អានតួអត្ថបទ

Moody’s ទម្លាក់​​ចំណាត់​ថ្នាក់​​ចិន ជា​លើក​ទី​មួយ​

មិន​ធ្លាប់​ដែល​មាន​ទេ គិត​ចាប់​តាំង​ពី ២៨​ឆ្នាំ​មក ដែលចិន​បាន​ជួប​ហេតុការណ៍​បែប​​នេះ ! ​​​ទីភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​ Moody’s បាន​សម្រេច នៅ​ថ្ងៃពុធនេះ បញ្ចុះ​ចំណាត់​ថ្នាក់​ចិន​ មួយ​កំរិត ដោយ​ពន្យល់​ថា មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ហានិភ័យ មាន​​ប្រាក់​បំណុល​ជាតិប៉ោង​ឡើងខ្ពស់​ខ្លាំង ឥត​ឈប់ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​Moody's ទម្លាក់​ចំណាត់​ថ្នាក់​ចិន
ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​Moody's ទម្លាក់​ចំណាត់​ថ្នាក់​ចិន REUTERS/Mike Segar/Files
ផ្សាយពាណិជ្ជកម្ម

បញ្ចុះ​ចំណាត់​ថ្នាក់​ចិន​ពី Aa3 ទៅ​ A1 ហើយ​ទស្សនៈវិស័យក៏​នឹង​មិន​បាន​ប្រសើរ​ឡើង​ទៀត ! បើ​តាម​​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ ភាព​រឹង​មាំ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចិន អាច​នឹង​ត្រូវ​រង្គោះរង្គើ​នៅ​រវាង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ បរិមាណ​សរុប​នៃ​ប្រាក់​បំណុល​ជាតិ​នឹង​បន្ត​ប៉ោង​ឡើង​ឥតឈប់ ឯ​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​បែរ​ជា​បន្ថយ​ល្បឿន។

នៅ​ឆ្នាំ​មុន ចិន​មាន​បំណុល​សរុប​​ប្រមាណ​២៥៦%​នៃ​ផលិតផលដុល​​ក្នុង​ស្រុក។​ ចិន​មាន​បំណុល​នៅ​បរទេស​ប្រមាណ​តែ​១២%។ ប៉ុន្តែ​​​បំណុល​សាធារណៈ​វិញ អាច​ឡើង​ដល់​៤៥%​នៃផលិតផល​សរុប​ក្នុង​ស្រុក នៅ​ចុង​ទសវត្ស។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​Moody's ដែល​ផ្តោត​ការ​ព្រួយ​បារម្ភ​ជាពិសេស​ទៅ​លើ​បំណុល​ក្រុមហ៊ុន​រដ្ឋ។ ថ្វី​បើ​ចិន​បាន​បង្ហាញ​ឆន្ទៈ​ធ្វើ​កំណែទម្រង់​វិស័យ​សាធារណៈ​មែន​ ប៉ុន្តែ​ការ​ប្រឹង​ប្រែង​នោះ មិនគ្រប់គ្រាន់​​សម្រាប់​ទប់ចម្រោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុមិន​ឱ្យ​រង្គើ​បាន​ឡើយ។

ម្យ៉ាង​វិញ​ទៀត កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​២០១៦​មាន​ត្រឹម​តែ ៦,៧% គឺ​ទាប​បំផុត​មិន​ធ្លាប់​ទេ​។ ដោយ​ហេតុ​តែ​ប្រជាពលរដ្ឋ ​ចាស់ សកម្មភាព​វិនិយោគនិង​ផលិតកម្ម​​ក៏​ថយ​ ​ បើ​តាម​Moody’s ចិន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​ប្រមាណ​៥% នៅរវាង​​៥​ឆ្នាំ​ខាង​មុខ ពោល​គឺ​ទាប​ជាង​ផែនការ​ របស់​រដ្ឋាភិបាល ដែល​​​កំណត់ឱ្យ​មាន​កំណើន​ជា​មធ្យម​៦,៥% សម្រាប់​រយៈ​ពេល ២០១៦-២០២០។

SP Global Ratings ភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​មួយទៀត ដែល​​គ្រោង​បញ្ចុះ​ចំណាត់​ចិន​ដែរ​កាលពីខែ​មីនា​​២០១៦ តែ​ទុក​ពេល​​​២៤​ខែ ក៏​សង្កេត​ឃើញ​កំណែទម្រង់​គំរូ​សេដ្ឋកិច្ច​ចិន​មាន​ភាព​យឺត​យ៉ាវ​ជាង​ការ​គ្រោង​ទុក​ដែរ។ ទី​ភ្នាក់ងារ Fitch ​វិញ សម្គាល់​ថា​ទស្សនៈវិស័យ​​សេដ្ឋកិច្ច​ចិន​មាន​ការ​វិវឌ្ឍន៍​កំរិត ស្មើ។

តាំង​ពី​ឆ្នាំ​១៩៨៩​មក​ Moody’s មិន​ដែល​បញ្ចុះ​ចំណាត់​ថ្នាក់​ចិន​ឡើយ​ ! ដំណឹង​ថ្ងៃ​នេះ បាន​ ​ប៉ះពាល់​​បន្តិច​​ដល់​ទីផ្សារ​ភាគ​ហ៊ុន​និង​លុយ​យ័ន នៅ​ពេល​ព្រឹក និង​ត្រូវ​បាន​ភាគី​ចិន​ច្រាន​ចោល​ទាំង​ស្រុង។ សម្រាប់​ក្រសួង​ហិរញ្ញវត្ថុ​ចិន ទីភ្នាក់ងារ​បាន​ប្រើ​វិធីសាស្ត្រ​វាយតម្លៃ​​មិន​សម​ស្រប ហើយ​មិន​ស្រាល​ភាព​លំបាក​ដែល​ប្រទេស​កំពុង​ឆ្លង​កាត់ និង​មើល​ស្រាល​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កំណែទម្រង់​របស់​ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ