ​ទូត ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​ ជា​ប្រទេស​ជួញដូរ​មនុស្ស ជា​លើក​ទី​៥​ឆ្នាំ​ជាប់​គ្នា​តែ​ម្តង។

បិទ​បញ្ចប់​​ការ​ជួញដូរ​មនុស្ស ជា​អាទិភាព​​ចំបង​មួយ​នៃនយោបាយ​ការបរទេស​របស់​រដ្ឋបាល​លោកត្រាំ។ នេះ​បើ​តាម​សំដី​របស់​លោកស្រី អ៊ីវ៉ាន់កា ត្រាំ ជា​កូនស្រី នាឱកាស​បង្ហាញ​របាយការណ៍​​ប្រចាំ​ឆ្នាំ ដោយ​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រទេសណា​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ អាច​នឹង​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក ពី​ការ​បន្ថយ​ជំនួយ​ ទៅដល់​ការ​ផ្តាច់​ទាំង​ស្រុង​ការ​ផ្តោះប្តូរ​វប្បធម៌ និង​អប់រំ។

ប្រទេស​ក្នុងទ្វីប​អាហ្វ្រិក​ចំនួន​បី សាធារណរដ្ឋ​កុងហ្កោ ប្រទេសកុងហ្កោប្រាហ្សាវីល និង​ម៉ាលី បាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​អាមេរិក​ដែរ​នៅ​ឆ្នាំ​នេះ ព្រោះ​តែ​សកម្មភាព​ធូរ​រលុង​បណ្តោយ​ឱ្យ​អាជ្ញាធរ​តំបន់​ចាប់​កុមារ​មក​ធ្វើ​ទាហាន។

ផ្ទុយទៅ​វិញ ប្រទេស​ភូមា ដែល​រង​ការ​រិះគន់​ខ្លាំង​ កាលពី​ឆ្នាំកន្លង​ទៅ ចំពោះ​ទង្វើ​យក​ក្មេង​ទៅ​បំរើ​កងទ័ព ក៏​បាន​ឡើង​ចំណាត់​មួយ​កំរិត ព្រោះ​ប្រទេស​នេះ លែង​ចាប់​ក្មេង​ទៅ​ធ្វើ​ទាហាន​ទៀត​ហើយ។ តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល យល់​ថា​ ការ​ដក​ភូមា​និង​អ៊ីរ៉ាក់​ចេញ​ពី​បញ្ជី​ខ្មៅ ថា​ការ​ភូតភរ​ ស្ថានភាព​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​មិន​ប្រសើរ​ដូច​ការ​អះអាង​របស់​ក្រសួងការបរទេស​អាមេរិក​ឡើយ៕