អានតួអត្ថបទ
ចិន-អាមេរិក

ចិន និង​អាមេរិក​បាន​ប្រឈមមុខ​ដាក់​គ្នា​ជា​ថ្មី​នៅ​សមុទ្រចិន​ខាងត្បូង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ឧសភា​នេះ នាវាចម្បាំង​​នៃ​កងទ័ពជើងទឹកចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​បាន​ចេញ​ប្រតិបត្តិការ​ព្រមាន​វត្តមាន​នាវាចម្បាំង​នៃ​កងទ័ពជើងទឹកអាមេរិក​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ប្រតិកម្ម​ព្រមាន​ភ្លាមៗ​របស់​នាវាចម្បាំង​ចិន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាវាចម្បាំងអាមេរិក​បាន​បរចូល​ក្បែរ​ទីប្រជុំកោះសិប្បនិម្មិត​របស់​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ចំណែក​នៅ​ចិន​ឯណោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​វត្តមាន​នាវាចម្បាំង​របស់​អាមេរិក​នេះ​ដែរ។

ចិន និង​អាមេរិក​បាន​ប្រឈមមុខ​ដាក់​គ្នា​ជា​ថ្មី​នៅ​សមុទ្រចិន​ខាងត្បូង
ចិន និង​អាមេរិក​បាន​ប្រឈមមុខ​ដាក់​គ្នា​ជា​ថ្មី​នៅ​សមុទ្រចិន​ខាងត្បូង Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​មិនមែន​ជា​លើក​ចុងក្រោយ​ដែរ​ដែល​នាវាចម្បាំង​អាមេរិក​បាន​ធ្វើ​ចរាចរណ៍​ចូល​ក្បែរ​ទីប្រជុំកោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​ឡើង​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ វត្តមាន​នាវាចម្បាំង​អាមេរិក​នៅ​ក្បែរ​ទីប្រជុំកោះ​សិប្បនិម្មិត​ចិន​ពេល​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អាមេរិក តែ​អ្នក​ទទួល​ខុសត្រូវ​អាមេរិក​ម្នាក់​បាន​បញ្ជាក់​ថា បេសកកម្ម​របស់​នាវាចម្បាំង​អាមេរិក​នៅ​ក្នុង​តំបន់​មិនមែន​សំដៅ​គំរាម ឬ​ប្រឆាំង​អ្នក​ណា​ទេ តែ​គ្រាន់​ចង់​បង្ហាញ​ពី​សេរីភាព​ធ្វើ​ចរារណ៍​នៅ​ក្នុង​ដែនសមុទ្រ​អន្តរជាតិ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ប្រទេស​ណា​មួយ​ឡើយ។

នេះ​ជា​លើកទី១​តាំង​ពី​លោក​ដូណាល់ ត្រាំ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ដែល​មាន​នាវាចម្បាំង​អាមេរិក​បាន​បរចូល​ក្បែរ​ទីប្រជុំកោះ​សិប្បនិម្មិត​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង។ រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ចាត់​ទុក​ទីប្រជុំកោះ​សិប្បនិម្មិត​របស់​ចិន​ថា​ជា​រឿង​ខុសច្បាប់។ ខុសច្បាប់​ព្រោះ​ចិន​សាសង់​ឡើង​នៅ​លើ​ដែនទឹក​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ និង​ក៏​ដូច​ជា​សព្វ​មួយ​ដង ចិន​បាន​ប្រតិកម្ម​ភ្លាមៗ​តប​នឹង​វត្តមាន​នាវាចម្បាំង​អាមេរិក​នៅ​ក្នុង​តំបន់។

កងនាវាចម្បាំង​របស់​ចិន​ប្រចាំ​តំបន់​បាន​ចេញ​ប្រតិបត្តិការ​ព្រមាន​នាវាចម្បាំង​អាមេរិក ហើយ​នៅ​ក្នុង​ប្រទេស​ចិន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ក៏​បាន​ចេញ​មុខ​បរិហារ និង​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អាមេរិក។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​អំពាវនាវ​រដ្ឋបាល​អាមេរិក​ឲ្យ​បញ្ឈប់​ការ​ល្បាត​នាវាចម្បាំង​នៅ​ក្នុង​តំបន់ និង​ព្រមាន​ថា ទង្វើ​របៀប​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ផ្លូវសមុទ្រ និង​ផ្លូវអាកាស។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ចិន​បាន​ចាត់​ទុក​ដែនដី​សឹង​ទាំង​ស្រុង​នៅ​សមុទ្រចិន​ខាង​ត្បូង​ជា​កម្មសិទ្ធិ​របស់​ខ្លួន និង​បាន​ធ្វើ​ការ​សាងសង់​កោះ​សិប្បនិម្មិត​ជា​ច្រើន ព្រម​ទាំង​ដាក់​តាំង​មូលដ្ឋាន​យោធា​នៅ​ទីនោះ។ ទង្វើ​របស់​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ក្តៅ​ក្រហាយ ហើយ​អាមេរិក​បាន​ចូល​លូកដៃ​ជួយ​គាំទ្រ​ដោយ​ស្នើ​ឲ្យ​ចិន​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ