អានតួអត្ថបទ

អំពើពុករលួយ ៖ ជំនិត​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ជាប់​ទោស​បី​ឆ្នាំ

នៅ​ថ្ងៃ​សុក្រ​ទី ២៣ មិថុនា ២០១៧ នេះ​ តុលាការ​បាន​សម្រេច​កាត់ទោស ស្ត្រី ឆយ ស៊ុនស៊ីល មនុស្ស​ជំនិត​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោកស្រី ប៉ាក់ គុនហេ ឱ្យ​ជាប់​ពន្ធនាគារ​ បី​ឆ្នាំ ពី​បទ​ពុក​រលួយ។ ដោយ​ហេតុ​តែ ​ឆយ ស៊ុនស៊ីល នេះ​ឯង​ ដែល​លោកស្រី ប៉ាក់ គុនហេ ត្រូវ​ជួប​រឿង​អាស្រូវ​ពុករលួយ​ថា្នក់​ជាតិ រហូត​ខ្ទាត​ចេញ​​អំណាច។

អ្នកស្រី Choi Soon-sil (កណ្តាល) ពេល​មក​ដល់​តុលាការ​ថ្ងៃទី ២៣​មិថុនា ២០១៧
អ្នកស្រី Choi Soon-sil (កណ្តាល) ពេល​មក​ដល់​តុលាការ​ថ្ងៃទី ២៣​មិថុនា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េខាង​ត្បូង ​​ ដាក់​ទោស​អ្នកស្រី ឆយ ស៊ុនស៊ីល ថ្ងៃ​នេះ គឺ​ជាការ​ប្រកាស​​ទោស​ដំបូងប៉ុណ្ណោះ ក្នុង​បទ​ល្មើសសូក​ប៉ាន់ ប្រពន្ធ​សាកលវិទ្យាធិការ​ដើម្បី​ឱ្យ​កូន​ស្រី បាន​ជាប់​ចូល​មហាវិទ្យាល័យ និង​មានមូលវិចារ​ល្អ​។ ប៉ុន្តែ​ទោស​សរុប​របស់​ឆយ ស៊ុនស៊ីល អាច​នឹង​ឡើង​រាប់​សិប​ឆ្នាំ នៅ​ពេល​ចប់​សវនាការ​ ក្នុង​សំណុំ​រឿង​ពុករលួយ​ជា​បន្ត​បន្ទាប់​ទៀត។

នៅ​ក្នុង​សំណុំរឿង​សូក​លុយ​​ចូល​រៀន​សាលា​ល្អ​នេះ សាកលវិទ្យាធិការ ត្រូវ​ជាប់​ពន្ធនាគារ ពីរ​ឆ្នាំ ១៨​ខែ​សម្រាប់​បុគ្គលិក​សកលវិទ្យាល័យ​​ម្នាក់ និងទោស​ក្រៅ​ឃុំ​ចំពោះ​សាស្ត្រាចារ្យ​ម្នាក់​​។ សម្រាប់​តុលាការ​ ទង្វើ​ប្រើ​​ឥទ្ធិពលរបស់​​អ្នក​ស្រី​ឆយស៊ុនស៊ីល ជា​​អំពើ​ពុក​រលួយ​ ដ៏ធ្ងន់ធ្ងរ ព្រោះ​នៅ​ក្នុង​សង្គម​កូរ៉េ យុវសិស្ស​ប្រឹង​រៀន​ស្ទើរ​ប្តូរ​ជីវិតដើម្បី​ប្រកួត​ប្រជែង​ចូល​មហាវិទ្យាល័យ។ ​

​អ្នកស្រី​ ឆយ ស៊ុនស៊ីល ដែល​គ្មាន​តួនាទី​ និង​តំណែង​អ្វី​ជា​ផ្លូវការ​ក្នុង​រដ្ឋាភិបាល​កូរ៉េខាង​ត្បូងទេ កំពុង​ជាប់​សង្ស័យ និងជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់​ក្តី ក្នុង​សំណុំ​រឿង​ពុក​រលួយ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ប្រើ​ឥទ្ធិពល​ជា​ជំនិតអតីត​ប្រធានាធិបតី ជាមួយ​ក្រុមហ៊ុន​សាំស៊ុង​កេង​ចំណេញ​​​ប្រាក់បាន​​រាប់សិប​​លាន​ដុល្លារ​។ សំណុំ​រឿង​ពុក​រលួយ​ដ៏​ធំ​ថ្នាក់​ជាតិនេះបាន​រុញ​ច្រាន​កូនប្រុស​ថៅកែ​ក្រុមហ៊ុន​ទូរស័ព្ទសាំស៊ុង ឱ្យ​ជាប់​ចោទ។ លោកស្រី ប៉ាក់ គុនហេ ​​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ពី​ថ្ងៃទី ២៥​កុម្ភៈ​២០១៣ បាត់​បង់​តំណែងទាំង​ស្រុងនៅ​ថ្ងៃទី ១០​មីនា ២០១៧ ​​ក៏​ព្រោះ​តែ​ជាប់​​អាស្រូវ​មន្ត​​អាគម​ជាមួយ​​ឆយ ស៊ុនស៊ីល ​ដែល​ក្រោយ​មក​​បាន​រាល​ដាល​ជា​រឿង​​ពុក​រលួយ​ និង​ការ​ប្រើ​ប្រាស់​អំណាច​ខុស​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ