rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យន្តហោះ​យោធា​ភូមា​ធ្លាក់​បាត់​ជាមួយ​អ្នក​ដំណើរ​ជាង​១០០​នាក់

media
យន្តហោះ​ដឹកអ្នក​ដំណើរ​ជា​យោធា​និង​គ្រួសារ​ជាង​១០០​នាក់​ធ្លាក់​បាត់​ក្នុងសមុទ្ទ​អង់ដាម៉ង់ le-cartographe.net

យន្តហោះ​យោធា​ភូមាមួយ​គ្រឿង​ ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​ជា​ទាហាន​និង​ក្រុមគ្រួសារ​ទាហាន​ប្រមាណ​១០៦​នាក់ បាន​ធ្លាក់​បាត់​ពី​កញ្ចក់​រ៉ាដា នៅ​រសៀល​ថ្ងៃពុធ​ ទី ៧​មិថុនា​ម្សិលមិញ។ បំណែក​យន្តហោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅពេលល្ងាច​នៅ​ក្នុង​សមុទ្ទ អង់ដាម៉ង់ ​ចម្ងាយ​ប្រមាណ​២១៨​គីឡូម៉ែត្រ​ ពី​ក្រុង​ដាវៃ​ ភាគ​និរតី​នៃ​ប្រទេស។ ប្រភព​អាកាសយាន​ដា្ឋន​ភូមា​មាន​សង្ឃឹម​តិច​ណាស់​ក្នុងគ្រោះថ្នាក់​នេះ។


ប្រមុខ​យោធា​ភូមា​បាន​ផ្តល់​ព័ត៌មាន​តាំង​ពីយប់ តាម​រយៈ​ទំព័រហ្វេសប៊ូក ថា យន្តហោះ​យោធា ដែល​ធ្វើ​ដំណើរ​ពី​ ភាគ​ខាង​ត្បូង​ប្រទេស​ឆ្ពោះ​ទៅ​ក្រុង​រ៉ង់ហ្កូន បាន​បាត់​ដំណឹង​ភ្លាម​រំពេច ក្រោយ​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន បាន​បន្តិច។

យន្តហោះ​នេះ មាន​ផ្ទុក​អ្នក​ដំណើរ​ជា​ទាហាន​និង​ក្រុម​គ្រួសារ​របស់​ទាហាន ចំនួន ១០៦​នាក់ ព្រម​ទាំង​អ្នក​ធ្វើការ​ក្នុង​យន្តហោះ​១៤​នាក់​ទៀត។ ព្រោះ​ជា​ធម្មតា​ យន្តហោះ​នេះ​តែង​ធ្វើ​ការ​ដឹកជញ្ជូន​អ្នក​ដំណើរ​ជា​ទាហាន​ពីរ​ជើង​ក្នុង​មួយខែ ពីមូលដ្ឋាន​យោធា នៅ​​ក្រុង​Myeik ភាគ​ខាង​ត្បូង​ប្រទេស សំដៅ​ទៅក្រុង​សេដ្ឋកិច្ច​រ៉ង់ហ្គូន។
 
បើ​តាម​ប្រភពអាកាសចរណ៍​យោធា គ្រោះថ្នាក់​នេះ​ទំនង​ជាបណ្តាល​មក​ពី​បញ្ហា​បច្ចេកទេសច្រើន​ជាង​បញ្ហា​អាកាសធាតុ។ ថ្វី​បើ​អំណាច​នយោបាយ​ស្ថិត​ក្រោម​កណ្តាប់​ដៃ​យោធា​មែន ​ប៉ុន្តែ ​ការ​ថែទាំ សម្ភារៈ​យោធា​ នៅ​ក្នុង​ប្រទេសដ៏​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី​នេះ នៅ​មាន​កំរិត​បំផុត។ ហើយ​វា​មិន​មែន​ជា​ករណី​កម្រ​ឡើយ ដែល​ភូមា​បាន​ជួប​គ្រោះ​ថ្នាក់​លើ​ផ្ទៃអាកាស​នោះ។ កាលពី​ខែ​មិថុន ២០១៦ ឆ្នាំ​ទៅ​ ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​បាន​ធ្លាក់ ស្លាប់​មនុស្ស​អស់​បី​នាក់ ដោយ​ហេតុ​តែ​មាន​អាកាសធាតុ​មិន​សូវ​ល្អ​បន្តិច។ នៅ​ដើម​ឆ្នាំ​២០១៦ យោធា​៥​នាក់ បាន​បាត់​បង់​ជីវិត ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​ នៅ​ក្បែ​រដ្ឋធានី​រដ្ឋបាល ណៃពិដោ។
 
គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​ថា​លើ​គោក​លើ​ទឹក​ កើត​មាន​ជាញឹកញយ​នៅភូមា។ កាលពី​ខែ​មេសា មាន​មនុស្ស​យ៉ាង​ណាស់ ៣០​នាក់​បាន​ស្លាប់​ ក្នុង​គ្រោះ​បុក​គ្នា​ពេល​យប់​រវាង​នាវា​​ដឹកអ្នក​ដំណើរ​និង​នាវា​ដឹក​ជំនិញ នៅ​តំបន់​រ៉ងហ្គូន។ គ្រោះ​លិច​ទូក​ស្លាប់​ក៏មាន​កាន់​តែ​ច្រើន​ទៀត។ ហើយ​បើ​និយាយ​អំពី​គ្រោះ​ធ្លាក់​យន្តហោះ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង ចុងក្រោយ​គេ គឺ​នៅ​ខែ​សីហា​ឆ្នាំ​១៩៩៨ កាលណោះ​ក្រុមហ៊ុន​អាកាសចរណ៍​មីយ៉ាន់ម៉ាអ៊ែរវេស៍ ដឹកអ្នក​ដំណើរ​៣៩​នាក់ ធ្លាក់​បាត់​អស់​បួន​ថ្ងៃ​ទើប​រក​ឃើញ៕