rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាកាសចរណ៍ ចិន រុស្ស៊ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន និង​រុស្ស៊ី ត្រៀម ចូល​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក និង​អឺរ៉ុប

media
យន្តហោះ​ហោះហើរ​ចម្ងាយ​មធ្យម​របស់​រុស្ស៊ី MS-21របស់​ក្រុមហ៊ុន Irkutsk​ហោះហើរ​លើក​ដំបូង​នៅ​ថ្ងៃទី ២៨​ឧសភា​២០១៧ ©Courtesy of PR Department of Irkut Corporation

អ៊ែរប៊ូស Airbus របស់​អឺរ៉ុប និង​ប៊ូអ៊ីង Boeing របស់​អាមេរិក​នឹង​លែង​ជា​ក្រុមហ៊ុន​ផ្តាច់មុខ​ខាង​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ ទៀត​ហើយ។ អ្នកជំនាញ​ជាច្រើន​យល់ថា នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​ផលិត​យន្តហោះ​អ៊ឺរ៉ុប និង​អាមេរិក​នឹង​ជួប ប្រកួតប្រជែង​ជាមួយ ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​រុស្ស៊ី ដែល​កំពុង​ផលិត ប្រភេទ​យន្តហោះ​ធុនមធ្យម ដើម្បី​ប្រជែង​ជាមួយ​យន្តហោះ ប៊ូអ៊ីង 737MAX និង​អ៊ែរប៊ូស A321neo។


យន្តហោះ​ធុនមធ្យម​របស់​ចិន និង​រុស្ស៊ី មិន​បាន​បង្ហាញ​ខ្លួន នៅ​ក្នុង​ពិព័រណ៍​យន្តហោះ អន្តរជាតិ​បួរហ្សេ នៅ ឆ្នាំនេះ ពិតមែន ប៉ុន្តែ ម្ចាស់​របស់វា គឺ ក្រុមហ៊ុន​ចិន​Comac និង​ក្រុមហ៊ុន​Irkout របស់​រុស្ស៊ី ដែល​ជា​ក្រុមហ៊ុន​ថ្មីថ្មោង នៅក្នុង​ផ្នែក​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ មិន​បាន​លាក់​ទេ ពី​មហិច្ឆតា ចង់​ឲ្យ​យន្តហោះ ធុនមធ្យម របស់​ខ្លួន ប្រកួតប្រជែង ជាមួយ​យន្តហោះ​អឺរ៉ុប អ៊ែរប៊ូស A321neo និង​យន្តហោះ​អាមេរិក ប៊ូអ៊ីង 737​MAX។

 

បច្ចុប្បន្ននេះ ក្រុមហ៊ុន​រដ្ឋ​ចិន Comac កំពុង​ផលិត ធុន​មធ្យម C-919 និង​បាន​ដាក់​ឲ្យ​ហោះហើរ​ជាលើក​ដំបូង កាលពី​ថ្ងៃ​ទី ៥​ឧសភា​កន្លងទៅ។ អាច​ហោះហើរ​ក្នុង​រយៈចម្ងាយ​មធ្យម យន្តហោះ​របស់​ចិន អាច​ដឹក​អ្នកដំណើរ​បាន ១៦៨​នាក់។ រុស្ស៊ី​ឯណោះវិញ កំពុង​អភិវឌ្ឍ ផលិត​យន្តហោះ​ធុន​មធ្យម​ដែរ គឺ MC-21 ដែល​នឹង​ក្លាយ​ជា​គូប្រជែង​សំខាន់​មួយ​នៅ​ថ្ងៃ​អនាគត​របស់​យន្តហោះ​អ៊ែរប៊ូសA 321 និង​ប៊ូអ៊ីង737។

 

សម្រាប់​អ្នកជំនាញ ចិន និង​រុស្ស៊ី មិន​ឈប់​ត្រឹម​អភិវឌ្ឍ​យន្តហោះ​ចម្ងាយ​មធ្យម​នោះទេ។ ក្រុមហ៊ុន​ចិន Comac បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ដើម្បី​ផលិត​រួម​គ្នា យន្តហោះ​ធុនធំ មួយ​គ្រឿង ដែល​អាច​ដឹក​អ្នកដំណើរ ចំនួន ២៨០​នាក់។ យន្តហោះ​ចម្ងាយ​ឆ្ងាយ ដែល​មាន​តម្លៃ​ពី​១៣ ទៅ ២០​ពាន់​លាន​ដុល្លារ នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ យន្តហោះ ហោះហើរ ក្នុង​ចម្ងាយ​ឆ្ងាយ​របស់​ប៊ូអ៊ីង​787 និង​អ៊ែរប៊ូស A350។

 

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ចិន និង​រុស្ស៊ី មាន​សមត្ថភាព​ផលិត​យន្តហោះ​តូចៗ ដែល​ធានា​ការហោះហើរ​ជិតៗ នៅ​ក្នុង​ស្រុក​តែប៉ុណ្ណោះ។ យន្តហោះ​ធុនមធ្យម​របស់​ចិន និង​រុស្ស៊ី​ទៀតសោត នៅ​មិនទាន់​អាច​នាំ​ចេញ សម្រាប់​យក​ទៅលក់ នៅ​បរទេស ដោយសារ​តែ​វា​នៅ​មិនទាន់​បាន​ទទួល​ប័ណ្ណ​បញ្ជាក់ ពី​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក និង​អឺរ៉ុប។

 

សម្រាប់​អ្នកទទួល​ខុសត្រូវ​ធំៗ​របស់​ក្រុមហ៊ុន​ប៊ូអ៊ីង និង​អ៊ែរប៊ូស ការប្រកួតប្រជែង​ពី​ខាងក្រុមហ៊ុន​ចិន និង​រុស្ស៊ី គឺ​ជារឿង​ដែល​គេ​មិនអាច​មើល​រំលង ព្រោះថា ចិន​ជាពិសេស កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ផលិត​យន្តហោះ​ចម្ងាយមធ្យម ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ចិន​ផ្ទាល់​តែម្តង។ គេ​វាយតម្លៃថា នៅ​២០​ឆ្នាំ​ខាងមុខ ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​ធំជាង​គេ​នៅក្នុង​ពិភពលោក ដែល​ត្រូវការ​យន្តហោះ​ថ្មី ប្រមាណ ៦ពាន់​គ្រឿង និង​មាន​តម្លៃ ១ពាន់ ពាន់​លាន​ដុល្លារ៕