អានតួអត្ថបទ
អូស្រាលី

របាយការណ៍៖ ពិភពលោក​ មាន​សន្តិភាព​ល្អប្រសើរ​ជាង​ឆ្នាំ ២០១៥

សន្តិភាព​នៅក្នុង​ពិភពលោក​បាន​ល្អប្រសើរ គ្រាន់បើ ជាងឆ្នាំ​២០១៥។ នេះ​បើតាម​របាយការណ៍​មួយ​​ឈ្មោះ​ថា សន្ទស្សន៍​សន្តិភាព​សកល ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​វិទ្យាស្ថាន ដើម្បី​សេដ្ឋកិច្ច និង​សន្តិភាព។ យោងតាម​វិទ្យាស្ថាន​ដើម្បី​សេដ្ឋកិច្ច និង​សន្តិភាព ដែល​សិក្សា​ទៅលើ​សន្តិភាព នៅ​ពេញ​មួយឆ្នាំ ២០១៦ សន្តិភាព​បាន​កើន ល្អ​ប្រសើរ​មួយ​កម្រិត​តូច ប្រមាណ ០,២៨ភាគរយ។

អាហ្វ្រិក​ខាងជើង​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​តំបន់​ដែល​មាន​សន្តិភាព​តិចជាង​គេ​បំផុត​ជាមួយ​តំបន់​ដើមបូព៌ា
អាហ្វ្រិក​ខាងជើង​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​តំបន់​ដែល​មាន​សន្តិភាព​តិចជាង​គេ​បំផុត​ជាមួយ​តំបន់​ដើមបូព៌ា RFI
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន​ដើម្បី​សេដ្ឋកិច្ច និង​សន្តិភាព ពិភពលោក​នៅ​ឆ្នាំ ២០១៦ បាន​ជួប​សន្តិភាព​ច្រើន​ជាង​ឆ្នាំ២០១៥ ដោយសារ​ចំនួន​នៃ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​រដ្ឋអំណាច ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស ហើយ​និង​ការធ្វើ​ទារុណកម្ម​នៅក្នុង​ពិភពលោក ​បាន​ថយចុះ​បន្តិច បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន។ ឆ្នាំនេះ​ជាឆ្នាំ​លើកដំបូង ចាប់តាំង​ពី​មាន​ផ្ទុះសង្រ្គាម​នៅ​ស៊ីរី ដែល​សន្តិភាព​ក្នុង​ពិភពលោក​បាន​ចាប់ល្អ​ប្រសើរ​ឡើងវិញ។

 
អ៊ីស្លង់ ជាប់ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ល្អ​បំផុត​លើ​លោក នាំមុខ​ប្រទេស​នូវែលហ្សេឡង់ ព័រទុយហ្កាល អូទ្រីស ហើយ​និង​ដាណាម៉ាក។ ចំណែក ស៊ីរី ត្រូវ​បាន​ចាត់ចូល​ក្នុង​ក្រុមប្រទេស​ដែល​មាន​សន្តិភាព​អាក្រក់​បំផុត ក្នុង​លោក ដូចជា​ប្រទេស​អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន យេម៉ែន និង​ស៊ូដង់​ខាងត្បូង។ តំបន់​ដើមបូព៌ា និង​អាហ្វ្រិក​ខាងជើង ជាប់ចំណាត់ថ្នាក់​ជា​តំបន់​ដែល​មាន​សន្តិភាព​តិចបំផុត​ក្នុង​លោក។ អឺរ៉ុប​វិញ បើទោះបី​ជា​មាន​ប្រទេស​មួយចំនួន ដូចជា​បារាំង អាល្លឺម៉ង់ និង​បែលហ្ស៊ិក​បាន​រងការវាយប្រហារ​ដោយ​ក្រុមភេរវនិយម នៅ​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់ ល្អ ក្នុង​នាម​ជា​តំបន់​ដែល​មាន​សុខ​សន្តិភាព​ល្អ​ដាច់គេ។

អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​មួយទៀត នៅក្នុង​របាយការណ៍ គឺ​សន្តិភាព​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សំគាល់​នៅ​តំបន់​អាមេរិកខាងត្បូង ជាទី​ដែល​អំពើ​ហិង្សា​បាន​ថយចុះ និង​ការរីកចម្រើន​ខាងផ្នែក​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​សង្គម។ អ្នកសរសេរ​របាយការណ៍​នៅ​ក្រុង​ស៊ីដនី ផ្ទុយទៅវិញ មិន​បាន​ផ្តល់​ពិន្ទុ​ល្អ​ដល់​តំបន់ អាមេរិក​ខាងជើង ជាពិសេស​គឺ​សហរដ្ឋអាមេរិក នោះទេ។ តាម​របាយការណ៍ សុខសន្តិភាព​នៅ ក្នុង​ទឹកដី​អាមេរិក​បាន​ធ្លាក់​ចុះ​អាក្រក់ ជាងមុន ដោយសារ​តែ​មាន​ការកើនឡើង​នៃ​ជម្លោះ​ផ្ទៃក្នុង ហើយ​កម្រិតយល់​ដឹង​របស់​ប្រជាជន​អាមេរិកាំង​ទៅលើ​បទឧក្រិដ្ឋ​ដែល​កើតឡើង​ក្នុង​សង្គម។

សន្តិភាព​បាន​ល្អប្រសើរ​បន្តិច ប៉ុន្តែ គេ​ក៏​មិន​ត្រូវ​អរ​ពេក​នោះដែរ ព្រោះថា សន្តិភាព​នៅក្នុង​ពិភពលោក នៅ​តែ​អាក្រក់ គឺ​បាន​ធ្លាក់​ថយ​ចុះអាក្រក់​ប្រមាណ ២,៤ភាគរយ បើប្រៀបធៀប​ទៅ​នឹង​កាល​ពី​១០​ឆ្នាំមុន។ ទៅតាម​របាយការណ៍​ដដែល អំពើ​ហិង្សា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ប្រមាណ ១៤,៣ ពាន់ ពាន់​លាន​(Trillion) ដុល្លារ ស្មើ​នឹង​១២,៦ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​របស់​ពិភពលោក ឬ​១៩៥៣​ដុល្លារ ក្នុង​មនុស្ស​ម្នាក់ៗ។ យ៉ាងណាក៏ដោយ ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​អំពើ​ហិង្សា​បាន​ថយចុះ បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ក្នុង​មូលហេតុ​ថា ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​អំពើ​ភេរវកម្ម​បាន​ថយចុះ​ជាងមុន។ លើសពីនោះ ការចំណាយ​ទៅលើ​ការក្សា​សន្តិភាព ក្នុង​ពិភពលោក ទៅលើ​ការរក្សា​សន្តិសុខ​ផ្ទៃក្នុង ហើយ​និង​ការខាត់បង់​ដោយសារ​អំពើឧក្រិដ្ឋកម្ម​ក៏​បាន​ថយចុះ​ផងដែរ។ សង្រ្គាមវិញ បាន​ធ្វើ​ឲ្យ​ពិភពលោក​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ ១,៤ពាន់ ពាន់​លាន​ដុល្លារ គឺ​តិចជាង​១០​នៃការខាតបង់​ដោយសារ​អំពើហិង្សា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ