rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សិង្ហបុរី នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជម្លោះ​ផ្ទៃក្នុង​រវាង​បងប្អូន ត្រកូល​លី បែកសាយ​កាន់​តែ​ធំ នៅ​សិង្ហបុរី

media
លោក​លី ក្វាន់យូ កាលនៅ​រស់ អម​ដោយ​កូនប្រុសស្រី និង​ចៅៗ ©REUTERS/David Loh/File Photo

ជម្លោះ​ពាក្យសំដី​រវាង​បងប្អូន នាយករដ្ឋមន្រ្តី​សិង្ហបុរី​កាន់តែ​រីកធំ ជាសាធារណៈ។ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​រិះគន់​នាយករដ្ឋមន្រ្តី​លី សៀនឡុង ដែល​ជា​បងប្រុស លោក​លី សៀនយ៉ាង ដែល​ជា​កូនប្រុស​ទី​២​របស់​ស្ថាបនិក សិង្ហបុរី លោក​លី ក្វាន់យូ បាន​ចេញមុខ​ទាមទារ​ឲ្យ​ត្រកូល​លី ជំនាន់​ទី៣ ដកខ្លួន​ចេញ​ពី​នយោបាយ។


អស់ពី​ឪពុកម្តាយ បងប្អូន​នឹង​ងាយ​ឈ្លោះ​គ្នា​ដណ្តើម​ទ្រព្យសម្បត្តិ កេរ្តិ៍​ពី​ឪពុកម្តាយ។ រឿងនេះ កើតមាន​ជាទូទៅ មិនថា ចំពោះ អ្នកមាន អ្នកក្រ អ្នកជំនួញ ឬ​អ្នកនយោបាយ។ យ៉ាងណាមិញ នៅ​សិង្ហបុរី គ្រួសារ​ត្រកូល​លី ដែល​ដឹកនាំ​ប្រទេស ពីរ​ជំនាន់​មកហើយ កំពុង​ត្រូវ​ហែកហួរ​ដោយ​ជម្លោះ​បងប្អូន រវាង​លោក​នាយករដ្ឋមន្រ្តី លី សៀនឡុង ហើយ​និង​ប្អូនប្រុសស្រី ដែល​ទាំងអស់​គ្នា ជា​កូនៗ​របស់​សព ស្ថាបនិក សិង្ហបុរី លោក​លី ក្វាន់យូ។

 
នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោក​លី សៀនយ៉ាង កូនប្រុស​ទី២ របស់​លោក​លី ក្វាន់យូ បាន​ចេញមុខ​ទាមទារ​ឲ្យ​ត្រកូល​លី បញ្ចប់​មហិច្ឆតា​ធ្វើ​នយោបាយ​នៅ​ត្រឹម​ជំនាន់​ទី២។ កូនប្រុស​ទី២​របស់លោក​លី ក្វាន់យូ​ទាមទារ​យ៉ាងដូច្នេះ ដោយ​បារម្ភ​ខ្លាច​ថា លោក​នាយករដ្ឋមន្រ្តី​លី សៀនឡុង ដែល​ជា​បងប្រុស កំពុង​រៀបចំ​ផែនការ​ដើម្បី លើក​កូនប្រុស​ឲ្យ​កាន់តំណែង​បន្ត​ពីខ្លួន ទៅ​ថ្ងៃ​អនាគត។
 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួមគ្នា កម្រាស​៦​ទំព័រ ប្អូនប្រុស​ស្រី​របស់​លោក​នាយករដ្ឋមន្រ្តី លី សៀនឡុង បាន​ចោទ​លោក​លី សៀនឡុង​ថា​បាន​រំលោភអំណាច និង​កេងយក​ចំណេញ​ពី​វីរភាព​របស់​ឪពុក គឺ​លោក​លី ក្វាន់យូ ស្ថាបនិក​របស់​សិង្ហបុរី ដើម្បី​ពង្រឹង អំណាច​នយោបាយ​ផ្ទាល់ខ្លួន។ ប្អូនប្រុស​ស្រី របស់​លោក​នាយករដ្ឋមន្រ្តី​បាននិយាយ​ថា ពួកគេ​លែង​មាន​ជំនឿ​ទុកចិត្ត​លើ​លោក​លី សៀនឡុង ក្នុង​នាម​ជា​បងប្រុស និង​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស។ “ផលប្រយោជន៍​ប្រទេស​ត្រូវ​តែ​ធំជាង​គ្រួសារ » លោក​លី សៀនយ៉ាង​បាន​សរសេរ​បញ្ជាក់​យ៉ាងដូច្នេះ ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
 
ជម្លោះ​ដើមចម​រវាង​បងប្អូន​ត្រកូល​លី ចាប់ផ្តើម​ចេញ​មក​ពី​ការខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​គេហដ្ឋាន​របស់​ឪពុកម្តាយ។ នៅមុន​ចែកឋាន មេដឹកនាំ​ដ៏​ជោគជ័យ​របស់​សិង្ហបុរី លោក​លី ក្វាន់យូ​ប្រាថ្នា​ចង់​ឲ្យ​គេ​វាយបំផ្លាញចោល​ផ្ទះ​របស់លោក ដើម្បី​កុំ​ឲ្យ​គេ​យកទៅ​ធ្វើ​ជា​សារមន្ទីរ ជា​កន្លែង​ដែល​គេ​អាច​កេងចំណេញ​យក​ប្រយោជន៍​ពី​ស្នាដៃ​របស់​លោក។ នៅក្រោយ​មរណភាព​របស់​ឪពុក នៅ​ឆ្នាំ ២០១៥ ប្អូនទាំងពីរ​របស់លោក​នាយករដ្ឋមន្រ្តី​លី សៀនឡុង​បាន​យល់ស្រប ប៉ុន្តែ លោក​នាយករដ្ឋមន្រ្តី លី សៀនឡុង វិញ ប្រឆាំង និង​ចង់​ទុក​គេហដ្ឋាន​របស់​លោក​លី ក្វាន់យូរ​សម្រាប់​រស់នៅ​ជាមួយ​គ្រួសារ​របស់លោក។
 
លោក​លី សៀនឡុង ដែល​កំពុង​ស្ថិតនៅ​បរទេស​បាន​ប្រតិកម្ម​ទៅ​នឹង​ការចោទប្រកាន់​របស់​ប្អូនប្រុសស្រី និង​សោកស្តាយ ដែល​ជម្លោះ​ក្នុង​ក្រុមគ្រួសារ​បាន​បែកធ្លាយ​ជា​សាធារណៈ។ តាម​អ្នកជំនាញ​ជាច្រើន រឿងអាស្រូវ ជម្លោះ​រវាង​បងប្អូន​របស់​នាយករដ្ឋមន្រ្តី​លី សៀនឡុង នឹង​មិនប៉ះពាល់​ដល់​នយោបាយ​របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​លី សៀនឡុង​ទេ ប៉ុន្តែ វា​អាច​ប៉ះពាល់ ដល់​រូបភាព ជា​គំរូ នៃត្រកូល​លី ដែល​កសាង​ឡើង​ដោយ​បិតា សិង្ហបុរី លី ក្វាន់យូ៕