អានតួអត្ថបទ
ចិន

នៅ​​ចិន​​មាន​​គ្រាប់បែក​​ផ្ទុះ​​នៅ​​ពី​​មុ​ខ​​សាលារៀន​​មតេយ្យ​​មួយ​​​នៅ​​​ភាគ​​​ខាង​​កើត​​ប្រទេស​​

ហេតុការណ៍​​​​ផ្ទុះ​​គ្រាប់បែក​​​​មួយ​ បាន​​កើត​​ឡើង​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​១៥​​មិថុនា​​ម្សិលមិញ​​នៅ​​ចំ​​ពី​​មុខ​​សាលា​មតេយ្យ​​មួយ​​​នៅ​​ភាគ​ខាង​កើ​ត​​ប្រទេស​​ចិន​ ជា​​ហេតុ​​បណ្តាល​​ឲ្យ​​​​ស្លាប់​​មនុស្ស​​ចំនួន​​៨​នាក់​និង​រង​របួស​ជន​ចំនួន​៦៥​នាក់​ផ្សេង​ទៀត។ យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់ គ្រាប់​បែក​​ផ្ទុះ​នេះ ត្រូវ​បាន​ឆ្នៃប្រឌិត​​ឡើង​ដោយ​យុវជន​​មាន​ជម្ងឺ​សរសៃ​ប្រសាទ​ម្នាក់​​​ដែល​ត្រូវបាន​​ស្លាប់​​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នេះ​។ 

កងការពារសន្តិសុខ​ដាក់គ្នាពង្រាយ​នៅជុំវិញ​​បរិវេណ​នៃការផ្ទុះ​នៅ​​​ភាគខាងកើត​ប្រទេស​ចិន​
កងការពារសន្តិសុខ​ដាក់គ្នាពង្រាយ​នៅជុំវិញ​​បរិវេណ​នៃការផ្ទុះ​នៅ​​​ភាគខាងកើត​ប្រទេស​ចិន​ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

សម្ភារៈ​​ផ្ទុះ ​ត្រូវ​​បាន​គេ​រក​ឃើញ​នៅ​ក្នុង​លំនៅ​ស្ថាន​របស់​យុវជន​​​អាយុ​២២​ឆ្នាំ​ដែល​មាន​ជម្ងឹ​សសៃ​ប្រសាទ​នោះ​​-នេះ​ជា​ការ​គូស​បញ្ចាក់​របស់​អាជ្ញាធរ​នៅ​ក្រុង​តូច​មួយ​នៅ ​​Fengxian  ​ភាគ​ខាង​កើត​ប្រទេស​ចិន ដែល​​​ជា​កន្លែង​​កើត​​សោកនាដកម្ម​។ 

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន​វិញ  បាន​ជូន​ដំណឹងប្រាប់​​ថា ការ​ផ្ទុះ​នេះ ​បង្ក​ឡើង​ដោយ​​បំពង់​ឧស្ម័ន​មួយ​ដែល​​ប្រើ​ប្រាស់​​ដោយ​​អ្នក​​លក់​​ម្ហូប​អាហារ​​មួយ​​កន្លែង​​នៅ​តាម​ដង​ផ្លូវ​ ។ ​

សាព័ត៌មានចិន ជាច្រើន ក៏​ ​បាន​ផ្សព្វផ្សាយដែរ នូវ​​រូបភាព​នានា​​ បង្ហាញ​​ពី​​ជន​រងគ្រោះ​ជា​​ច្រើន​​​នៅ​​​ដេក​រណូក​រណែល​​លើ​ដី ​​ក្រោយ​ការ​ផ្ទុះ​ ហើយ​ក្នុង​ចំណោម​នោះ ជន​រងគ្រោះ​ខ្លះៗ សន្លប់​ឥត​ដឹង​ខ្លួន ឬ​ ​ក៏​មាន​សម្លៀក​បំពាក់​រហែក​រយ៉ៃ​។ រូបភាព​មួយ​ទៀត បង្ហាញ​​ពី​ស្ត្រីម្នាក់ ដែល​​​អង្គុយ​ឧប​រឹត​កូន​ស្រី​តូច​របស់​គាត់​នៅ​ក្នុង​ដៃទាំងពីរ​ យំស្រែក​ទាំងម៉ែទាំង​កូន​ដោយ​ការ​ភ័យ​ស្លន់​ស្លោរ​។​​​​

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​ប៉ូលីស​ចិន ​ដោយ​មាន​ពាក់​ស្រោម​ប្លាស្ទីក​ពណ៌​ខៀវដើម្បី​​ការពារ​ពី​លើ​ស្បែកជើង​របស់​ខ្លួន បាន​បើក​អង្កេត​ស្រាវជ្រាវ​នៅ​លើ​កន្លែង​ផ្ទុះដែលស្ថិត​នៅ​ពី​មុខ​សាលា​រៀន​​​មតិយ្យ​។ សាក្សី​ម្នាក់​ដែល​រស់​នៅ​ក្នុង​តំបន់ បាន​រៀបរាប់​ប្រាប់​ដល់​ទីភ្នាក់ងារ​សាព័ត៌មាន​បារាំង AFP​ថា នៅ​សាលាមតិយ្យ​នេះ កូន​ក្មេងៗ​ដែល​​ចុះ​ឈ្មោះ​ចូល​រៀន មាន​ចំនួន​រាប់​រយ​នាក់។

រីឯ​ជន​រងគ្រោះ​ស្លាប់​វិញ ភាគ​ច្រើន គឺ​ជា​បណ្តា​​ជន​​ដែល​​មក​​រង់​ចាំ​ទទួល​យក​កូនៗ​របស់​ពួក​គេ​​នៅ​ពេល​ចេញ​ពី​លាលារៀន។​

អាជ្ញាធរ​នៅ​ក្នុង​តំបន់វិញ បាន​អះអាង​បញ្ជាក់​ថា  ជា​សំណាង​ល្អ​កូន​សិស្ស​និង​គ្រូ​បង្រៀន​នៅ​ក្នុង​ពេល​ផ្ទុះ​គ្រាប់​នោះ​​ ស្ថិត​នៅ​ក្នុង​ថ្នាក់​រៀន​ទាំង​អស់ ដូច្នេះ​ ហើយ​បាន​ជា​​​​ពុំ​មាន​អ្នក​ណា​ម្នាក់ ​រង​គ្រោះថ្នាក់​ទេ។​

ក្រោយពី​ឧប្បត្តិហេតុ​នេះ​មក រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​​ចិន បាន​ចេញ​បញ្ជា​ឲ្យ​បើក​ការ​អង្កេត​​ជា​បន្ទាន់​មួយ ​​ដើម្បី​​រក​មូលហេតុ​​នៃ​សោកនាដកម្ម ​និង​តម្រូវ​​ឲ្យ​មាន​ការ​ពង្រឹងការ​​ត្រួតពិនិត្យ​​យ៉ាង​​ម័តធ្យ័ត​ជាទីបំផុត​​នៅ​គ្រប់​​ទីកន្លែង​ណា​​ដែល​ប្រកប​ដោយ​ហារនិភ័យ​ខ្ពស់​និង​​ជាពិសេស​នៅ​ទីន្លែង​ដែល​មាន​ប្រជាជន​យ៉ាង​កុះករ៕​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ